ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុងស្រុក​កំពង់ត្រាច ជា​អំណោយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​

សមិទ្ធផល​ផ្លូវ​បេតុង​មួយ​ខ្សែ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផ្ដល់​តាមរយៈ​រដ្ឋបាលខេត្ត​កំពត នៅក្នុង​ស្រុក​កំពង់ត្រាច នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា​ឆ្នាំ​២០២១ ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​និង​ការចូលរួម​ពី ឯកឧត្តម​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​ជឹ​ង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​តាម​របាយការណ៍​ឲ្យ​ដឹង ពី​អភិបាលស្រុក​កំពង់ត្រាច​លោក អូន ខន បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ​កសាងឡើង​ពី​បេតុង​សរសៃដែក មាន​ប្រវែង​សរុប ១.៨៨០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ កំរាស់​០,២​ម៉ែត្រ និង​មាន​ប្រព័ន្ធ​លូ​អម​សងខាង​ផ្លូវ ត​ភ្ជាប់​បំបែក​ចេញពី​ផ្លូវ​លេខ​៣៣ ក្នុង​ទីរួមស្រុក​កំពង់ត្រាច រហូត​ទៅដល់​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ធម្មជាតិ​ភ្នំ​កំពង់ត្រាច។

ផ្លូវ​មួយ​ខ្សែ​នេះ​ពិតជា​ផ្ដល់​ប្រយោជន៍​យ៉ាងសំខាន់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុងការ​បម្រើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយ​ផ្អែកលើ​វិស័យ​ទេ​ចរណ៍ បដិសណ្ឋារកិច្ច ការដឹកជញ្ជូន​កសិផល​ទៅ​ទីផ្សារ ការសម្រួល​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​និង​ផ្ដល់​ភាពងាយស្រួល ដល់​សិស្សានុសិស្ស ឆ្លងកាត់​ទៅ​សាលារៀន​ក៏ដូចជា ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​លេង​នៅក្នុង​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ធម្មជាតិ​ភ្នំ​កំពង់ត្រាច​នេះ​ផងដែរ​។​

មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា សមិទ្ធផល​ទាំងឡាយ​ដែល​កើតឡើង​ព្រោងព្រាត​នៅ​គ្រប់​តំបន់​ទូទាំងប្រទេស​នាបច្ចុប្បន្ន​នេះ​​គឺ​ដោយ​សារ​កត្តា​សន្តិ​ភាព។ ដោយឡែក​នៅក្នុង​ខេត្តកំពត រួម​និង​សម​ទ្ធិ​ផល​ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​ធ្វើ​ពិធី​សម្ពោធ នៅពេលនេះ​ផងដែរ គឺ​កើតចេញ​ឡើង​ដោយសារប្រទេសជាតិយើង​មាន​សុខសន្តិភាព​ពេញលេញ​បរិបូណ៌ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និងកម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គុណ​តម្លៃ​នៃ​សុខសន្តិភាព​នេះ គឺ​នាំមក​នូវ​ការអភិវឌ្ឍ រីកចម្រើន លើ​គ្រប់​វិស័យ និង​ការកាត់បន្ថយ​ភាពក្រីក្រ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់។

ដូច្នេះ​សូម​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ទាំងអស់​គ្នា ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​ចូលរួម ថែរក្សា​ការពារ​នូវ​តម្លៃ​សុខសន្តិភាព និង​សមិទ្ធផល​នានា​ដែលមាន​សព្វថ្ងៃនេះ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ដើម្បី​យើង​រួមគ្នា​បន្តដំណើរ​ជម្រុញ​ការអភិវឌ្ឍន៍ ប្រទេស និង​សេដ្ឋកិច្ច​សង្គមជាតិ ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ បាន​សំបូរ​សប្បាយ​ធូរធារ​ប្រសើរឡើង​ថែមទៀត​ផងដែរ​។​

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​