មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តកំពត​ទទួល​សម្ភារៈ​បរិក្ខារ​ការពារ​ជំងឺ​កូ​វីដ​១៩ ពី​រដ្ឋ​បាល​ខេត្ត​កំពត

​មណ្ឌល​សុខភាព​ចំនួន​៦៤ និង​មន្ទីរពេទ្យបង្អែក​ចំនួន​៥ ទទួល​សម្ភារៈ​បរិក្ខារ​ដើម្បី​យកទៅ​ប្រើប្រាស់ ក្នង​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ បើទោះជា​ខេត្តកំពត​អ្នក​ជម្ងឺ​កូ​វីដ​១៩ ពីរ​នាក់​បានជា​សះស្បើយ​ហើយក៏​ដោយ ប៉ុន្តែ​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ អ្នកពាក់ព័ន្ធ​ជុំវិញ​ខេត្ត មិនបាន​បន្ធូរបន្ថយ​ដៃ​ក្នុង​ការចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​អនាម័យ​នៅ​មូលដ្ឋាន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​ការពារ រដ្ឋ​បាល​ខេត្ត​​បានផ្តល់​សម្ភារៈ​បរិក្ខារ​ដើម្បី​យកទៅ​ប្រើប្រាស់ ក្នង​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តកំពត​សម្ភារៈ​បរិក្ខារ​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​។

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​១៩ បាននិងកំពុង​រីក​រា​ល​ដាល​ក្នុង​ពិភពលោក ហើយ​បញ្ហា​នេះ​គឺជា​បន្ទុក​ដ៏​លំបាក​ធ្ងន់ធ្ងរ សម្រាប់​នៅ​កម្ពុជា​យើង​ផងដែរ​។​នៅក្នុង​ស្ថានការណ៍​ដ៏​លំបាក​ធ្ងន់ធ្ងរ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយរបស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ​ហ៊ុន សែន ​បាន​នឹង​កំ​ពុ​ហ​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយនូវ​បញ្ហា​ដ៏​លំ​​បា​ក​នេះ​។ ដូច្នេះ​ដើម្បី​រួមចំណែក​ការលំបាកជាមួយ​រាជរដ្ឋាភិបាល ក្នុង​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​នេះ រដ្ឋបាល​ខេត្តកំពត នា​រយៈពេល​កន្លងមក តែង​បាន​យកចិត្តទុកដាក់ ដោះស្រាយផ្ដល់​ស្បៀងអាហារ​ទំនុប​បំរុង​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រ​ឈម​​​ការខ្វះខាត​រួម និង​សម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត​ជា​បន្តបន្ទាប់ដែល​បម្រើឱ្យ​សកម្មភាព​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​ក្នុងនោះ​បានធ្វើ​ការបែងចែក​សម្រាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរ​ក្រុង ស្រុក​.​ឃុំ សង្កាត់​​ក្នុង​ខេត្ត​ចំនួន​២​លើក​រួចមកហើយ​ផងដែរ​។

ដោយឡែក​ជាការ​ជាក់ស្ដែង​ការបែងចែក​ប្រគល់ជូន​នូវអំណោយ​សម្ភារៈ បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ បង្ការ ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ដល់​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យបង្អែក​នាពេល​នេះ​គឺ គឺជា​លើក​ទី​៣។​ ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា​​សកម្មភាព​ទាំងអស់នេះ គឺ​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម​របស់​សប្បុ​រស​ជន ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ក្រុមហ៊ុន​សហគ្រាស​នានា ដែល​គិត​មកដល់ពេលនេះ ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​វិញ​កូ​វីដ​១៩ ជូន​ដល់​រដ្ឋបាលខេត្ត​គិត​ជា​ថវិកា​សរុប​ចំនួន​ ១៩.៥០០​ដុល្លារ និង​១៥​លាន​៩​សែន​រៀល រួម​និង​គ្រឿងឧបភោគ​បរិភោគ សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន​បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សម្ដែង​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​បុគ្គលិក គ្រូពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​ដែល​តែងតែបាន​យកចិត្តទុកដាក់ រួមដៃគ្នា​ជាមួយ​រដ្ឋបាលខេត្ត អាជ្ញាធរ​មូលដ្ឋាន​កង​​កម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ ក្នុងតួនាទី​ភារកិច្ច​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​របស់​គ្រូពេទ្យ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តកំពត​យ៉ាង​ស​ស្រាក់​សស្រាំ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត ទាំងអស់​បន្ត​ការខិតខំ​យកចិត្តទុកដាក់​និង​សហការ​ថែមទៀត អោយ​បានល្អ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​រួម​និង​អ្នកពាក់ព័ន្ធ​ពិសេស​ធ្វើ​ការ​​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល គឺ​ក្នុង​គោលដៅ​រួម ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​អំណោយ សម្ភារៈ​ដែល​បានធ្វើ​ការបែងចែក​ប្រគល់ជូន នាពេលនេះ ក្នុងនោះ​សម្រាប់​មន្ទីរពេទ្យបង្អែក​សរុប​ចំនួន​៥ មាន​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​សរុប​ចំនួន​១០ ម៉ាស​២៥​ប្រអប់​ទឹកសាប៊ូ​លាងដៃ​១០​ធុង​និង​សម្រាប់​មណ្ឌល​សុខភាព​ចំនួន៦៤ បានប្រគល់​ជូន​ឆ​ម៉ាស​សរុប​១៩២​ប្រអប់ អាកុល​៣២០​លីត្រ និង​ឧបករណ៍​សម្រាប់​ស្ទង់កំដៅ​ចំនួន​៦៤​ផងដែរ​៕
​អត្ថ​ប​ទៈ​លោក សាយ យាវ​