បេក្ខជន​បាក់​ឌុប​៨០%​ក្នុង​ខេត្តកំពត ប្រឡង​ជាប់​ខណៈ​និ​ទេ្ទ​ស A កើនឡើង​ជាង​ឆ្នាំមុនៗ​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ សម្រាប់​ខេត្តកំពត​មាន​បេក្ខជន​ប្រឡង​ជាប់​ជាង ៤​ពាន់​នាក់ ស្មើរ​នឹង​៨០%​នៃ​បេក្ខជន​មក​ប្រឡង ខណៈដែល​បេក្ខ​ជន​​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន​២៣​នាក់​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពត បានអោយដឹងថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំនេះ បេក្ខជន​មក​ប្រឡង​សរុប​ចំនួន ៥,១៤៥​នាក់ ក្នុងនោះ​ស្រី ២,៦៣៥​នាក់​។ ដោយឡែក​បេ​ក្ខ​ប្រឡង​ជាប់​មាន​ចំនួន​៤១១៦​នាក់ ក្នុងនោះ​មាន​ស្រី ២,២១៧​នាក់​។ របាយការណ៍​ដដែល​បាន​បន្ថែមថា កាលពី​ឆ្នាំ​២០១៨ បេក្ខជន​និទ្ទេស A មាន​ចំនួន ១៧​នាក់ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ មានការ​កើន​​ឡើង ពោលគឺ​បេក្ខជន​និទ្ទេស A មាន​ចំនួន ២៣​នាក់ និង​និទ្ទេស B ១១៨​នាក់​, និទ្ទេស C ៣៤៤​នាក់​, និទ្ទេស D ៨០២​នាក់​, និទ្ទេស E ២,៨២៩​នាក់​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​០៩-១០ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​អប់រំ​បានប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​រាជធានី​-​ខេត្ត សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ ដែលមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង ៦៨.៦២​ភាគរយ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន ​២,៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​ ៥,៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤,​១០០​នាក់ និង​និទ្ទេស E ចំនួន​ ៥៦,២៣២​នាក់​៕
​អត្ថ​ប​ទៈ លោក តារា​