ឯកឧត្តម សុខ ឥសាន​៖​ និតិ​ប្បញ្ញត្តិ និង​និតិប្រតិបត្តិ​ត្រូវ​រួមគ្នា​ទប់ទល់​រាល់​នយោបាយ​វាយប្រហារ​មកលើ​កម្ពុជា​

​ឯកឧត្តម ​សុខ ឥសាន ប្រធាន​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា​ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់​ទាំង​ខាង​និតិ​ប្បញ្ញត្តិ និង​និតិប្រតិបត្តិ​ត្រូវ​រួមគ្នា​ទប់ទល់​រាល់​នយោបាយ​វាយប្រហារ​មកលើ​កម្ពុជា ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​បើទោះជា​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើយ៉ាងណា​ក៏ដោយ ក៏​មិនអាច​ផ្គាប់ចិត្ត​ក្រុមមនុស្ស​ដេក​ចាំតែ​ជំទាស់​បានដែរ​។


​ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ស្វែងយល់​អំពី​ការអនុវត្ត​ច្បាប់​នៅក្នុង​ខេត្តកំពត នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម សុខ ឥសាន ប្រធាន​គណៈកម្មការ ទី​៤​នៃ​ព្រឹទ្ធសភា​បាន​លើកឡើងថា មន្ត្រី​ទាំងអស់​ត្រូវខិតខំ​រួមគ្នា​អនុវត្ត​ភារកិច្ច​ការ និង​គោរព​តាមច្បាប់​ដែល​បាន​ចែក ពិសេស​ត្រូវ​ស្វែងយល់​អំពី​សតិអារម្មណ៍ ក្រុមការងារ ក្នុង​តំបន់ ឬ ខេត្ត ឬ​ស្ថាប័ន អង្គភាព​របស់ខ្លួន ។

​លើសពីនេះ ត្រូវ​យកចិត្តទុកដាក់​លើ​ម​ជ្ឍ​ដ្ឋា​ន​ប្រឆាំង​ទាំងឡាយ ទាំង​អ្នកវិភាគ​នយោបាយសេដ្ឋកិច្ចសង្គម និង​អ្នក​នៅ​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​ដែលមាន​និន្នាការ​ប្រឆាំង។ ឯកឧត្តមបាន​បន្តថា បើទោះជា​រាជរដ្ឋាភិបាល​ប្រឹង​ធ្វើ​យ៉ាងណាក៏ដោយ ក៏​មិនអាច​ផ្គាប់ចិត្ត​ពួក​ទាំង​នោះបានទេ នៅពេលដែល ងាក​ទៅខាង​ស្តាំ គេ​វាយ​ឆ្វេង នៅពេលដែល​ទៅខាង​ឆ្វេង គេ​វាយ​ស្តាំ។ ដូច្នេះ​មន្ត្រី​ទាំងអស់​ត្រូវធ្វើ​អ្វី​តាម​ការកំណត់ តាម​គោល​ការ​ផ្លូវច្បាប់ និង​គោលការណ៍​នៃ​កម្មវិធី​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

​ឯកឧត្តម​បានស្នើ​ដល់​មន្ត្រី​ទាំង​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ត្រូវ​រូ​ម​គ្នា​ទប់ទល់​រាល់​នយោបាយ​វាយប្រហារ​មកលើ​បក្ស និង​រាជរដ្ឋាភិបាល​កម្ពុជា។ ​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម សុខ ឥសាន ក៏បាន​ស្នើ​ឲ្យ​រដ្ឋបាលខេត្ត គណៈ​បញ្ជា​ការ​​ឯកភាព​ខេត្ត​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​លើ​បញ្ហា មួយចំនួន​ដូចជា ភូមិ​ឃុំ​សុ​វត្ថ​ភាព បញ្ហាដីធ្លី ទាំង​បញ្ហា​ជម្លោះ និង​ការទន្ទ្រាន​យក​ដី​រដ្ឋ (​មាន​ដី​ព្រែក សមុទ្រ ភ្នំ ឬ​ដីព្រៃ​ជាដើម​) បញ្ហា​គ្រោះថ្នាក់​ចរាចរ គ្រឿងញៀន បើ​ទោះ​ជាំ​ខេត្តកំពត​មិនមាន​បាតុភាព ឬ​ករណី​ណាមួយ​គួរ​ឲ្យ​កត់សំគាល់​ក៏ដោយ​៕
​អត្ថ​ប​ទៈ លោក សារឹម អាន​