ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត រួមនិងសមាជិកសមាជិកាក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃក្រុងកំពត។ កាលពីរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ នូវផ្លូវបេតុងចំនួន០១ខ្សែដែល ស្ថិតនៅភូមិសុវណ្ណសាគរសង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពត។
លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពតបានអោយដឹងថា៖ ផ្លូវ០១ខ្សែដែលត្រូវបើកការដ្ឋានសាងសង់នាពេលនេះគឺជាផ្លូវលេខ៧៣៥ ឈ្មោះថាផ្លូវសម្ដេចជួនណាត មានប្រវែង ១,០៩១ម៉ែត្រមានទទឹង ១១,២ម៉ែត្រ ធ្វើពីបេងតុងសសៃដែកកម្រាស់ ០,១៥ម៉ែត្រ ជាគម្រោងរបស់រដ្ឋបាលខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថាសម្រាប់ខេត្តកំពតចាប់ពីពេលឥឡូវនេះតទៅ ទាំងរដ្ឋបាលខេត្តនិងក្រុងកំពតព្រមទាំងមន្ទីរ អង្គភាព ជុំវិញខេត្ត និងស្រុកផ្សេងទៀត ត្រូវតែមានការងារមមារញឹករួមចំណែករៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យ បរិស្ថាន ក្នុងខេត្ត អោយមានភាពល្អប្រសើរពិសេស នៅក្នុងក្រុងកំពតនាចុងឆ្នាំ២០១៩ខាងមុខនេះនឹងត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំទី២។
ឯកឧត្ដមអភិបាលខេត្ត ក៏បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលរដ្ឋបាលក្រុងកំពតសម្រេចបានកន្លងមកព្រមទាំងបានចាត់ទុកផ្លូវ០១ខ្សែដែលត្រូវដំណើរការ សាងសង់នៅពេលនេះ គឺពិតនឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងចំណោមសមិទ្ធនានារបស់ខេត្តក៏ដូចជាសមិទ្ធនៅទូទាំងប្រទេសក្នុងការឆ្លើយតបដើម្បីបម្រើសេចក្ដីត្រូវការនិងផលប្រយោជន៍ប្រជាពលរដ្ឋនិងផលប្រយោជន៍សាធារណៈទូទៅដែលរាជរដ្ឋាភិបាលក្រោមដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច តេជោហ៊ុន សែនជាប្រមុខដ៏ឈ្លាសវៃតែងតែបានយកចិត្តទុកដាក់ជាប្រចាំពោលគឺមានផ្លូវគឺមានក្ដីសង្ឃឹម។
ពាក់ព័ន្ធការងារសាងសង់ផ្លូវនេះដែរឯកឧត្ដម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ការកសាងការអភិវឌ្ឍអ្វីមួយ គឺពិតតែងមានរងការផលប៉ះពាល់អ្វីមួយមិនខាន។ ដូចនេះនៅពេលក្រុមការងារអនុវត្តសាងសង់ សូមសំណូមពរអោយអាជ្ញាធរ និងប្រជាពលរដ្ឋ មានការចូលរួមសហការជាមួយក្រុមការងារ ដើម្បីធ្វើអោយការងារសាងសង់ប្រកបដោយរលូនលឿនឆាប់រហ័សនិងទទួលបានលទ្ធផលជោគជ័យ។
រីឯចំណែកអ្នកទទួលការសាងសង់វិញក៏ត្រូវយកចិត្តទុកដាក់អនុវត្តការងារសាងសង់អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីធានាគុណភាពប្រើប្រាស់បានជាប់យូរអង្វែងផងដែរ។ ជាមួយឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានបន្តសង្កត់ធ្ងន់ទៀតថាសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលកន្លងមក ពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាមយើងមិនអាចដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះទេ។
ហើយមូលដ្ឋានគ្រឹះនៃសុខសន្តិភាពនេះហើយ គឺបានមកដោយសារការលះបង់អាយុជីវិតរបស់អ្នកស្នេហាជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាព។ ដូច្នេះសូមបងប្អូនត្រូវចូលរួមការពារសន្តិភាពមួយនេះអោយបាន ទោះក្នុងតម្លៃណាក៏ដោយដើម្បីអនាគតយើង កូនចៅយើង ប្រទេសជាតិយើងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕
អត្ថបទៈ លោក សាយ យាវ