ខេត្តកំពតគឺជាខេត្តមានសកត្តានុពលក្នុងវិស័យឧស្សាហកម្ម ក្នុងនោះមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៣កន្លែង ដែលអាចផ្គត់ផ្គង់ស៊ីម៉ង់ត៍តម្រូវការប្រើប្រាស់ក្នុងប្រទេសបានជាង៧០% នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ។ ដោយឡែកនៅចុងឆ្នាំ ២០១៩ នេះរោងចក្រស៊ីម៉ង់ត៍ថ្មីមួយកន្លែងទៀតក្នុងខេត្តកំពតក៏បាននឹងកំពុងត្រៀមលក្ខណៈ ដើម្បីសម្ពោធដាក់ឲ្យដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួន នៅក្នុងខែវិច្ឆិការខាងមុខនេះ។
នេះតាមការអោយដឹងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសឯកឧត្តមបានអញ្ជើញចុះពិនិត្យកន្លែងទីតាំងភូមិសាស្ត្រដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការផ្លូវការ រោងចក្រថៃប៊ុនរ៉ុង់នេះ។
ឯកឧត្ដម នាយឧត្តមឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានឲ្យដឹងទៀតថា ពិធីសម្ពោធដាក់អោយដំណើរការនៃសង្វាក់ផលិតកម្មជាផ្លូវការរោងចក្រផលិតស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ខូអិលធីឌីនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងទីតាំងរោងចក្រនេះ នាថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ ២០១៩ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។
ឯកឧត្ដមនាយឧត្តមឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានអោយដឹង ដែរថា ពិធី សម្ពោធ នេះក៏ត្រូវបានត្រៀមលក្ខណៈទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិចូលរួមប្រមាណចំនួន២០០នាក់ និងវត្តមានចូលរួមរបស់ប្រជាពលរដ្ឋដើម្បីទទួលអបអរស្វាគមន៍សម្ដេចតេជោ និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួនប្រមាណ ៨៥០០នាក់។ ដូច្នេះពាក់ព័ន្ធការងាររៀបចំពិធីការ និងបញ្ហារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គ ពិធីទាំងមូល។
ឯកឧត្ដម នាយឧត្តមឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានណែនាំដល់ក្រុមការងារដែលមានវត្តមានឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តចូលរួម នាឱកាសនោះផងដែរព្រមទាំងមន្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមនឹងក្រុមហ៊ុនត្រូវត្រៀមរៀបចំធ្វើផែនការលំអិតតាមតួនាទីភារកិច្ចបែងចែកដោយធ្វើយ៉ាងណាអោយការប្រព្រឹត្តទៅ នៃពិធីសម្ពោធនាពេលខាងមុខនេះធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចអង្គពិធីទាំងមូលប្រកបដោយភាពរលូននិងជោគជ័យ។
សូមបញ្ជាក់ថា៖ រោងចក្រផលិតស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង(ខូអិលធីឌី)នេះគឺស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត អាចមានសមត្ថភាពផលិតបាន ប្រមាណ ៣០០០តោនក្នុងមួយថ្ងៃ ខណៈដែលរោងចក្រផលិតស៊ីម៉ង់ត៍ផ្សេងទៀតក្នុងខេត្តកំពតចំនួនបីមានរោងចក្រជីពម៉ុង ,រោងចក្រីទីង និងរោងចក្រខេស៊ីម៉ិន អាចផលិតបានក្នុងរង្វង់លើសខ្វះគ្នាបន្តិចបន្តួច៕
អត្ថបទៈ លោក សាយ យាវ