រដ្ឋបាល​ខេត្តកំពត​បា​ន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ​និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាមរយៈ​អ្នក​ឧកញ៉ា​ ឡេង ​ណា​វ៉ា​ត់​ត្រា

ថវិកា​ចំនួន ១០០លាន​រៀល អង្ករ​ចំនួន ​២០​តោន ម៉ាស​ចំនួន ​១០​ម៉ឺន ម៉ាស និង​ទឹក​អាកុល​ចំនួន ​៣៧​កាន​ស្មើនឹង ​១.១១០​លីត្រ ជា​អំណោយ​សប្បុរសធម៌ ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ ២០២១ ត្រូវបាន​ផ្តល់​តាមរយៈអ្នក​ឧកញ៉ា ​ឡេង ណា​វ៉ា​ត់​ត្រា បាន​នាំយកមក​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តកំពត ដើម្បី​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ការខ្វះខាត ​និង​ការរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​-១៩ ក៏ដូចជា​ការបម្រើ​ក្នុង​សកម្មភាព​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្តកំពត​។

ការប្រគល់​ និង​ទទួល​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ធ្វើឡើង​នៅ​សាលាខេត្ត​កំពត ក្រោម​វត្តមាន​ឯកឧត្តម ​ជាវ តា​យ ​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ឯកឧត្តម ​ជឹ​ង ផល្លា ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួនទៀត​ផងដែរ។ មានប្រសាសន៍​ក្នុងឱកាស​នោះអ្នកឧកញ៉ា ​ឡេង ​ណា​វ៉ា​ត់​ត្រា អគ្គនាយកក្រុម​ហ៊ុន​ឡេង​ណា​វ៉ា​ត់​ត្រា​ បាន​បញ្ជាក់ថា អំណោយ​សប្បុរសធម៌រ​បស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ​ហ៊ុនសែន ដែល​បាន​នាំយកមក​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តកំពត​នាពេលនេះ គឺជា​ការយកចិត្តទុកដាក់​របស់​សម្ដេច​ទាំង​ទ្វេ ចំពោះ​បញ្ហា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​នៅក្នុង​មូលដ្ឋាន ពិសេស​ក្នុង​សកម្មភាព​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​ដែល​រដ្ឋបាល​ខេត្តកំពត​តែងតែ​សកម្ម​យកចិត្តទុកដាក់​បានល្អ​ប្រសើរ​។​

​ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត បាន​ថ្លែងអំណរគុណ ចំពោះ​សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុនសែន ដែល​តែងតែមាន​ការគិតគូរ​ខ្ពស់​យកចិត្តទុកដាក់​អំ​ពី​សុខទុក្ខ​លំបាក​និង​ជីវភាព​​ខ្វះខាត​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់ទិសទី​ទូទាំងប្រទេស​គ្រប់​កាលៈទេសៈ​មិនមាន​ការរើសអើង​អ្វី​ឡើយ​។ ពិសេស​ការផ្ដល់​អំណោយ តាមរយៈអ្នក​ឧកញ៉ា​ ឡេង​ ណា​វ៉ា​ត់​ត្រា សម្រាប់​ជួយ​ដល់​រដ្ឋបាល​ខេត្តកំពត នៅពេលនេះ គឺជា​ការសំដែង​ឲ្យ​ឃើញ ពី​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ​ហ៊ុនសែន ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត ដែល​ប្រឈម​នឹង​ការខ្វះខាត និង​រងគ្រោះ​ដោយ​ឧបហេតុ​ផ្សេងៗ ពិសេស​រង​ផលប៉ះពាល់ ដោយសារ​ជម្ងឺឆ្លង​កូ​វីដ-​១៩ ក៏ដូចជា​សម្រាប់​បម្រើ​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​ដែល​រដ្ឋបាល​ខេត្តកំពត ​ក៏ដូចជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​រួម​នឹង​ប្រជាពលរដ្ឋ​សហការគ្នា​បានល្អ​ប្រសើរ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍​បន្តទៀត​។

ឯកឧត្តម ​ជាវ ​តា​យ ​អភិបាលខេត្ត​ក្នុងឱកាស​នោះ​ក៏បាន​បញ្ជាក់ថា ​ឯកឧត្តម​នឹង​ខិតខំ​យក​អំណោយ​ទាំងអស់នេះ ​ដើម្បី​ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ប្រើប្រាស់​នៅក្នុង​ស្ថានភាព ​នៃ​ការប្រយុទ្ធប្រឆាំង​និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ដែល​បច្ចុប្បន្ន​នៅ​មិនទាន់បាន​ផុតរលត់ នៅ​ក្នុង​សកលលោក​ដូចជា​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​ខេត្ត​កំពត​នៅឡើយ​៕​
​អត្ថបទ​៖ លោក សាយ យាវ​