អាជ្ញាធរខេត្តកំពតធ្វើ​កម្មវិធី​ពិសារ​សាច់ជ្រូកសុវត្ថិភាព

នៅ​រង្វង់​មូល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរ ខេត្តកំពត​បានរៀបចំ​នូវ​កម្ម​ពិធី ពិសារ​សាច់ជ្រូក​សុវត្ថិភាព​ក្រោម​ការចូលរួម​ពី ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្ដម ​ជឹ​ង ផល្លា ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និង​មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញ​ខេត្ត អាជ្ញាធរមូលដ្ឋាន សិស្ស និស្សិត ប្រជាពលរដ្ឋប្រកបដោយ​ភាពស្និទ្ធស្នាល​។​

​នៅក្នុង​ឱកាស​នោះ​លោក ចាន់ រិ​ទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​​បាន​ឲ្យ​ដឹងថា​តាម​ស្ថិតិ​សត្វ​ជ្រូក​នៅក្នុង​ខេត្តកំពត សរុប​មាន​ចំនួន ៨៩ ៦០១​ក្បាល ចំណែកឯ​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មាន​២០​កន្លែង មាន​សត្វ​ជ្រូក​សរុប​ចំនួន ២១,១៥៥​ក្បាល​។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ និង​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​បានធ្វើ​ជីវ​សុវត្ថិភាព (​បាញ់ថ្នាំ​រំងាប់​មេរោគ​) នៅ​កន្លែង​ចិញ្ចឹម​ជ្រូក បាន​ចំនួន ៦៧​​កន្លែង នៅតាម​ភូមិដ្ឋាន និង​ទ្រុង​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ បាន​ចំនួន​១៧​ដង , សត្តឃាតដ្ឋាន ៩៩​ដង និង​តាម​ផ្លូវជាតិ​ចំនួន ៧​ដង​។

​ជាងនេះទៅទៀត ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​បាន​ដកហូត និង​គំ​ទេច គ្រឿងក្នុង​ជ្រូក ៦៧​គឺ​ឡូ​ក្រាម​, ផ្ទាំង​សាច់សត្វ​ជ្រូក​ចំនួន ៤៥​គីឡូក្រាម ឆ្អឹង​ជ្រូក​ឈឺ​៣១២​គឺ​ឡូ​ក្រាម នៅ​ស្រុក​ឈូក ដែល​​នាំចូល​ពី​ខេត្តតាកែវ ដកហូត និង​កប់​សត្វ​ជ្រូក​ឈឺ​ទាំងមូល​ចំនួន​មួយ​ក្បាល​ទម្ងន់ ១៦០​គីឡូក្រាម​នៅ​ស្រុក​អង្គរជ័យ ដែល​នាំចូល​ពី​ខេត្តតាកែវ​, បាន​ដកហូត និង​ដុត​កំទេច​សាច់​លាយ​ឆ្អឹង​សត្វ​ជ្រូក​ឈឺ​ចំនួន ៣៥​គីឡូក្រាម នៅ​ក្រុង​កំពត​ផងដែរ ។

​ថ្លែង​នៅក្នុង​ពិធី​ពិសារ​សាច់ជ្រូក​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ថា ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ជា​ជំងឺឆ្លង​រាតត្បាត​ខ្លាំង ដែល​ចម្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក និង​រវាង​សត្វ​ជ្រូកស្រុក និង​សត្វ​ជ្រូកព្រៃ​តែប៉ុណ្ណោះ ហើយ​ជំងឺ​នេះ​មិនមាន​ការឆ្លង ឬ​បង្ក​ផល​អវិជ្ជមាន មកលើ​សុខភាព​មនុស្ស​ឡើយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​កុំ​យល់​ច្រ​លំ ហើយ​សូម​ចូលរួម​ពិសារ​សាច់ជ្រូក​ឲ្យ​បាន​ដូច​ពេល​ធម្មតា​វិញ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា​នៅក្នុង​រយៈពេល​ដែលមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​នៅ​ប្រទេស​កម្ពុជា មានមតិ​មួយចំនួន​បាន​លើកឡើងថា ការ​ពិសា​សាច់ជ្រូក អាចមាន​ផលប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស តែ​ក្នុង​ពេលនេះ ក្នុងនាម​រដ្ឋបាលខេត្ត រួមជាមួយ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត សូមបញ្ជាក់​ដដែល​ថា ការបរិភោគ​សាច់ជ្រូក​ដែល​ឆ្លងកាត់​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​សមត្ថកិច្ច​ជំនាញ​​បសុពេទ្យ និង​ឆ្លងកាត់​ការ​ចំអិន​ជាធម្មតា នៅតែមាន​សុវត្ថិភាព ចំពោះ​សុខភាព​មនុស្ស​។

-​សូមប​ញ្ជាំ​ក់ថា កម្មវិធី​ពិសា​សាច់ជ្រូកសុវត្ថិភាព នេះ​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម​ខេត្តកំពត សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី បានរៀបចំ​ជ្រូក​ខ្វៃ​ចំនួន ១៥​ក្បាល នំ​បុ័ង​ចំនួន​៤០០​ដើម និង​ទឹក​សុទ្ធ ៥០​កេស ពិសា​រួមគ្នា​ដើម្បី​បង្ហាញ​ឲ្យ​សាធារណៈជន​ទាំងអស់ បាន​យល់​ឲ្យ​កាន់តែច្បាស់​ថា ការ​ពិសា​សាច់ជ្រូក​នៅតែមាន​សុវត្ថិភាព និង​មាន​សារៈសំខាន់​ចំពោះ​សុខភាព​មនុស្ស​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​