មន្ត្រីជំនាញបានលើកឡើងថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ មកទស្សនាខេត្តកំពតកើនឡើងជាលំដាប់ក្នុងរង្វង់អត្រាមិនលើសពី៣ភាគរយទេ។ ប៉ុន្តែបើផ្អែកតាមបាយការណ៍ភ្ញៀវទេសចរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវជាតិនិងអន្តរជាតិកើនឡើងក្នុងអត្រាជាង២០ភាគរយ ហើយបើតាមការព្យាករណ៍ថា កំណើនភ្ញៀវនឹងបន្តកើនឡើងរហូត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេលចុងក្រោយនេះ ខេត្តកំពតមានប្រជាប្រិយទាក់ទាញយ៉ាងខ្លាំង មិនចាញ់បណ្តាខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗរបស់កម្ពុជានោះទេ។ ខេត្តកំពតមានសកត្តានុពលខ្លាំងលើគ្រប់វិស័យ កសិកម្ម ឧស្សាហកម្ម ដេដ្ឋកិច្ច ពិសេសវិស័យទេសចរដ៏សំបូរបែប ហើយកំពតត្រូវបានរាជរដ្ឋាភិបាលកំណត់ថា ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិ និងកសិទេសចរណ៍។
លោកប្រធានមន្ទីរបានបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញនឹងពាក់ព័ន្ធ ពិសេសឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងកិច្ចការងារជំរុញការអភិវឌ្ឍន៍ និងកែលម្អសោភាពក្រុង នៅឆ្នាំ២០១៨ ខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន ១,៦២៩,៥៣០នាក់ កើនឡើង ១,៨ភាគរយ ធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៤៦១, ៧៩៥នាក់ កើនឡើង ១.៦២ភាគារយ និងភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ១៦៧,៧៣៥នាក់ កើនឡើង៣.៤៣ភាគរយ។
ដោយឡែករយៈពេល៦ខែ ដើមឆ្នាំ២០១៩ កន្លងមកនេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន ១,០៩១,៣២០នាក់ កើនឡើង២៧,២៦ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៩៧៨,០៤៥ នាក់ កើនឡើង ២៧.៨៨ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន១១៣,២៧៥នាក់ កើនឡើង២១.១៧ភាគរយ។
លោក សយ ស៊ីណុល បានបញ្ជាក់ថាអត្រានៃកំណើនភ្ញៀវទេសចរនៅរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ជាអត្រាកំណើតមួយខ្ពស់បំផុតសម្រាប់ខេត្ត ហើយបើពិនិតតាមចំនួនលំហូរភ្ញៀវទេសចរ ជាពិសេសចុងឆ្នាំនេះខេត្តកំពតទទួលរៀបចំព្រិត្តិការណ៍បុណ្យសមុទ្រផងនោះ លោកអាចសណ្តានបានថាភ្ញៀវទេសចរនិងនៅតែបន្តកើនឡើង ព្រោះកំពតមានសមិទ្ធិផលទេសចរណ៍ថ្មីៗជាច្រើនបាននឹងកំពុងលេចចេញជារូបរាងបណ្តើរៗពីមួយខែទៅមួយខែ៕
អត្ថបទៈ សារឹម អាន