​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​ជំរុញ​អាជ្ញាធរ​ឃុំ​-ស​ង្គា​ត់​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី នៅក្រៅ​ប្រព័ន្ធតុលាការ​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​បំផុត ដែល​បង្ហាញ​អំពី​សាមគ្គីភាព មិត្តភាព ភាតរភាព គ្មាន​អ្នកចាញ់ គ្មាន​អ្នក​ឈ្នះ គឺ​ព្រម​ទទួល​ទាំងអស់គ្នា ហើយ​រដ្ឋអំណាច​គ្រប់លំដាប់​ថ្នាក់ អាច​ប្រើ​យន្តការ នៃ​ការដោះស្រាយ​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន ទៅតាម​ករណី​ជាក់ស្តែង​ផ្សេងៗ​គ្នា​។ ឯកឧត្តមសូម​ឲ្យ​អាជ្ញាធរ​ឃុំ-សង្កាត់​ត្រូវ​យកចិត្តទុកដាក់​ប្រើ​ប្រាស់​​ឲ្យ​អស់​លទ្ធភាព ក្នុងការ​ចូលរួម​សម្របសម្រួល ដោះស្រាយ​វិវាទ​ដីធ្លី ឲ្យ​ចប់​នៅត្រឹម​ថ្នាក់មូលដ្ឋាន​របស់ខ្លួន​ទើប​ជាការ​ប្រសើរ​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី និតិ​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី របស់​គណៈកម្មការ​សុរិយោដី ជូន​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរ​ក្រុង​ស្រុក​នៃ​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅឯ​សណ្ឋាគារ​ឌី​យ៉ាង​ម៉​ង់​កំពត ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី បាន​មានប្រសាសន៍ថា ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ មាន​បេស​កម្ម លើ​វិស័យ​សំណង់ វិស័យ​ដីធ្លី ការងារ​លំនៅដ្ឋាន ការងារ​រៀបចំ​ដែនដី និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ដូចជា​ការដោះស្រាយ​វិវាទ​ដីធ្លី​ជាដើម​។​

​ដោយឡែក​ចំពោះ​ការដោះស្រាយ​វិវាទ​ដីធ្លី ក្រសួង​ដែនដី ដោះ​បាន ៧,៩២៩​ករណី លើ​សំណុំរឿង ៨,៧០០​ករណី ហើយ​តាមរយៈ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដោះស្រាយបាន ១,៧៦៦​ករណី លើ​សំណុំរឿង ១,៨៩៨​ករណី​។ សរុប​ទៅ នៅ​ទូទាំងប្រទេស មាន​វិវាទ​ដីធ្លី​សេសសល់ មិន​ដល់​៩០០​ករណី​នោះទេ ហើយ​ការជួប​ជុំគ្នា​ថ្ងៃនេះ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា ដែល​នៅ​សេសសល់ ក៏ដូចជា​ទប់ស្កាត់​មិន​ឲ្យ​មាន​ទំនាស់​​ដីធ្លី​កើតឡើង​បន្ថែមទៀត​ដែរ​។​

​យោងតាម​បទពិសោធន៍ និង​ដើម្បី​ឆ្លើយតប​តាម​ការចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឯកឧត្តម ទេព ធន ជំរុញ​លើកទឹកចិត្ត ដល់​អា​ជ្ញ​ធរ​ឃុំ​-សង្កាត់ ក្រុង-ស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅក្រៅ​ប្រព័ន្ធតុលាការ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ ប្រសើរ​បំផុត ដែល​បង្ហាញ​អំពី​សាមគ្គីភាព មិត្តភាព ភាតរភាព គ្មាន​អ្នកចាញ់ គ្មាន​អ្នក​ឈ្មះ គឺ​ព្រម​ទទួល​ទាំងអស់គ្នា ហើយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក បាន​ប្រើ​វិធីសាស្ត្រ​នេះដែរ​។ ម្យ៉ាង​យន្តការ​នៃ​ការដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព បាន​តាម​ករណី​ជាក់ស្តែង ដោយ​មិន​ប្រកាន់​ថា ទាល់តែ​ប្រើ​ឥទ្ធិពល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នោះទេ ករណីខ្លះសូម្បី​ចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ អាចារ្យវត្ត លោកគ្រូ​អ្នក​គ្រួ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ​ជាដើម ក៏​អាចមាន​ឥទ្ធិពល​ដោះស្រាយ​វិវាទ​បានដែរ​។​

ឯកឧត្តម​បាន​គូសបញ្ជាក់ថា នៅពេល​ការចុះវាស់វែង​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ត្រូវបាន​បញ្ចប់​រួចរាល់ ទំនាស់​ដីធ្លី​នឹង​ស្មើ​សូន្យ បានន័យថា​គ្មាន​ទំនាស់​ដីធ្លី​ទៀត​ទេ​។​តាម​របាយការណ៍​ការ​ចុះ​វាស់វែង​ជា​ប្រព័ន្ធ មកដល់​បច្ចុប្បន្ន ក្រសួង​ធ្វើបាន​៨០,៣៧% នៃ​ផ្ទៃដី​និង​ក្បាលដី​ដែល​ប៉ាន់ប្រមាណ​៧​លាន​នៅ​ទូទាំងប្រទេស ហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០២១ ខាងមុខ​៕
​អត្ថ​ប​ទៈ លោក សាយ​យាវ​