រថយន្ត​ពន្លត់អគ្គីភ័យ សង្គ្រោះបន្ទាន់ និង​រថយន្ត​បូមទឹក​ត្រូវបាន​ផ្តល់​ឲ្យ​ប្រើប្រាស់​ពេល​មាន​អាសន្ន​

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ បានធ្វើ​ពី​ធី​ប្រគល់​រថយន្ត​ចំនួន​បី​គ្រឿង​ជួន​ដល់​បី​អង្គភាព​ផ្សេងគ្នា ក្នុងនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រគល់ជូន​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត រថយន្ត​សង្គ្រោះបន្ទាន់​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​បូមទឹក​ប្រគល់ជូន​សាលាក្រុង​កំពត​។ រថយន្ត​ទាំងបី​គ្រឿង​ដែល​ឯកឧត្តម​អភិបាលខេត្ត​ប្រគល់ជូន​អង្គភាព​ទាំងបី ជា​អំណោយ របស់​រដ្ឋបាលខេត្ត​ក្យុ​ង​គី នៃ​សា​ធាណ​រដ្ឋ​កូរ៉េ តាមរយៈ​អង្គការ​មនុស្សធម៌​ហ្គោ​អែន​ឌូ​ទុក​ប្រើប្រាស់​ពេល​មាន​អាសន្ន​។

​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់ នោះ​ឯកឧត្តម ជាវ តា​យ បាន​លើកឡើងថា ពេល​ជួប​គ្រោះអាសន្ន​ដោយ​យថាហេតុ​ណាមួយ មនុស្ស​ម្នាក់ៗ តែងមាន​ភាព​តក់ស្លុត បាក់​ស្មារតី ជាពិសេស​ករណី​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​។ ក្នុងស្ថានភាព​បែប​នេះ​​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ រួមគ្នា​ជួយសង្គ្រោះ​ឲ្យ​ទាន់ពេលវេលា​នោះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ឬការខូចខាត​បាត់បង់ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។ ដោយឡែក​រថយន្ត​ទាំងបី​គ្រឿង​នេះ ដែល​រដ្ឋបាលខេត្ត​បានប្រគល់​ជូនទៅ​នេះ អាច​នឹង​ជួយ​រួមចំណែក ក្នុងការ​ទប់ស្កាត់ សង្គ្រោះ និង​អាច​បន្ថយ​បាន​នូវ ការលំបាក​ក្នុង​ប្រតិបត្តិ នៃ​ហេតុការណ៍​អាសន្ន​។

ឯកឧត្តម​បាន​បន្តថា រថយន្ត​ទាំងនេះ​ក៏​មិនមែន​ត្រឹមតែ​គោលដៅ​សម្រាប់​ហេតុការណ៍​អាសន្ន​មួយ​មុខ​ទេ គឺ​ត្រូវ​ត្រៀម​ចេះ​ប្រើប្រាស់​វា​ជា​ប្រយោជន៍​ឲ្យ​អស់​លទ្ធភាព ដូចជាការដឹកជញ្ជូន​ទឹក​ចែក​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះរាំងស្ងួត ប្រើ​ប្រាស់​​ក្នុងការ​បាញ់ស្រោច​សួនច្បារ​តាម​ទីសាធារណៈ​នានា​ជាដើម​។ ទន្ទឹមគ្នា​នេះដែរ ត្រូវ​ចេះ​ថែទាំ​ឲ្យ​បានល្អ ចៀសវាង​ពេល​ត្រូវ​ប្រើប្រាស់​ក្នុង​ភាព​បន្ទាន់ បែរជា​រថយន្ត​ខួច​មិនអាច​ដំណើរការបាន​៕
​អត្ថ​ប​ទៈ សារឹម អាន​