សូមអបអរសាទរ !
ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជាយើង ដោយទីក្រុងទេសចរណ៍របស់កម្ពុជា ចំនួន៣ រួមមាន ទីក្រុងកំពត ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ (រាជធានីភ្នំពេញ) បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០នៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ានប្រទេសព្រុយណេ។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់។ ក្នុងនោះម្ចាស់ជ័យលាភី នៃទីក្រុងកំពត ខេត្តកំពតត្រូវបាន ដឹកនាំចូលរួមទទួលដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លាប្រធាន ក្រុមប្រឹក្សាខេត្ត។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពឲឲទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជម្រុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដារនេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាននឹងកំពុងជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជម្រុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។
នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
(អរគុណ សន្តិភាព)
អត្ថបទៈ លោក សាយ យាវ