​ក្រុង​-​ស្រុក​ដែល​ងាយ​ប្រឈម​នឹង​គ្រោះធម្មជាតិ​ត្រូវតែ​ត្រៀមលក្ខណៈ​គ្រប់ពេលវេលា​

​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត បាន​ណែនាំ​ដល់​អនុសាខា​ក្រុង​ស្រុក​ដែល​ងាយ​ប្រឈម​នឹង​គ្រោះ​ធ​ម្ន​ជាតិ ឱ្យ​ត្រៀម​គ្រប់លក្ខណ​:​ជាមុន​ដើម្បី​ងាយស្រួល​ចុះ​អន្តរាគមន៍​បាន​ទាន់ពេលវេលា នៅពេល​ហេតុការណ៍​កើតឡើង​ដោយ​គ្មាន​ព្រាងទុក​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​៩​ខែ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពត នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត បាន​លើកឡើងថា ការត្រៀម​លក្ខណៈ​បំរុង​ទុកជាមុន​ដើម្បី​ងាយស្រួល​ចុះ​អន្តរាគមន៍​បាន​ទាន់ពេលវេលា នៅពេល​ហេតុការណ៍​កើតឡើង​ដោយ​គ្មាន​ព្រាងទុក ជាពិសេស​គ្រោះធម្មជាតិ គឺជា​ការងារ​ចាំបាច់​សម្រាប់​ទិសដៅ​អនុវត្ត​បន្ត​នាពេលខាងមុខ នៅតាម​បណ្តា​អនុសាខា​កាកបាទក្រហម​ក្រុង​-​ស្រុក​ទាំង​៩ ជាពិសេស​ក្រុង​ស្រុក​ដែល​ប្រឈម​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​មានប្រសាសន៍ថា ជាធម្មតា​ភូមិសាស្ត្រ​នៃ​ក្រុង​-​ស្រុក​នីមួយៗ​មិន​ដូចគ្នា​ទេ​។ ដូច្នេះហើយ​ផល​អាក្រក់​ដែល​ទទួលរង​ពី​គ្រោះធម្មជាតិ​តែង​តេ​មាន​លក្ខណ​:​ខុសប្លែក​ពីគ្នា​។ ឯកឧត្តម​បាន​បន្តថា ពិសេស​តំបន់​ដែល​ជាប់​នឹង​ភ្នំ តែង​ជួបប្រទះ​នូវ​ព្យុះភ្លៀង ខ្យល់​កន្ត្រាក់ បង្ក​ជា​ទឹកជំនន់​លិចលង់​ភូមិឋាន ស្រែចម្ការ​យ៉ាង​ឆាប់រហ័ស​។ ដោយឡែក​តំបន់​មាត់សមុទ្រ​រមែង​ទទួលរង​នូវ​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដូចជា​រលំ​ផ្ទះសម្បែង ប៉ះពាល់​អាយុជីវិត​មនុស្ស​សត្វ​ជាដើម​។

​ឯកឧត្តម ម៉ៅ ធនិន បាន​ណែនាំ​ថា ជាការ​ប្រុងប្រយ័ត្ន​ជុំវិញ​ករណី​ទាំងនេះ គ្រប់​អនុសាខា​ក្រុង​ស្រុក​ដែល​ប្រឈម​បញ្ហា​ទាំងនេះ ចាំបាច់​ត្រូវតែ​ត្រៀម​គ្រប់លក្ខណ​:​ដើម្បី​ងាយស្រួល​ចុះ​អន្តរាគមន៍​បាន​ទាន់ពេលវេលា នៅពេល​ហេតុការណ៍​កើតឡើង​។ ជាធម្មតា មហន្តរាយ​បង្កឡើង​ដោយ​គ្រោះធម្មជាតិ មិនអាច​នរណាម្នាក់​បានដឹង​មុន​នោះទេ ដូច្នេះ​អ្វីដែល​ត្រូវ​ត្រៀម​ជាមុន​រួមមាន​៖ មធ្យោបាយ​សង្គ្រោះបន្ទាន់ ស្បៀងអាហារ បរិក្ខា​សុខាភិបាល​ជាដើម​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​