នៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើករណី ស្ដីពីការជំរុញនីតិវិធីការដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីដែលបានសាងសង់ឡើងដោយក្រុមហ៊ុន SRV Group,Co.ltd ដែលមានការចូលរួមពី អភិបាលរងខេត្តទទួលបន្ទុក មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ។
គួររំលឹកថា ដើម្បីអភិវឌ្ឍន៍ឆ្លើយតបឲ្យស្របទៅតម្រូវការតាមភាពរីកចម្រើន ក្នុងវិស័យកីឡា មន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពតនៅក្នុងអំឡុងឆ្នាំ២០០៧ តាមរយៈរដ្ឋបាលខេត្ត ស្នើទៅក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ពាក់ព័ន្ធលើ ករណីសំណើ របស់ក្រុមហ៊ុន SRV Group,Co.ltd សុំប្ដូរទីតាំងទីលានបាល់បោះ និងទីលានបាល់ទាត់ស្ថិតក្នុងក្រុងកំពត ថ្នូរនឹងដីទីលានពហុកីឡដ្ឋានបាល់ទាត់ថ្មី ស្ថិតក្នុងភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ បច្ចុប្បន្នជាសង្កាត់បឹងទូក ក្រុងបូកគោ ដោយក្នុងកិច្ចសន្យាក្រុមហ៊ុនត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យកីឡាជាច្រើន។
ប៉ុន្តែដោយសាររយៈពេលកន្លងមក ក្រុមហ៊ុនមិនបានអនុវត្តឆ្លើយតបតាមកិច្ចសន្យាដែលជាលក្ខណៈស្តង់ដារបទដ្ឋានបច្ចេកទេសសំណង់នឹងពុំអាចទទួលយកបានតាមលក្ខខណ្ឌ នៃវិស័យកីឡានិងការអូសបន្លាយពេលវេលា។ រាជរដ្ឋាភិបាលក៏បានឯកភាពជាគោលការណ៍ តាមសំណើរបស់ក្រសួងអប់រំយុវជន និងកីឡា គឺអនុញ្ញាតឲ្យប្ដូរតែទីតាំងទីលានបាល់បោះមួយកន្លែងទំហំ ១.៤២៦ម៉ែត្រការ៉េប៉ុណ្ណោះ ហើយបច្ចុប្បន្នដីនេះបានផ្ទេរឲ្យឯកជនសាងសង់លំនៅដ្ឋានហើយដែរ។ ដោយឡែកដីទីលានកីឡាបាល់ទាត់ទំហំ ៣២.៥០០ម៉ែត្រការ៉េ ត្រូវបានដកហូតយកមករក្សាជាទ្រព្យសម្បត្តិរដ្ឋ និងជាពហុកីឡាដ្ឋានរបស់ខេត្តកំពតវិញរហូតសព្វថ្ងៃនេះ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា កិច្ចប្រជុំពេលនេះ គឺផ្ដោតសំខាន់ទៅលើការប្រមូលធាតុចូលពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនដើម្បីជំរុញនីតិវិធីនឹងឈានទៅបញ្ចប់បញ្ហា ហើយរៀបចំឯកសារជូនក្រុមហ៊ុន ។ ប៉ុន្តែរដ្ឋបាលខេត្ត មិនមានសិទ្ធិក្នុងការសម្រេចអាកាត់នោះទេ ករណីនេះមានតែក្រសួងអប់រំយុវជននិងកីឡា និងក្រសួសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចបញ្ចប់រឿងជាមួយក្រុមហ៊ុនបាន។ ប៉ុន្តែទោះបីយ៉ាងណារដ្ឋបាលខេត្តនៅពេលដែលមានការសម្រេចពីក្រសួងទាំងពីរនេះ រួចរាល់ ទើបរដ្ឋបាលខេត្តមានសិទ្ធបន្តនីតិវិធី ក្នុងការចុះបញ្ជីជូនដល់ក្រុមហ៊ុនបាន។