រាជធានីភ្នំពេញៈ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ – ក្រុមហ៊ុន Shiseido Asia Pacific និងអង្គការមូលនិធិអាស៊ី បានបញ្ចប់កម្មវិធីកសាងសមត្ថភាពយុវតី និងភាពជាអ្នកដឹកនាំ (ហៅកាត់ថា GLL) ប្រកបដោយជោគជ័យ។ កម្មវិធីនេះ គឺជាកម្មវិធីដែលផ្ដល់ភាពអង់អាចដល់យុវតីវ័យក្មេងជួបការលំបាក ក្នុងពេលដែលយុវតីជាច្រើននាក់បានបោះបង់ចោលការសិក្សា ក្នុងគោលបំណងស្វែងរកការងារធ្វើ ដើម្បីទទួលបានប្រាក់កម្រៃ។ យុវតីក្រុមដំបូងចំនួន ១០២ នាក់ ក្នុងប្រទេសកម្ពុជា បានបញ្ចប់កម្មវិធីរយៈពេល ៨ ខែនេះ ជាមួយនឹងលទ្ធផលសិក្សាគួរឱ្យកត់សម្គាល់ និងទទួលបានការអភិវឌ្ឍជំនាញទន់សំខាន់ៗជាច្រើន។ ជាមួយនឹងជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី GLL នេះ ក្នុងឆ្នាំ ២០២០ កម្មវិធីនេះគ្រោងនឹងពង្រីកទៅកាន់វិទ្យាល័យបន្ថែមទៀតក្នុងប្រទេសកម្ពុជា ក៏ដូចជាទៅកាន់បណ្ដាប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលវែង។ សូមអានបន្ថែមអំពីកម្មវិធីនេះត្រង់ចំណុចនេះ។
កម្មវិធីសាកល្បងដែលដំណើរការពីខែ ឧសភា ដល់ខែ ធ្នូ ឆ្នាំ ២០១៩ សម្រាប់ថ្នាក់ទី ១០ – ១២ នៅ វិទ្យាល័យនរោត្តម ក្នុងខេត្តព្រៃវែង ដែលជាខេត្តជនបទ បានទទួលលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖
● សិស្សរៀនថ្នាក់ទី ១២ ៩៤% បានប្រឡងជាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ បើធៀបនឹងមធ្យមភាគទូទាំងប្រទេស ៦៨%
● សិស្សថ្នាក់ទី ១២ ចំនួន ២០% បានទទួលអាហារូបករណ៍ ដើម្បីសិក្សានៅតាមសាកលវិទ្យាល័យអន្តរជាតិ
● សិស្សទទួលបានអាហារូបករណ៍ថ្នាក់ទី ១០ និងទី ១១ ១០០% បានឡើងថ្នាក់ប្រកបដោយជោគជ័យ
បន្ថែមពីលើការគាំទ្រដល់ការសិក្សា កម្មវិធី GLL បានផ្ដួចផ្ដើមយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញទន់ សំខាន់ៗ ដែលនេះគឺជាលក្ខខណ្ឌមួយ ដែលនិយោជកនៅកម្ពុជាចាត់ទុកថាចាំបាច់ ដើម្បីឱ្យយុវជនអាចរកការងារធ្វើបានប្រកបដោយអត្ថន័យ។
ជ័យលាភីដែលទទួលបានអាហារូបករណ៍ ត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍជំនាញទន់មួយចំនួន ដូចជា ជំនាញដោះស្រាយបញ្ហា ជំនាញត្រិះរិះពិចារណាល្អិតល្អន់ ជំនាញដឹកនាំ ជំនាញប្រាស្រ័យទាក់ទង និងជំនាញធ្វើការងារជាក្រុម តាមរយៈសេណារីយ៉ូ ឬគម្រោងសកម្មភាពពិតៗ ដែលត្រូវបានរៀបចំឡើង ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សាលារៀន និងសហគមន៍របស់ពួកគេ។ នៅក្នុងពិធីបិទបញ្ចប់កម្មវិធីកាលពីពេលថ្មីៗនេះ យុវតីដែលទទួលបានអាហារូបករណ៍បានឡើងបង្ហាញពីគម្រោងសកម្មភាពរបស់ពួកគេ និងបានទទួលដំបូន្មានពីអ្នកគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗរបស់ក្រុមហ៊ុន Shiseido រួមទាំងពីលោក Jean-Philippe Charrier ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shiseido Asia Pacific ផងដែរ។
គម្រោងសកម្មភាពដែលទទួលបានជ័យលាភីក្រោមប្រធានបទ “ក្លឹបសិក្សា” គឺជាគម្រោងដែលបង្កើតឡើងដោយជ័យលាភីអាហារូបករណ៍មួយក្រុម មានគ្នា ១០ នាក់ ក្នុងគោលបំណងផ្ដល់ការបំប៉នមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ អំណាន និងសរសេរ ដល់សិស្សវិទ្យាល័យចំនួន ៧០ នាក់ និងកុមារតូចៗនៅក្នុងសហគមន៍។ ក្នុង រយៈពេល ២ ខែ កន្លះ យុវតីដែលទទួលបានអាហារូបករណ៍ទាំងនេះបានសម្រេចលើសពីគោលដៅដែលបានគ្រោងទុក និងបានជួយបង្រៀនសរុប ១១០ ដង ឬប្រមាណ ២២០ ម៉ោង។ គម្រោងសកម្មភាពដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត ដូចជា គម្រោងកែច្នៃសំណល់ប្លាស្ទិកជាសម្ភារសម្រាប់សួនច្បារក្នុងសាលារៀន និងគំនិតផ្ដួចផ្ដើមច្នៃ ប្រឌិតប្រើប្រាស់សិល្បៈដើម្បីអប់រំផ្សព្វផ្សាយសារអប់រំជាដើម។
យុវតី ប៉ាវ មករា ប្រធានគម្រោងសកម្មភាពដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងនេះ បាននិយាយថា៖ “សមាជិកក្រុមរបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ មានទឹកចិត្តរំភើបយ៉ាងខ្លាំងដែលបានឈ្នះជ័យលាភីលេខ១។ យើងនឹងបន្តស្ម័គ្រចិត្តចំណាយពេលវេលារបស់យើង ដើម្បីជួយបង្រៀនកុមារនៅក្នុងសហគមន៍ និងមិត្តភក្តិរបស់យើង នៅក្នុងសាលារៀន។ កម្មវិធី GLL នេះបានផ្ដល់នូវកម្លាំងចិត្តពិតប្រាកដមកដល់យើងទាំងអស់គ្នា។ កម្មវិធីនេះ បានផ្ដល់ឱ្យយុវតីដូចជាខ្ញុំជាដើមនូវក្ដីសង្ឃឹម សេចក្ដីក្លាហាន និងជួយឱ្យយើងសម្រេចគោលដៅរបស់យើង។ ខ្ញុំសង្ឃឹមថា កម្មវិធី GLL នេះនឹងបន្តអនុវត្តនៅក្នុងសាលារៀនរបស់ខ្ញុំ ព្រមទាំងអនុវត្តនៅតាមសាលារៀនផ្សេងទៀតទូទាំងប្រទេសកម្ពុជា។”
ជាមួយនឹងការបញ្ចប់កម្មវិធីសាកល្បងនេះ គ្រូ និងសិស្សដែលបានទទួលអាហារូបករណ៍បានសង្កេតឃើញភាពខុសប្លែកគួរឱ្យកត់សម្គាល់ក្នុងសមត្ថភាពដឹកនាំ ជំនាញនិយាយជាសាធារណៈ និងទំនុកចិត្តលើខ្លួនឯងរបស់ពួកគេ។ ក្រុមហ៊ុន Shiseido Asia Pacific និងមូលនិធិអាស៊ី នឹងរួមគ្នាបន្តផ្ដល់ភាពអង់អាចដល់យុវតី ក៏ដូចជាំនាំមកនូវផលជះជាវិជ្ជមានប្រកបដោយអត្ថន័យមកប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២០។ មូលនិធិអាស៊ី គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិមិនរកប្រាក់ចំណេញ ដែលប្ដេជ្ញាលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅនៅទូទាំងអាស៊ីដែលជាតំបន់ពោរពេញដោយភាពរស់រវើក និងកំពុងមានការអភិវឌ្ឍ។ ផ្អែកតាមបទពិសោធន៍រយៈពេល ៦ ទសវត្សរ៍ និងការយល់ដឹងស៊ីជម្រៅពីស្ថានភាពនៅក្នុងប្រទេស ការងាររបស់យើងនៅក្នុងតំបន់នេះផ្ដោតការយកចិត្តទុកដាក់លើគោលដៅរួមចំនួន ៥—ពង្រឹងអភិបាលកិច្ច ផ្ដល់ភាពអង់អាចដល់ស្ត្រី ពង្រីកឱកាសសេដ្ឋកិច្ច បង្កើនភាពធន់របស់បរិស្ថាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់៕
អត្ថបទៈ GLL