ពិធី​ប្រគេន​ទេយ្យវត្ថុ​និង​ទៀន​ព្រះ​​វស្សា​ដល់​ព្រះសង្ឃ​ចំនួន​ ២៦៨​វត្ត​ក្នុង​ខេត្តកំពត​

កាលពី​រសៀល​ថ្ងៃ​សៅរ៍​១២​កើត ខែអាសាឍ ឆ្នាំកុរ​ឯកស័ក ពុទ្ធសករាជ ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​ នៅ​សាលសន្និសីទ​ខេត្ត រដ្ឋបាល​ខេត្តកំពតបានធ្វើ​ពិធី​ប្រគេន​ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​ដែល​បាន​និមន្ត​មកពី​វត្ត​នានា​ទូទាំង​ខេត្តកំពតចំនួន ​២៦៨​វត្ត ដោយ​មានការ​និមន្ត​ចូលរួម​ពី​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ក្នុង​ខេត្ត​ ​និង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ​ប៉ែន ស៊ីម៉ន ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាជាតិ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ​ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ​ លោក​-​លោកស្រី ជា​សា​ជិ​ក សមាជិកា ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង​ស្រុក​និង​មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត យាយជី តាជី ប្រជា​ពុទ្ធបរិស័ទ​និង សិស្ស​និស្សិត​ប្រមាណ ​១៤៣៣​អង្គ​-​នាក់​។​

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តមបណ្ឌិត ​ប៉ែន ​ស៊ីម៉ន​ ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ រដ្ឋបាល​ខេត្តកំពត ពិសេស​ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួម​ពុទ្ធបរិស័ទ​សប្បុរសជន ដែល​បាន​រួមគ្នា​ផ្ដើមធ្វើ​នូវ​កម្ម​ពិធី​នាពេលនេះ​ឡើង​។ ដោយ​ឯកឧត្តម បានចាត់ទុក​នេះ​គឺជា​បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ខែ្មរ​យើង​តែងមាន​ជំនឿ​និង​ធ្វើ​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ដ៏​រុងរឿង​នៃ​យើង​ជា​រៀងរាល់ឆ្នាំ​ពុំដែល​អាក់ខាន ដើម្បី​ជួយ​ផ្គត់ផ្គង់​សម្រាល​ការលំបាក​ដល់​ជីវភាព​របស់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​៣​ខែ​តាម​ពុទ្ធបញ្ញត្តិ​។​

​ឯកឧត្តម​បណ្ឌិត ​ប៉ែន ស៊ីម៉ន​ ក៏បាន​មានប្រសាសន៍​បន្ត​លើកឡើង​ទៀតថា​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​លើផ្លូវ​ត្រូវ​ប្រកបដោយ​គ​តិ​បណ្ឌិត​របស់​សម្ដេចតេ​ជោ ហ៊ុន សែន វិស័យ​ពុទ្ធចក្រ​មានការ​រីកចម្រើន​គួរ​អោយ​កត់សម្គាល់​។ ហើយ​វិស័យ​ពុទ្ធចក្រ​នេះ​រុងរឿង​ទៅបាន​ដោយសារ​វិស័យ​អាណាចក្រ ហើយអាណាចក្រ​រុងរឿង​ទៅបាន​ដោយសារ​ស្រុកទេស​យើង​មាន​សុខសន្តិភាព ទើប​មាន​សិទ្ធ​សេរីភាព​និង​មានការ​អភិវឌ្ឍ ព្រមទាំងលទ្ធិ​ប្រជា​ធិប​តេយ្យ​ផងដែរ​។

ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់រូប​ត្រូវ​បន្ត​រួបរួម​សា​មគ្គ​គ្នា​ធ្លុង​មួយ​និង​ត្រូវតែមាន​ជំនឿ​ជឿជាក់​លើ​រាជ​រដ្ឋា​ភិ បាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​ថែរក្សា​ការពារ​សុខសន្តិភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​កាន់តែ​រឹងមាំ​ថែមទៀត​។​

ទេយ្យវត្ថុ​ និង​ទៀន​ព្រះវស្សា​ដែល​បាន​ប្រគេន​សម្រាប់​ព្រះសង្ឃ ទាំង​២៦៨​វត្ត​ក្នុង​មួយ​វត្តមាន​ទៀន​ព្រះវស្សា​១​គូរ អង្ករ​៥០​គីឡូ​ទឹកក្រូច​១​កេះ ទឹក​សុទ្ធ​១​កេះ​និង បច្ច័យ​១៥​ម៉ឺន​រៀល​តាអាចារ្យ​មកពី​វត្ត​ទាំង​២៦៨​វត្ត​ម្នាក់​៤​ម៉ឺន​រៀល​បច្ច័យ​ក្នុងនោះ​មានការ​ចូលរួម​ពី​ឯកឧត្តម បណ្ឌិត ប៉ែន ស៉ី​ម៉ន រដ្ឋបាលខេត្ត​កំពង​និង​ពុទ្ធ បរិស័ទ តាម មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​