ឯកឧត្តម ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្តកំពត​ប្រចាំឆ្នាំ​២០១៩-២០២០ និង​ការត្រៀម​រៀបចំ​កំពត​សង្ក្រាន្ត​ឆ្នាំ​២០២០

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ​ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​សំខាន់​ចំនួន​ពីរ​ដែល​រដ្ឋបាល​ខេត្តកំពត ត្រៀមលក្ខណៈ​អនុវត្ត​ធ្វើ​ក្នុង​ខែមីនា ​និងខែមេសា​ឆ្នាំ​២០២០​ខាងមុខនេះ ​ដែល​កិច្ចប្រជុំមានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក​និង​មន្ទីរ​អង្គភាព ជំនាញ​ក្នុង​ខេត្ត​។​

​របៀបវារៈ​ការងារ​សំខាន់ៗ​ចំនួន​ពី​ដែលរ​អង្គប្រជុំ​យកមក​ពិនិត្យ​ពិភាក្សា​រួមមាន​គឺៈ​
​ទី​១​ត្រៀម​រៀបចំ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩-២០២០ ដែល​រដ្ឋបាល​ខេត្តកំពត នឹង​ត្រៀម​ដំណើរ​ការបើក​រយៈពេល ០២​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៦-១៧​ខែមីនា​២០២០​នេះ​។​
​ទី​២ ត្រៀមលក្ខណៈ​សម្បត្តិ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​កំពត​សង្ក្រាន្ត២០២០ ​ក្នុង​ពាក់កណ្ដាល​ខែមេសា​ខាងមុខ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ពាក់ព័ន្ធ​នឹង​ការងារ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន របស់​រដ្ឋបាល​ខេត្តកំពត​ប្រចាំឆ្នាំ​២០១៩-២០២០ ។ ឯកឧត្តម ​ជាវ តា​យ ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត គឺមាន​រយៈពេល​មួយឆ្នាំ​ម្ដង ដើម្បីរួមគ្នា​ធ្វើការ​ពិនិត្យពិភាក្សា​នូវ​វឌ្ឍនភាព​ន​នៃ​ការងារ​សម្រេចបាន ក៏ដូចជា​ការរួម​គ្នា​ពិនិត្យពិភាក្សា​រក​ដំណោះស្រាយបញ្ហា​ប្រឈម​នានា ​និង​អនុវត្ត​បន្ត​ឱ្យមាន​ប្រ​សិទ្ធ​ភាព​​ថែមទៀត​។

ដូចនេះ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ក៏ដូចជា​អាជ្ញាធរ​ក្រុង-ស្រុក នៅក្នុង​រយៈពេល ០២​ថ្ងៃ​នៃ​អង្គសន្និបាត ត្រូវមាន​វត្តមាន​ឲ្យ​បាន​ទាំងអស់គ្នា​។ ដោយឡែក​សម្រាប់​ការត្រៀម​រៀបចំ​ដំណើរការ​កំពត​សង្ក្រាន្ត​ឆ្នាំ ២០២០​ឯកឧត្តម​ ជាវ តា​យ អភិបាល​ខេត្តកំពត​ក៏បាន​លើកឡើងថា បើទោះបីជា​កម្ពុជា​មាន​ក​រ​ណី​ឆ្លង​ជំងឺ​កូ​វីត ១៩ ក៏ពិតមែន ប៉ុន្តែ​សម្រាប់​ខេត្តកំពត មិនទាន់មាន​ករណី​សង្ស័យ​ណាមួយ​នៅឡើយ​ទេ​ហើយ​សម្រាប់​នៅក្នុង ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុននេះ រដ្ឋបាលខេត្ត​នឹង​ត្រៀម​រៀបចំ​កំពត​ស​ង្ក្រា​ន ឆ្នាំ​២០២០ ឲ្យ​បាន​កាន់តែ​ធំ និង​សប្បាយរីករាយ​ជាង​មុន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ម​កម្សាន្ត​កាន់តែច្រើន​។

ឯកឧត្តម​ ជាវ តា​យ ក៏បាន​ជំរុញ​ណែនាំដល់​មន្ទីរ-អង្គភាព និង​រដ្ឋបាល​ក្រុង-ស្រុក ​ក្នុង​ខេត្ត ពិសេស​ប្រធាន អនុប្រធាន ​និងសមាជិកអនុគណៈកម្មការ​ទាំង​៦ សូម​យកចិត្តទុកដាក់ និង​ចូលរួម​សហការ​បន្ត​អនុវត្ត​ភារកិច្ច​ការងារ តាម​ការ​ចាត់​ចែង និង​ការណែនាំ​ក្នុង​អនុគណៈកម្មការ​និ​មួយៗ រៀបចំ​ចាត់​តាំងនូវ​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ផ្សេងៗ​ពិសេស​ក្រុង-ស្រុក ​នៅ​មូលដ្ឋាន​ក៏ត្រូវ​បំផុសស្មារតីផ្សព្វផ្សាយដល់មជ្ឈដ្ឋាន​មហាជន​ទូទៅឲ្យ​បាន​ទូលំទូលាយ ក្នុងការ​ចូលរួម​រៀប​ចំ​​តាំងពិព័រណ៍ អំពី​សក្ដានុពល​និង​សម​ទ្ធិ​ផល​ដែល​រដ្ឋបាល​ក្រុង ស្រុក​ខ្លួន​មាន​ដើម្បី​ធានាបាន​ថា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ទទួលបាន​ភាព​ស្បាយរីករាយ និង​មាន​សន្តិសុខសុវត្ថិ​ភាពល្អ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​