រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​

​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ ក្រុមប្រឹក្សា​ខេត្ត លើក​ទី​២៩ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្តម ជឹ​ង​ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​ជាវ​តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត។​ ​កិច្ច​ប្រជុំបាន​ពិនិត្យ ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ រួមមាន របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ និង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨ របស់​ក្រុមប្រឹក្សា​ខេត្ត​, របាយការណ៍​ប្រចាំខែ​កញ្ញា ឆ្នាំ​២០២១ និង​សេចក្តីព្រាង​របាយការណ៍​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២១​របស់​រដ្ឋបាលខេត្ត ,​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​សាលាខេត្ត ពី​ខែ កក្កដា ដល់​ខែ កញ្ញា ឆ្នាំ​២០២១ និង​សេចក្តីព្រាង​សេចក្តីសម្រេច ការ​រ​បង្កើត​ក្រុមការងារ​កិច្ចការពារ​កុមារ​។​

​នៅក្នុង​របាយការណ៍​អំពី​វឌ្ឍនភាព​ប្រចាំខែ​កញ្ញា​ឆ្នាំ ២០២១ របស់​រដ្ឋបាលខេត្ត ជា​លទ្ធផល​បាន​ដំណើរការ​សកម្មភាព ដើម្បី​ជំរុញ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព និង​មាន​លក្ខណៈ​ប្រក្រតីភាព​ល្អប្រសើរ​។ ចំណែក​ការងារ​ដោះស្រាយ បញ្ហា​ប្រឈម បញ្ហា​សំណូមពរ បញ្ហា​តម្រូវការ និង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម​មានការ​ដោះស្រាយ និង​ការគ្រប់គ្រង​បានល្អ ពិសេស​បញ្ហា​ការងារ​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅ​មូលដ្ឋាន​នៃ​ខេត្តកំពត​ក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ។ ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា បើទោះបី​ការងារ នឹង​បញ្ហា ប្រឈម​មួយចំនួន នៅ​សេសសល់ ប៉ុន្តែ​ការងារ​ទាំងអស់នោះ​ទាំង​គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​បន្ត ជំរុញ​ផែនការ​អនុវត្ត​ការងារ និង​ដោះស្រាយ ឲ្យ​បានសម្រេច​ជា​លទ្ធផល​បន្ថែមទៀត ។​

ឯកឧត្តម​ ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើរ វាយតម្លៃ ចំពោះ​លទ្ធផល​ការងារ ដែល​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ ជុំវិញ​ខេត្ត បាន​ខិតខំ​អនុវត្ត​កន្លងមក ធ្វើឱ្យ​ខេត្តកំពត មានការ​វិវឌ្ឍន៍​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ទាំង​នៅ​ទីក្រុង​និង​មូលដ្ឋាន​ជនបទ។

​តែ​ទោះបីយ៉ាងណា ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​ស្នើ​ឲ្យ គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​ក្រុង ស្រុក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ ជំរុញ​ការដោះស្រាយ​បញ្ហា​សំណូមពរ បញ្ហា​ប្រឈម ទៅតាម​ជំនាញ​និង​សមត្ថកិច្ច​តួនាទី​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ស្របទៅតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ក៏​ដូច​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ជំនាញ​ផ្សេងទៀត ដោយ​ធ្វើយ៉ាងណា ផ្ដល់នូវ​ប្រយោជន៍​និង​ភាពកក់ក្ដៅ ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ជីវភាព​កាន់តែ​រីកចម្រើន​ប្រសើរឡើង​។​

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​