កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិកំពង់កែសឃុំត្រពាំងសង្កែស្រុកទឹកឈូខេត្តកំពត។ អង្គការមូលនិធិអភិវឌ្ឍន៍មុស្ល៉ីមកម្ពុជា ក្រោមកិច្ចសហការជំនួយឧបត្ថម្ភរបស់អង្គការមូលធិនិទួរគីឌីយ៉ានេតនៃប្រទេសទួរគី បានរៀបចំធ្វើពិធីចែកសាច់គោគួរបានក្នុងថ្ងៃបុណ្យរ៉យ៉ាហាជីដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រោមវត្តមានចូលរួមពីសំណាក់ឯកឧត្ដម លី សារី សមាជិកព្រឹទ្ធសភា ឯកឧត្ដម ម៉ាត់ សេត តំណាងរាស្តមណ្ឌលកំពតនិងជា តំណាងឯកឧត្ដមអូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្ល៉ីមកម្ពុជាព្រមទាំងថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។
ឯកឧត្ដម ម៉ាត់ សេត តំណាងឯកឧត្ដមអូស្មាន ហាស្សាន់ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្ល៉ីមកម្ពុជាបានអោយដឹងថា៖គម្រោងចែកសាច់គោគួរបានក្នុងឱកាសថ្ងៃបុណ្យរ៉យ៉ាហាជីសម្រាប់ប្រជាពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជានាពេលនេះគឺជាគម្រោងលើកទី៧ក្រោមជំនួយឧបត្ថម្ភរបស់អង្គការទួរគីឌីយ៉ានេតប្រទេសទួរគីតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្ល៉ីមកម្ពុជា ដោយផ្ដោតលើទីតាំងកន្លែងគោលដៅបែងចែកមានចំនួន១៩រាជធានី-ខេត្ត។ ក្នុងនោះគោលដៅសម្រាប់នៅក្នុងខេត្តកំពតមានគោដែលត្រូវបែងចែកចំនួន១០០ក្បាល សម្រាប់បែងចែកមានខេត្តចំនួន៦ គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវនិងខេត្តកោះកុង ហើយក្នុងនោះដែរខេត្តកំពត ត្រូវបានទទួលគោចំនួន៧៥ក្បាលសម្រាប់បែងចែកទៅតាមភូមិ ឃុំ ក្នុងខេត្តផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្ដម លី សារី សមាជិកព្រឹទ្ធសភា បានលើកបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានដឹកនាំប្រទេស នាំមកនូវ សុខសន្តិភាពពេញបរិបូណ៌និងមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងបាននាំមកនូវសុខដុមបនីយកម្មសាសនា ដោយមានការសម្របសម្រួលជូនប្រជាពលរដ្ឋនូវការគោរពជំនឿសាសនារៀងៗខ្លួន និងប្រជាពលរដ្ឋមានការរស់នៅប្រកបដោយសុខដុមរម្យនាក្នុងគ្រួសារ។
ឯកឧត្ដម លី សារី ក៏បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃស្ថប័នជាតិទាំងបីជូនចំពោះប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណកោតសរសើរដល់បងប្អូនសាសនិកខ្មែរឥស្លាមនៅទីនោះដែលតែងតែមានការគាំទ្រនិងជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។
ឯកឧត្ដម លី សារី ក៏បានថ្លែងអំណរគុណនិងកោតសរសើរផងដែរ ចំពោះអង្គការទួរគីឌីយ៉ានេតនៃប្រទេសទួរគី ដែលតែងតែធ្វើអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ពិសេសការធ្វើអំណោយសាច់គោដល់ប្រជាពលរដ្ឋក្រីក្រក្នុងពិធីបុណ្យ រ៉យ៉ាហាជីពេលនេះគឺជាអំពើកុសលផលបុណ្យដ៏ប្រពៃសម្រាប់បុណ្យមួយនេះផងដែរ។
ឯកឧត្ដម លី សារី ក៏បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអប់រំកូនចៅពិសេសយុវជនត្រូវតែចូលរួមថែរក្សានូវសមិទ្ធអ្វីៗមានសព្វថ្ងៃនេះពិសេសសុខសន្តិភាពនៅកម្ពុជាយើងដែលរកបានមកដោយលំបាក និងក៏ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួនផងដែរពោលគឺគ្មានចោរកម្ម គ្មានល្បែងស៉ីសងនិងគ្មានគ្រឿងញៀន៕
អត្ថបទៈ លោក សាយ យាវ