​ឯកឧត្តម ចម ប្រសិទ្ធ និង​ថ្នាក់ដឹកនាំ​ខេត្តកំពត​-​កែប ចុះ​ពិនិត្យ​ដំណើរការ​ស្ដារឡើងវិញ​នូវ​ទំនប់​ប្រទាក់ក្រឡា​ក្រោយ​ទទួលរង​ការវាយប្រហា​ដោយ​ទឹកជំនន់​

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពត​និង​ឯកឧត្តម ជាវ​តា​យ​អភិបាល​ខេត្តកំពត ឯកឧត្ដម​ជឹ​ង​ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​និង​ឯកឧត្តម​កែ​នស​ត្ថា​អភិបាលខេត្ត​កែប រួម​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ នៅ​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៩ បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ដំណើរការ​ស្ដារ​ជួសជុល​ឡើងវិញ​នូវ​ទំនប់​ប្រទាក់ក្រឡា​ក្រោយ​ទទួលរង​ការវាយប្រហា​ដោយ​ទឹកជំនន់​កាល​វេលា​រៀប​ភ្លឺ​នា​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មី​នេះ​។​

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​ក្រុមការងារ​អន្តរាគមន៍​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​ប្រជាពលរដ្ឋ​នាឱកាស​នោះ ឯកឧត្ដម​ ជាវ តា​យ ​អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា បញ្ហា​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​គឺជា​ទុក​លំបាក​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់​ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ហើយ​សម្តេច​តេ​ជោ​តែងតែ​ក្រើនរំលឹក​ណែនាំ ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចុះជួយ​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​គ្រប់ពេលវេលា​។

ឯកឧត្តម​ ជាវ តា​យ ​អភិបាលខេត្ត​ក៏បាន​សូម​ការ​អធ្យាស្រ័យ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ក្រុមការងារ​ដែល​ឯកឧត្តម​អវត្តមាន​មិនបាន​ចុះ​ជាប់​ផ្ទាល់​នៅពេល​ទំនប់​បាក់​ភ្លាមៗ​ដោយសារ​បញ្ហា​សុខភាព​ដែល​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ដោយសារ​រវល់​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​។ ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ថា ប៉ុន្តែ​ទោះបីយ៉ាងណា​ឯកឧត្តម​តែងតែបាន​ណែនាំ​ចាត់​បញ្ជូន​អោយ​ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​មូលដ្ឋាន​នៅជាប់​ជាមួយ​សភាពការណ៍​និង​បងប្អូន​ជាប្រចាំ​ជានិច្ច​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែ​រ់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី​ ចម ប្រសិទ្ធ​ បាន​កោតសរសើរ​ដល់​អាជ្ញាធរ​និង​មន្ត្រី​នៃ​ខេត្ត​ទាំងពីរ​កំពត​-​កែប ព្រមទាំង​ក្រុមការងារ​អន្តរាគមន៍​ក្រសួង​ធនធានទឹក​រួម​នឹង​ប្រជាពលរដ្ឋ ដែល​បាន​រួម​សហការគ្នា​បាន​ម្ចាស់ការ​គ្រប់គ្រង​ស្ដារ​ជួសជុល​ឡើងវិញ​នូវ​ការបាក់​ទំនប់ទឹក​នេះ​ដែលជា​សក្ដានុពល​ធន​ធាន​ទឹក​ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ខេត្ត​ទាំងពីរ​កំពត​-​កែប​។​

​ឯកឧត្ដមទេសរដ្ឋមន្ត្រី​ក៏បាន​ផ្ដាំ​ផ្ញើអោយ​មន្ត្រី​បច្ចេកទេស​ ត្រូវខិតខំ​យកចិត្តទុកដាក់​លើ​ការស្ដារ​ជួសជុល​ទំនប់​នេះ​ទាំង​គុណភាព​និង​បរិមាណ​ទឹក​អោយបាន​កាន់តែ​ប្រសើរ​ឡើងវិញ​ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ពិសេស​បម្រើ​អោយ​​​វិស័យ​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្ត​ទាំងពីរ​កំពត​-​កែប​ផងដែរ​។​ ជាមួយ​នោះដែរ ថ្នាក់ដឹកនាំខេត្តកំពត​ក៏បាន​នាំយក​នូវ​ថវិកា​មួយចំនួន​ជូន​ប្រជាពលរដ្ឋ​និង​ក្រុមការងារ​ផងដែរ​។​

សូមបញ្ជាក់ថា​៖​ទំនប់​អាងទឹក​នេះ​ជា​ប្រភេទ​អាងទឹក​ដែលមាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ ១០​លាន​ម៉ែត្រគូប​។​ ​ដោយសារ​ក្នុង​រយៈពេល​ជាង​១០​ថៃ្ង​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ពិសេស​នៅ​យប់​ថៃ្ង​ទី​១០ ខែសីហា ដែល​មាន​​បរិមាណ​ទឹក​ច្រើន​ធ្វើ​ឲ្យ​មានការ​ស៊ី​រូងដី​នៅ​ផែ្ន​ក​ក្បាល​ទំនប់​ប្រវែង ១៥​ម៉ែត្រ និង​តួ​ទំនប់​បង្ហៀរ ១៥​ម៉ែត្រ សរុប​ប្រមាណ ៣០​ម៉ែត្រ​ធ្វើអោយ​បាក់​ទំនប់​បង្ហៀរ ហើយ​ពេលនេះ​បាន​នឹង​កំពុង​ម្ចាស់ការ​គ្រប់គ្រង​និង​ធ្វើ​ការស្ដារ​ជួស​ជុល​​ឡើង​វិញ​ហើយ​ដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​