ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជីវករ​ផ្សារ​សាមគ្គី ក្រុង​កំពត​

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយនឹង​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

​ការចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​នាពេលនោះ ត្រូវ​ទទួលបាន​ការស្វាគមន៍​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី​ដោយ​ក្តី​គោរព​ស្រឡាញ់​។  ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​បាន​បញ្ជាក់ថា នៅក្នុង​ឱកាស​នៃ​ដំណើរ​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​នាឱកាស​នេះ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ដើម្បី​ស្វែងយល់​ពី​សំណូមពរ តម្រូវការ​របស់​អាជីវ​ករ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត​តែប៉ុណ្ណោះ ក្នុង​គោលបំណង​ដើម្បី​បានជា​មូលដ្ឋាន​រួម សម្រាប់ធ្វើ​ការដោះស្រាយ​ឱ្យបាន​សម្រេច​នៅពេល​ក្រោយ​បន្តទៀត​។

​ក្នុងឱកាស​នោះដែរ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា ឯកឧត្តម​ពិតជា​មាន​ក្ដី​រីករាយ​ចំពោះ​កិច្ច​ស្វាគមន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ក្នុង​ស្មារតី​ភាតរ​ភាពជា​គ្រួសារ​តែមួយ ជាពិសេស​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកំពត​ទាំងមូល ដើម្បី​រួមគ្នា​គិត រួមសុខ​រួមទុក្ខ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ការលំបាក បញ្ហា​ប្រឈម សំណូមពរ និង​តម្រូវការ​ផ្សេងៗ ក៏ដូចជា​ការ​ជំ​ហ៊ាន​នៃ​ដំណើរ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ទៅមុខទៀត​ឱ្យបាន​កាន់តែ​រីកចម្រើន​ថែមទៀត សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​រស់នៅ​ប្រកបដោយ​សុខដុមរមនា​។​

​ពាក់ព័ន្ធ​រាល់​ការ​សំណូមពរ​របស់​អាជីវ​ករ​នាឱកាស​នោះ​រួមមានៈ បញ្ហា​សំណូមពរ​ស្នើ​សុំឱ្យ​អាជីវករ​លក់​ត្រី​ឱ្យមាន​ការលក់ដូរ​ប្រមូល​ផ្ដុំគ្នា​តែមួយ​ក្នុង​ផ្សារ​, បញ្ឈប់​ឱ្យមាន​ការលក់ដូរ​ខាងក្រៅ​ផ្សារ​តាម​ចិញ្ចើមផ្លូវ​, បញ្ហា​ការជួសជុល​ដំបូល​ផ្សារ​, ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ឯកឧត្តម និង​អាជ្ញាធរ​ក្រុង និង​បន្ត​ជួបគ្នា​ទៀត​ជាមួយ​អាជីវករ​នៅពេល​ក្រោយ ដើម្បី​ធ្វើយ៉ាងណា​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ទួន​អាជីវករ​ឱ្យបាន​សម្រេច​។​

​ដោយឡែក​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​ផ្សារ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឱ្យ​ប្រធាន​ផ្សារ និង​អាជ្ញាធរ​ក្រុង​កំពត សហការគ្នា​ស្ដារ​ឱ្យបាន​ឆាប់​ជាបន្ទាន់ ដើម្បី​ធានា​ដល់​ភាព​ស្អាត និង​បរិស្ថាន​ល្អ​ក្នុង​ផ្សារ​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បាន​ស្នើ​ដល់​ប្រធាន​ផ្សារ និង​អាជ្ញាធរ​ក្រុង​កំពត ត្រូវ​ជៀស​ឱ្យបាន​ពី​យក​ភាស៊ី​ទៅលើ​អ្នកលក់ដូរ​តាម​កញ្ច្រែង​តូចតាច និង​ធ្វើការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​រត់​ម៉ូតូឌុប​នៅ​ផ្សារ​សា​ម្គី​នេះ​ឱ្យបាន​ជាក់លាក់​ពិតប្រាកដ ដើម្បី​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ឧបត្ថម្ភ​ក្នុង​ស្មារតី​វប្បធម៌​ចែករំលែក​ខ្មែរ​ស្រឡាញ់​ខ្មែរ​សម្រាប់​ពួកគាត់ ដែលមាន​ជីវភាព​និង​ការខ្វះខាត​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​