ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត ណាងឯកឧត្តមម៉ៅធនិនអភិបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរ អង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងអនុវត្តវិធានការបើកផ្លូវសាធារណៈរបស់រដ្ឋ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញ បន្តប់ពី ផ្លូវនេះបានធ្វើរបងបិទជាច្រើនឆ្នាំ ដោយបុគ្គល ឈ្មោះ គឹម សោភ័ណ្ឌ ស្ថិតនៅភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ការអនុវត្តចំណាត់ការវិធានការ ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការរុះរើទ្វាររបងចំនួន ០២កន្លែង ក្នុងនោះបង្គោលថ្ម ០៧ដើម និងប៉ុស្ដិ៍យាមចំនួន ១ (បណ្ដោយ១ម៉ែត្រ ទទឹង ២ម៉ែត្រ)។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកទឹកឈូ ក៏បានចេញសេចក្តីជូនដំណឹងណែនាំ ដល់លោក គឹម សោភ័ណ្ឌ ឲ្យមានការចូលរួមអនុវត្តចំណាប់ការបន្ថែមទៀត ដោយឲ្យរំកិលរបងក្បាលដីឲ្យបានទំហំ០៥ម៉ែត្រ ចាប់ពីអ័ក្សផ្លូវ និងរំកិលព្រំរបងខាងលិច ពីចំណីស្រះ ទំហំ២.៨ម៉ែត្រ។
ដោយឡែកបន្ទាប់មកក្រុមការងារក៏បានបន្ត ចុះពិនិត្យ នឹងអនុវត្តការ រុះរើរបងបន្លាលួសមួយកន្លែងទៀត ដែលបុគ្គល គឹម សោភ័ណ្ឌ បានបិទផ្លូវចេញចូលដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងធ្វើការរុះរើបង្គោលថ្មចំនួន ១១ដើម, បង្គោលឈើចំនួន ២៧ដើម, ខ្សែលួសចំនួន ៣ខ្សែស្មើនឹង ១៣០,៥ម៉ែត្រ។
ជាមួយឱកាសនោះ ពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការកក់ក្ដៅ ត្រេចអរនិងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចូលរួម ដោះស្រាយ បញ្ហាប្រឈមនិងក្តីកង្វល់របស់ពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាព។
ជាមួយនឹងចំណាត់ការនៃការរំលោភបំពានដីសាធារណៈរបស់រដ្ឋឬដីបុគ្គលឯកជន ដែលតែងតែមានការដោះស្រាយមានប្រសិទ្ធភាព នារយៈពេលកន្លងមកនេះ មហាជនបានចូលរួមអបអរសាទរ និងសម្បែងការសង្ឃឹមយ៉ាងកក់ក្ដៅថា អភិបាលខេត្តកំពតនឹងបន្តអនុវត្តវិធានការនិងការដោះស្រាយ ឲ្យមានប្រសិទ្ធភាព ពិសេសមានចំចាត់ការ ដល់ជនឆ្លៀតឱកាសដែលលួចបន្លំបំពារបំពានដីរបស់រដ្ឋនិងដីឯកជនបន្តទៀត ។
ជាមួយឱកាសនោះដែរ ឯកឧត្តមសេង សេរីបុត្រអភិបាលរងខេត្ត ក្នុងនាមតំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ មិនថាបុគ្គលមានទ្រព្យធនមានអំណាច ឬប្រជាពលរដ្ឋសាមញ្ញធម្មតា ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា មិនត្រូវធ្វើសកម្មភាពណាមួយរំលោភបំពារបំពាននាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋឬបុគ្គលអ្នកដទៃឡើយ បើពុំដូច្នោះទេការប្រព្រឹត្តនៅទង្វើខុសច្បាប់នេះ នាំឲ្យខូចកេរ្តិ៍ឈ្មោះនឹងប្រឈមចំពោះបញ្ហាមុខច្បាប់ទៀតផង។
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត