ស្រូវប្រាំងជាងប្រាំរយហិចតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានកំពុងជួយសង្គ្រោះបន្ទាន់ តាមរយៈរដ្ឋបាលខេត្តកំពត ក្នុងការជំរុញកិច្ចសហការជាមួយមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាំយកនូវម៉ាស៊ីនបូមទឹកជាបឋមចំនួន៤គ្រឿង ដើម្បីបញ្ចៀសនូវការខូចខាត់ដំណាំស្រូវប្រាំងរបស់ពលរដ្ឋ។
បន្ទាប់ពីទទួលបាននូវព័ត៌មានស្រូវប្រាំង របស់ប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាការខូចខាត់ ដោយសារគ្រោះកង្វះទឹក មិនអាចប្រមូលផលបាន ឯកឧត្តម ជាវ តាយ អភីបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធនិងមន្ទីរអង្គភាពជុំវិញខេត្តរួមនិងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យដល់វាលស្រែស្រូវប្រាំងជាក់ស្តែងរបស់ប្រជាកសិករ និងបានជួយអន្តរាគមន៍បូមទឹកដាក់ស្រែប្រាំងដើម្បីសង្គ្រោះស្រូវជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអង្គុញ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសខេត្តកំពតដែលមានទំហំផ្ទៃដីប្រមាណជាងប្រាំរយហិចតា។
មានប្រសាសន៍ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា ការគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជារឿងចម្បងបំផុតសម្រាប់ថ្នាក់ដឹកនាំខេត្ត ហើយការចុះមកនៅថ្ងៃនេះក៏មិនមែនមកដើម្បីតែបូមទឺកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋមួយមុខនោះទេ គឺលោកចង់ជួយដោះស្រាយ បញ្ហា និងទុកខ្វល់ផ្សេងៗនៅក្នុងមូលដ្ឋានរបស់ពលរដ្ឋបន្ថែមទៀតផងដែរ។
ឯកឧត្តមបានបន្តថា ក្រោយពីបានស្តាប់នូវការលើកឡើងរបស់មេឃុំ និងសំណើរប្រជាពលរដ្ឋ មានបញ្ហាសំខាន់បីដែលរដ្ឋបាលខេត្តនិងមន្ត្រីជំនាញត្រូវដោះស្រាយជូន ទី១.ការជួយបូមទឹកដាក់ស្រែប្រាំង ដើម្បីសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលា ទី២.ស្វែងរកទីផ្សារស្រូវឲ្យបានថ្លៃជាងមុន ប្រធានសភាពាណិជ្ជកម្មខេត្តត្រូវប្រឹងឲ្យអស់លទ្ធភាពក្នុងការកៀងគរអ្នកវិនិយោគ ឬឈ្មួយស្រូវធំៗឲ្យបានច្រើន និងទី៣.មន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្រូវចុះសិក្សាប្រពន្ធប្រឡាយទឺកឲ្យបានច្បាស់លាស់ តើត្រូវស្តារតាមការស្នើរបស់ពលរដ្ឋឬធ្វើយ៉ាងណា។
តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្តម ជាវ តាយ បានស្នើឲ្យប្រជាពលរដ្ឋធ្វើស្រូវប្រាំងឬស្រូវពូជប្រភេទ(អ៊ីអ៊ែ) តែ២ដងបានហើយក្នុងឆ្នាំនេះ ព្រោះទឺកទន្លេវិញទេរបស់វៀតណាមដែលហូរមកស្រោចស្រប់ ស្រុកបន្ទាយមាស បានស្រក់ចុះខ្លាំងខុសពីប្រក្រតី ខណៈដែលការព្យាករណ៍ថាកម្ពុជាអាចនឹងប្រឈមអូសបន្លាយភាពគ្រោះរាំងស្រួតមានរយៈពេលយូរ។ ម្យ៉ាងទៀតត្រូវពិចារណាមើល ថាតើការធ្វើស្រែប្រាំងចំណេញឬអត់? ឬត្រូវដាំដំណាំអ្វី ដែលប្រើទឹកតិច ហើយចំណេញបានច្រើនជាងដាំដំណាំស្រូវ។
-សូមបញ្ជាក់ថាតាមរបាយការណ៍របស់អភិបាលស្រុកបន្ទាយមាស លោក មួង នឿន នាឱកាសនោះបានឲ្យដឹងថា ផ្ទៃដីស្រែប្រាំងដែលកំពុងប្រឈមនឹងការខូចខាតដោយសារកង្វះទឹកមានចំនួនបីភូមិ នៅឃុំត្នោតចុងស្រង់ លើផ្ទៃដីដាំដុះសរុបប្រមាណ ៥១២ហិកតា។ មកដល់បច្ចុប្បន្នដំណាំស្រូវប្រាំងមិនទាន់រងការខូចខាត់នៅឡើយទេ ប៉ុន្តែដោយសារប្រជាពលរដ្ឋគ្មានលទ្ធភាពក្នុងការបូមទឹកដាក់ស្រែ ទើបស្នើសុំដល់រដ្ឋបាលខេត្ត គាត់ដូចមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ផងដែរ៕
អត្ថបទៈ លោក សាយ យាវ