​ឯកឧត្ដម​ជាវ តា​យ​៖ ការយកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជា​ការកសាង​សង្គមជាតិ​កម្ពុ​ជាមួយ​ប្រកបដោយ​សន្តិភាព មាន​ធនធានមនុស្ស​និង​សេដ្ឋកិច្ច​រីកចម្រើន​

ឯកឧត្ដម ​ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​ថ្លែង​បញ្ជាក់ថា​៖​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជា​ការកសាង​សង្គមជាតិ​កម្ពុ​ជាមួយ ​ប្រកបដោយ​សន្តិភាព​មាន​ធនធានមនុស្ស​និង​សេដ្ឋកិច្ច​រីកចម្រើន​។ ឯកឧត្ដម​អភិបាលខេត្ត​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ សម្រាប់​យុវជន ១២សីហា ខួប​លើក​ទី​២០ ឆ្នាំ​២០១៩​ ក្រោម​ការ​រៀបចំឡើង​ដោយ​មន្ទីរអប់រំ​យុវជន ​និង​កីឡា​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ សីហា​ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​ការអប់រំ​ដែលនាំអោយ​មានការ​ផ្លាស់​ប្ដូរ​”​ដោយមាន​ថ្នាក់ដឹកនាំ​និង​យុវជន​ចូលរួម​មកពី​បណ្ដា​មន្ទីរ អង្គភាព​កងកម្លាំងប្រដាប់អាវុធ​និង​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន សរុប​ប្រមាណ​ចំនួន​៣៥០​នាក់​។​

​ឯកឧត្ដម​ ជាវ តា​យ ​អភិបាលខេត្ត​បន្ត​លើក​បញ្ជាក់ទៀតថា​៖ ​ជាការ​ឆ្លុះបញ្ចាំង​ចាប់តាំងពី​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​រហូត ដល់​បច្ចុប្បន្ន ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​កម្ពុជា មាន​មោទនៈភាព​យ៉ាងខ្លាំង​ក្លា ក្រោម​ការដឹក នាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី បានកំណត់​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ និង​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​បង្កើន​ការលើកកម្ពស់​សិទ្ធិ សុខមាលភាព​របស់​ព​ល​រដ្ឋ​កម្ពុជា​ក្នុងនោះ​មាន​កុមារ​និង​យុវជន​ដែលជា​ប្រភពធនធាន និង​ជា​កម្លាំង​បន្តវេន​របស់​ប្រទេសជាតិ​កាន់​តែមាន​វិសាលភាព​ខ្លាំងក្លា​ថែមទៀត​។

ដូច្នេះ​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​គឺជា​ទស្សនៈទាន​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល តម្រូវ​ជូន​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដំណើរការ​របស់ខ្លួន ឈានទៅ​សម្រេច​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ខិតខំ​ប្រឹងប្រែង បន្ត​​រៀបចំ​គោលនយោបាយ​សមស្រប​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រទេសជាតិ​យើង​។​

​ឯកឧត្ដម អភិបាលខេត្ត​បាន​បន្តទៀតថា​៖​ ដូច​យើងទាំងអស់គ្នា​ដឹង​ជ្រាប​ច្បាស់​ហើយ​ថា​គោលបំណង​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​នឹង​កំពុងអនុវត្តន៍ គឺ​សំដៅ​ធ្វើឡើង​ដើម្បី​បម្រើ​សំណូមពរ​របស់​យុវជន​។ ដូច្នេះ​ហើយ​​មានតែ​ក្មួយៗ​យុវជន​ខ្លួនឯង​ដែលជា​កម្លាំង​បន្តវេន​របស់​មាតុភូមិ​ត្រូវតែ​ស្គាល់​ខ្លួនឯង​អោយបាន​ច្បាស់លាស់​តើ​ត្រូវធ្វើ​អ្វីខ្លះ​ដែលមាន​ប្រយោជន៍​និង​អ្វីខ្លះ​ដែល​គ្មាន​ប្រយោជន៍ ពោល​មានតែ​ការអប់រំ​និង​ហាត់​គ្រប់គ្រង​ចិត្តគំនិត​របស់​មនុស្ស គ្រប់រូប​អោយ​ស្ថិតក្នុង​អារម្មណ៍​តែមួយ​ប្រកបដោយ​គុណធម៌​និង​គតិបណ្ឌិត​ប្រាសចាក​ការ​គុំ​គួ​ន ឈ្នានីស​សេចក្ដី​ស្អប់ខ្ពើម ការ​លោភលន់ ក្រេវក្រោធ កេងប្រវ័ញ្ច និង​ការបំបាត់​អំពើ​ហឹ​ង្សា​គ្រប់យ៉ាង នោះ​ទើប​អ្វីៗ​បាន​សុខ​ស្រួល​ស្ងប់ និង​រីកចម្រើន​។

ជាមួយ​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ក្រើនរំលឹក​ដល់​ក្មួយៗ​យុវជន​ត្រូវតែ​ខិតខំ​សម្រប​ខ្លួន​ដើម្បី​ចូលរួម​កសាង​មហា​គ្រួសារ​កម្ពុជា​គ្មាន​គ្រឿងញៀន គ្មាន​ជម្ងឺអេដស៍ គ្មាន​អំពើ​ហឹ​ង្សា គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ពោរពេញ​ទៅដោយ​ព្រហ្ម​វិហារធម៌​។​

សូមបញ្ជាក់ថា​៖​ទិវា​អន្តរជាតិ សម្រាប់​យុវជន ១២សីហា គឺ​ផ្ដើមចេញពី​សុ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​យុវជន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ គិតគូរ​ដោះស្រាយ​ពី​កង្វល់​រហូត​សម្រេច​បំណង​ធំធេង សំដៅ​អោយ​សង្គម​សហ​ប្រជាជាតិ​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​យុវជន​តាម​ប្រទេស​នីមួយៗ​សម​ស្រម​និង​និន្នាការ​ពិភពលោក​សកលភាវូបនីយកម្ម ក្នុង​គោលបំណង អំពាវនាវ​ដល់​រដ្ឋាភិបាល អង្គការ​ជាតិ​និង​អន្តរជាតិ​ទូទាំង​ពិភពលោក​បង្កើន​ការ​ចាប់​អារម្មណ៍​និង​យកចិត្តទុកដាក់​គិតគូ​ដល់​ការអភិវឌ្ឍ​យុវជន​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​