​ឯកឧត្ដម ជាវ តា​យ អញ្ជើញ​ជា​​អធិ​ប​តី​ក្នុង​​ពិ​ធី​បើក​​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​បេ​តុង ១​ខ្សែ​​នៅ​​ភូមិ​​ស្នំ​​ប្រាំ​ពីរ​ ឃុំ​​ម៉ាក់​​ប្រា​ង្គ​ ស្រុក​​ទឹក​ឈូ ខេត្ត​កំពត​

ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ បាន​អញ្ជើញជា​អធិបតីក្នុង​ពិធីបើក​ការដ្ឋានសាងសង់ផ្លូវបេតុង១​ខ្សែ​ ដែល​ស្ថិតនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង្គ ស្រុក​ទឹកឈូ ខេត្តកំពត និង​ក៏មាន​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ លោក​-​លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត គណៈ​អភិបាលខេត្ត រួម​និង​អាជ្ញាធរ មូលដ្ឋាន​ព្រមទាំង​សិស្ស និស្សិត ប្រ​ជា​ពលរដ្ឋ ផងដែរ​។


យោងតាមរបាយការណ៍ស្វាគមន៍របស់អភិបាល នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ លោក នាក់ សុ​វណ្ណា​រី​ អោយដឹងថា​៖ ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ពេលនេះ​នឹងត្រូវ​ធ្វើ​ពី​បេតុង​ស​សៃ​ដែក​មាន​ប្រវែង​៦៦០​ម៉ែត្រ​ទទឹង​៦​ម៉ែត្រ​មា​កម្រាស់​ ​០,១៥​ម៉ែត្រ​ផ្លូវ​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​និង​បម្រើអោយ​វិស័យ​ទេសចរណ៍​ដើមឡើយ គឺជា​ផ្លូវ​ប្រភេទ​ដីស​តូចចង្អៀត​ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ​១៣៨​រ​ នៅត្រង់ចំណុច​ខ្លោងទ្វារវត្ត​ព្រៃ​ទប់ដល់​មាត់​ព្រែក​ទឹកឈូ​ស្ថិតនៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​ម៉ាក់​ប្រា​ង្គ ​ស្រុ​ទឹកឈូ ខេត្តកំពត។


មានប្រសាសន៍​សំណេះសំ​ណា​ល ឯកឧត្ដម​ ​ជាវ តា​យ អភិបាលខេត្ត បាន​​ចាត់ទុក​ផ្លូវ​មួយ​ខ្សែ​ដែល​ត្រូវ​កំពង់ដំណើរការ​សាងសង់​ពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​ដែល​គម្រោង​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពត​សម្រេចបាន​ដើម្បី​ឆ្លើយ​បត​ក្នុង​ការបម្រើ​ប្រយោជន៍​សាធារណៈ​និង​ជួយ​សម្រាល​ការលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​មូលដ្ឋាននេះ ពិសេសសម្រាប់​បម្រើអោយ​វិស័យ​ទេស​ចរណ៍​​មក​​កំសាន្ត​​បាន​កាន់​តែមាន​ភាព​ទាក់ទាញ​ផងដែរ​។


ឯកឧត្ដមអភិបាលខេត្តក៏បាន​បញ្ជាក់ថា សមិទ្ធផលជាច្រើននានា​ដែល​រាជរដ្ឋាភិបាលសម្រេចបាន​កន្លងមកនេះ ​ក៏​ពិតជា​មិនអាច​កាត់ផ្ដាច់​ចេញពី​កត្តា​សុខសន្តិភាព​បានឡើយ​ព្រោះ​បើ​ប្រទេសជាតិ​គ្មាន​សន្តិ​ភាព​​កុំថាឡើយ​ការអភិវឌ្ឍ​សូម្បី​សិទ្ធ​សេរីភាព​ក៏​គ្មាន​ដែរ។ ដូច្នេះសូម​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ចូលរួម​ថែ​រក្ស​នូវ​សមិទ្ធផល​អ្វីៗ​ដែល​យើង​មាន​ដូច​សព្វ​ថៃ​នេះ ពិសេស​ថែរក្សា​នូវ​សុខសន្តិភាព​អោយបាន​គង់​វង្ស​​ដូច​សព្វថ្ងៃនេះ​បានយូរ​អង្វែង​ជា​រៀងរហូត​ទៅ​។ ឯកឧត្ដម ជាវ តា​យ អភិបាល ខេត្ត ក៏បាន​កោតសរសើរ​ដ​ល់​ដល់​អាជ្ញាធរ​ស្រុក ឃុំ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​និង​ប្រជាពលរដ្ឋ ដែល​បានរួម​សហការគ្នា​ល្អ ក្នុង​កិច្ចការពារ​និង​អភិវឌ្ឍ​មូលដ្ឋាន​បានល្អ​។


​ឯកឧត្ដម ​ជាវ តា​យ​ អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​សាងសង់រួមជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋត្រូវតែ​ចូលរួម​សហការគ្នា​ដើម្បី​ធ្វើអោយ​ការងារ​សាងសង់​ប្រកបដោយ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​និង​បាន​រលូន​ឆាប់រហ័ស​និង​ទទួលបាន​លទ្ធផល​ជោគជ័យ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​