អង្គការ​មូលនិធិ​អាស៊ី ជាមួយនឹង​អ្នកពាក់ព័ន្ធ​មួយក្រុម ចូលរួម​បង្កើត​សៀវភៅ​កុមារ​ចំនួន​១០​ក្បាល​ជា​ភាសា​ខ្មែរ​

​ថ្ងៃ សៅរ៍ ១៣​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ រាជធានី​ភ្នំពេញ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា បានរៀបចំ​កម្មវិធី​ប​ង្កើ​ត​សៀវភៅ​រឿង​សម្រាប់​កុមារ​លើក​ទី​៦ (BookLab) ដើម្បី​បង្កើត​សៀវភៅ​កុមារ ១០​បន្ថែមទៀត ដែល​កម្មវិធី​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង Let’s Read ដើម្បី​ពង្រឹងសមត្ថភាព​អ្នកបង្កើត​សៀវភៅ​ក្នុងស្រុក​បង្កើត​ធនធាន​អំ​ណាន​ឱ្យមាន​គុណភាព​ខ្ពស់ និង​ជំរុញ​ទម្លាប់​នៃ​ការអាន​របស់​កុមារ​។ បណ្ណាល័យ​ឌីជីថល Let’s Read បាន​បង្កើន​ចំនួន​សៀវភៅ​ជា​ភាសា​ខ្មែរ​ជិត​៣០០​ក្បាល និង​មាន​សៀវភៅ​ជាង​២០០០​ក្បាល​ផ្សេងទៀត​ក្នុង ២៣​ភាសា​ផ្សេងគ្នា​។ ប​ណ្ណា​​ល័យ​ឌីជីថល​នេះ បាន​ឆក់យក​ឱកាស​ក្នុង​យុគសម័យ​ដែល​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លែ​ត​កំពុងតែ​ពេញនិយម ហើយ​សា​ធា​-​រណ​ជន​ក៏​អា​ចរក​អាន​សៀវភៅ​តាមរយៈ​គេហទំព័រ និង​កម្មវិធី​ក្នុង​ទូរ​សព្ទ Android​។
​ឯកឧត្តមបណ្ឌិត អុឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺ​ក តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា បានផ្តល់​កិត្តិយស​ចូលរួម​បើក​កម្មវិធី BookLab ដែល​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ពេញ​។

ឯកឧត្តមបណ្ឌិត អុឹម កុ​ច បាន​មានប្រសាសន៍ថា​៖ «​ក្រសួង​អប់រំ គាំទ្រ​ជាខ្លាំង​ទៅលើ​ការងារ​របស់​អង្គការ​មូលនិធិ​អាស៊ី ដែលមាន​គោលដៅ​ស្របទៅនឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ផ្ទាល់ ក្នុងការ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស បង្កើត​ធនធាន​អប់រំ​ដែលមាន​គុណភាព​ខ្ពស់ ជាពិសេស​ជំរុញ​ទម្លាប់​នៃ​ការអាន និង​ការគិត​ពិចារណា​ល្អិតល្អន់ (critical thinking)​របស់​កុមារ​តូចៗ​នៅ​កម្ពុជា​។​»
​អ្នកស្រី មេ​ឡូ​នី លីន​ប៊ឺ​ក ក៏បាន​លើកឡើងថា​៖ «​សៀវភៅ​រឿង​ថ្មីៗ​ដែល​នឹងត្រូវ​ផលិត​ក្នុង​កម្មវិធី BookLab នេះ​ទាក់ទង​ទៅនឹង​ប្រធានបទ​ផ្សេងៗ ដូចជា ភាពក្លាហាន ភាព​តស៊ូ​អត់ធ្មត់ ក៏ដូចជា​មិត្តភាព និង​ភាព​ច្នៃប្រឌិត​។ រឿង “​សៀវភៅ​វេទមន្ត​” និយាយ​ពី​ក្មេងប្រុស​ម្នាក់​ឈ្មោះ “​វិទូ​” ដែល​ទើប​ដឹងថា មូល​ហេតុដែល​ធ្វើឱ្យ​ប្អូនស្រី​របស់ខ្លួន​មានចំណេះដឹង​ច្រើន គឺ​ដោយសារតែ​នាង​មាន​ទម្លាប់​អាន​សៀវភៅ​ជា​រៀងរាល់ថ្ងៃ​។ នៅពេលដែល​វិទូ​ចាប់ផ្តើម​អាន​សៀវភៅ​ប្រចាំថ្ងៃ​ជំនួស​ឱ្យ​ការលេង​វី​ដេ​-​អូ​ហ្គេម វិទូ​មានការ​យល់ដឹង​ច្រើនជាង​មុន ហើយ​អាច​ដោះស្រាយ​ចំណោទបញ្ហា និង​អាច​ចូលរួម​ប្រកួតប្រជែង​ចំណេះដឹង​នៅក្នុង​សាលា ព្រមទាំង​ទទួលបាន​រង្វាន់​ទៀតផង​។ នេះ​គ្រាន់តែ​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ល្អៗ​ផ្សេងទៀត ដែលមាន​សារ​អប់រំ​ល្អ អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្មេង និង​ជំរុញ​ឱ្យ​ពួកគេ​ចាប់ផ្តើម ឬ​បន្ត​ទម្លាប់​អាន​សៀវភៅ​»​។​


​កម្មវិធី Let’s Read ត្រូវបាន​គាំទ្រ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នាំមុខគេ​នៅ​ប្រទេស​កម្ពុជា​។ លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់គ្រង និង​កិច្ច​ការសហការ នៃ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ «​សៀវភៅ​ឌីជីថល ដែល​បង្កើត​ចេញពី​កម្មវិធី BookLab មុនៗ ទាក់ទាញ​អ្នកអាន​នៅ​កម្ពុជា​ជាច្រើន​នាក់​។ វា​ស្តែង​ចេញពី​ចំណាប់អារម្មណ៍​ខ្ពស់​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia របស់​ក្រុមហ៊ុន Smart Axiata​។ យើង​មានការ​ជឿជាក់​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ចូលរួម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអប់រំ ជាពិសេស​ខ្លឹមសារ​ច្នៃប្រឌិត​ខ្ពស់ និង​មាន​លក្ខណៈ​ជំរុញ​ទឹកចិត្ត ដូចជា​សៀវភៅ​រឿង​ដែល​ត្រូវបាន ផលិត​នៅក្នុង​កម្មវិធី Let’s Read នេះ​ជាដើម​។ យើង​រំពឹងថា នឹងមាន​ក្មេងៗ​ច្រើន​បន្ថែមទៀត​ប្រើប្រាស់​ប​ណ្ណា​- ល័យ​ឌីជីថល​មួយ​នេះ​ដើម្បី​បង្កើត​ទម្លាប់​អាន​សៀវភៅ និង​ចាប់ផ្តើម​ការស្រមើស្រមៃ​ខ្ពស់​”​។


​គម្រោង Let’s Read គឺជា​កិច្ច​ផ្តួចផ្តើមឡើង​ដោយ​អង្គការ​មូលនិធិ​អាស៊ី ហើយក៏​ជា​គម្រោង​ដែល​កំពុង​រីកដុះដាល​យ៉ាង​លឿន ដោយ​ពឹង​ផ្អែកទៅលើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​មូលនិធិ​អាស៊ី​ដែលមាន​ការិយាល័យ​នៅ​១៨​ប្រទេស​នៅក្នុង​តំបន់ ជាមួយនឹង​សហគមន៍​ក្នុង​ការកសាង​បណ្ណាល័យ​ឌីជីថល ជា​ភាសា​ក្នុង​តំបន់​។ សៀវភៅ​រឿង​ក្នុង​បណ្ណាល័យ​និយាយ​អំពី​ប្រធានបទ​ផ្សេងៗ​ដូចជា បរិស្ថាន ភាព​ចំរុះ​គ្នា ការតស៊ូ និង​ការអត់ឱន យេនឌ័រ និង​ស្ទែ​ម (STEM)​។ គម្រោង​នេះ​ក៏​បណ្តុះ​នូវ​ទម្លាប់​អាន​ដែល​ជួយ​ដល់​កុមារ ក្រុមគ្រួសារ​របស់គាត់ និង​សហគមន៍​របស់គាត់ ឱ្យ​រីកចម្រើន​ក្នុងកំឡុងពេល​ផងដែរ​។ គម្រោង​នេះ​ក៏មាន​គោលបំណង​បន្ត​កសាង​សហគមន៍​អ្នកបង្កើត​សៀវភៅ អ្នកបកប្រែ​សៀវភៅ​ដែល​ចង់ឃើញ​អនាគត​ដែល​ពោរពេញ​ទៅដោយ​សៀវភៅ​កុមារ​។

​អំពី​អង្គការ​មូលនិធិ​អាស៊ី​
​អង្គការ​មូលនិធិ​អាស៊ី គឺជា​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ ដែល​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​ទ្វីបអាស៊ី​។ អង្គការ​មូលនិធិ​អាស៊ី​មានបទពិសោធន៍​ការ​ជាង​ប្រាំមួយ​ទសវត្សរ៍ ដែល​ការងារ​របស់​អង្គការ​មូលនិធិ​អាស៊ី​ភាគច្រើន​ផ្តោតទៅលើ​គោលដៅ​ធំៗ​ចំនួន​ប្រាំ រួមមាន ការពង្រឹង​អភិបាលកិច្ច ការលើកកម្ពស់​ស្ត្រី ការលើកកម្ពស់​កលា​នុ​វត្ត​ភាព​សេដ្ឋកិច្ច ការលើកកម្ពស់​បរិស្ថាន និង​ការលើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នៅក្នុង​តំបន់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អង្គការ​មូលនិធិ​អាស៊ី www.asiafoundation.org

ចុចទីនេះដើម្បីទស្សនាវីដេអូ

ចុចទីនេះដើម្បីទទួលបានរូបភាពច្រើនទៀត