ខេត្តកំពត​(​កម្ពុជា )​និង​ខេត្ត​គៀន​យ៉ាង​(​វៀតណាម​)​ប្ដេជ្ញា​រួមគ្នា​បន្ត​ជម្រុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​អោយបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​សម្រាប់​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៩​រវាង​ខេត្តកំពត​កម្ពុជា​និង​ខេត្ត​គៀន​យ៉ាង​វៀតណាម នៅឯ​មន្ទីរ​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​គៀន​យ៉ាង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។

លោកជំទាវ យូ សុគន្ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​តំណាង​អាជ្ញាធរ​ខេត្តកំពត​ភាគី​(​កម្ពុជា​) និង​ឯកឧត្ដម ម៉ា​យ អា​ញ់​ញិ​ន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត តំណាង​អា​ជ្ញ​ធរ​ខេត្ត​គៀន​យ៉ាង​ភាគី​(​វៀតណាម​) បាន​ថ្លែង​បញ្ជាក់​​ពី​​ជំហរ​​ទិសដៅ​បន្ត​ការប្ដេជ្ញាចិត្ត​រួមគ្នា​ថា​៖ បើទោះបី​កិច្ចសហប្រតិបត្តិការ​នា​ឆ្នាំកន្លងមក​ជា​បន្តបន្ទាប់​ទទួលបាន​នូវ​លទ្ធផល​រួមគ្នា​ល្អ​ប្រពៃ​ក្តី ក៏​អាជ្ញាធរ​រវាង​ខេត្តកំពត​នៃ​កម្ពុជា និង​អាជ្ញាធរខេត្ត​គៀន​យ៉ាង​នៃ​ប្រទេស​វៀតណាម​នៅ​តែ​បន្ត​ខិតខំ​ជំរុញ​កិច្ចសហការ​អោយបាន​កា​ន់​តែ​ល្អ​ថែមទៀត​ដើម្បី​វឌ្ឍនៈភាព និង​ភាពសុខសាន្ត ជីវភាព​រីកចម្រើនរ​បស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ អោយបាន​កាន់តែ​មាន​ភា​ព​ល្អ​ប្រសើរឡើង​។

លោកជំទាវ យូ សុគន្ធ អភិបាលរង​ខេត្តកំពត និង​ឯកឧត្តម ម៉ា​យ អា​ញ់​ញិ​ន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​គៀន​យ៉ាង បាន​មានប្រសាសន៍​ក្នុង​ជំហរ​រួមគ្នា​នេះ​ថា ពេញ​មួយឆ្នាំ​នៃ​ឆ្នាំ​២០១៨​កន្លងទៅ ការងារ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រ​វាង​ខេត្ត​ទាំងពីរ​គឺ​ខេត្តកំពត​និង​ខេត្ត​គៀន​យ៉ាន តែងតែ​ទទួលបាន​នូវ​លទ្ធផល ល្អប្រសើរ ពិសេស​បញ្ហា​សន្តិសុខ និង​សកម្មភាព​រកស៊ី​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​កំពត​-​គៀន​យ៉ាង​។ ភាព​វិជ្ជមាន​ជា​ចម្បងៗ​ទាំងនេះ រួមមាន ការងារ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ តាម​ខ្សែបណ្តោយ​បន្ទាត់​ព្រំដែន អាជ្ញាធរ និង​សមត្ថកិច្ច​នៃ​ខេត្ត​ទាំងពីរ​បាន​បង្ការ​ទប់​ស្កាត់​បាន​នូវ​រាល់​បទល្មើស​នានា ទាំង​ព្រំដែន​គោក ទាំង​ព្រំ​ដែនទឹក​។

បញ្ហា​ទំនាក់ទំនង​ជំនួញ​ពាណិជ្ជកម្ម​តាម​ច្រកទ្វារព្រំដែន​ល្អ​បាន​បង្ក​អោយ​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​មាន​ជីវភាព​ធូរធារ និងរីកចម្រើន​ជា​លំដាប់​ជាមួយគ្នា។ ការប្រាស្រ័យ​ទាក់ទង​កិច្ចការងារ​សេដ្ឋកិច្ច សង្គមកិច្ច ការបណ្តុះបណ្តាល​វិជ្ជា​ជីវៈ និង​ជំនាញ​បច្ចេកទេស​អប់រំ វប្បធម៌ ទេសចរណ៍ ព្រមទាំង​សុខាភិបាល មាន​ភាពប្រសើរ​បំផុត​។​ ​ដូចគ្នានេះដែរ ការស្វែងរក​អ​ធិ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ សង្គ្រាម​នៅ​កម្ពុជា ក៏​ដូច​ជា​​កិច្ចសហការ​ការពារ​ប​ង្គោ​ល​ខ័​ណ្ឌ​សីមាទទួលបាន​លទ្ធផល​វិជ្ជមាន​រៀងៗ​ខ្លួន​។

លើសពីនោះ ការងារ​មនុស្សធម៌ ជំនួយ​ឧបត្ថម្ភ​នានា​ក្នុង​ការជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ពី​ធម្មជាតិ និង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ មាន​សកម្ម​ភាពរស់រវើក ដែល​បានបង្ហាញ​អំពី​ការយកចិត្តទុកដាក់​ក្នុងនាម​ជា​អាជ្ញាធរ​ក៏ដូចជា​ប្រទេស និង​បងប្អូន​ភូមិ​ផង​របង​ជាមួយ​។ ​សហប្រធាន​នៃ​អង្គប្រជុំ​បានបញ្ជាក់​ទៀតថា បើទោះបី​ទទួលបាន​លទ្ធផល​រួមគ្នា​ល្អ​ប្រពៃ​តរៀងមក​ក្តី ក៏​អាជ្ញាធរខេត្ត​ទាំងពីរ​នៅតែ​ត្រូវការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​គ្នា​ល្អ​ថែមទៀត​ពិសេស​ត្រូវ​បង្កើន​ការ​ជំរុញ​​​វិស័យ​​ពាណិជ្ជកម្ម​និង​ទេស​ចរណ៍​​អោយបាន​ខ្លាំងក្លា​បន្ថែមទៀត​ដោយ​អនុវត្ត​អោយអស់​លទ្ធភាព​ដូច​នៅក្នុង​ផែនការ​នៃ​ព្រមព្រៀង​បន្ត​ក្នុង​ឆ្នាំ​២០១៩​ថែមទៀត​។​

​នៅ​ក្នុងឱកាស​កិច្ចប្រជុំ​នោះ​លោកជំទាវ យូ សុគន្ធ អភិបាលរង​ខេត្ត​ ក្នុងនាម​អាជ្ញាធរ​ខេត្តកំពត​ក៏បាន​ប្រកាស​ទទួល​ស្វាគមន៍​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ដែលមាន​បំណង់​ទៅរក​ស៊ី និង​ដើរ​កម្សាន្ត​នៅ​ខេត្តកំពត ក៏ដូចជា​នៅក្នុង​ប្រទេស​​កម្ពុជា​ទាំងមូល ហើយ​ទៅ​អនាគត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​នឹង​នៅ​កាន់តែ​ល្អប្រសើរ និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​វិជ្ជមាន ដូច​បានកំណត់​នៅក្នុង​កិច្ចព្រមព្រៀង​កំពត​-​គៀង​យ៉ាង​។​
​សូមបញ្ជាក់ថា​៖ កិច្ចប្រជុំ​នេះ​ក៏មាន​វត្តមាន​ប្រតិភូ​ជា​សមាជិក​ចូលរួម ពី​សំណាក់​អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​និង​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​និង​អាជីវករ​ពាណិជ្ជ​កររ​វាង​ភាគី​នៃ​ខេត្ត​ទាំងពីរ​កំពត​-​គៀន​យ៉ាង​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​