ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង ​នៃ​គណៈ​អភិបាល​ខេត្តកំពត​

នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្តកំពត មាន​ធ្វើ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម​ ស ខេង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។ យោងតាម​អនុ​ក្រិ​ត្យ​ស្ដីពី​ការផ្ទេ​ភារកិច្ច​ និងតែងតាំង​មន្ត្រីរាជការ ក្នុងនោះ​ត្រូវបាន​សម្រេច​ផ្ទេ​ភារកិច្ច​លោក ជឹ​ង ផល្លា​ និង​លោក ស៊ឹ​ម វុ​ទ្ធា​ ពី​អភិបាលរង​ខេត្ត កំពត​អោយទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការក្រសួង​មហាផ្ទៃ​និង​សម្រេច​តែងតាំង លោក​ សេង សិរី​បុត្រ និង​លោក ​ភូ លិ ជា​អភិបាលរង​ខេត្តកំពត​។

​នៅក្នុង​ឱកាស​នោះ​ជាមួយ​របាយការណ៍​ស្វាគមន៍ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​អោយដឹងពី​សភាពការណ៍​រួម​ទូទៅ​ក្នុង​ខេត្ត​មាន​លក្ខណៈ​ល្អប្រសើរ ​និង​មាន​សមិទ្ធផល​រីកចម្រើន​នានា​លើ​គ្រប់​វិស័យ​របស់​​ខេត្តកំពត​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​។

ក្នុងនោះ​ខេត្តកំពត​ក៏បាន​នឹង​កំពុង​អនុវត្ត​នូវ​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ តាម​មន្ទីរ អង្គភាពស្ថាប័ននានា​ជុំវិញ​ខេត្ត ហើយវិស័យ​ដ៏ទៃទៀត​នៅក្នុង​ខេត្តកំពត​ក៏​សុទ្ធតែ​ទទួលបាន​នូវ​ការរីកចម្រើន​និង​មានដំណើរ​ការល្អ​ជា​បន្ត​បន្ទាប់​ចាប់ពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន​។ ពិសេសការអនុវត្តយ៉ាងសកម្មនូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិ​បាល​ ដើម្បី​រួម​ចំណែក​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេចតេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម លេង វី បាន​វាយ​ត​ម្លែ​ខ្ពស់​ចំពោះ​សមិទ្ធផល​រីកចម្រើន​ក្នុង​ខេត្តកំពត​នាបច្ចុប្បន្ន និង​ថ្លែងការណ៍​កោតសរសើរ​ដល់​លោក ជឹ​ង ផល្លា និង​លោក ស៊ឹម វុ​ទ្ធា ដែលជា​អភិបាលរង​ខេត្ត ដែល​​ត្រូវ​បាន​ផ្ទេ​ភារកិច្ច​ចេញទៅ​បម្រើ​ការងារ​ថ្មី​នៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត អាជ្ញាធរ​និង​មន្ត្រីរាជការ​កងកម្លាំង​គ្រប់ផ្នែក គ្រប់​ថ្នាក់​ក្នុង​ខេត្តកំពត​ទាំងមូល ដែល​តែងតែ​បានរួម​សាមគ្គី​សហការគ្នា​បានល្អ​ក្នុងការ ថែរក្សា​ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ក្នុង​ដំណើរ​កិច្ចអភិវឌ្ឍន៍​ក្នុង​ខេត្ត​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​នាំមក​នូវ​សេចក្ដីសុខសាន្ត​នៃ​ការរស់នៅ​ និង​ធ្វើអោយ​ជីវភាព​​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្តកំពត​កាន់​តែ​​ល្អប្រសើរ​ឡើងជា​បន្តបន្ទាប់​។​

​ឯកឧត្តម លេង វី ក៏បាន​លើក​បញ្ជាក់ថា ការតែងតាំង​អភិបាលរង​ខេត្ត​នាពេលនេះ​គឺ​យោងទៅតាម​ភាពចាំបាច់​នៃ​ការដឹកនាំ​ក្នុង​រដ្ឋបាលខេត្ត​ដោយ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​កំណត់​ជាធម្មតា ហើយ​ផ្អែកទៅលើ​ក​ស្នាដៃ​និង​សមត្ថភាព​ដឹកនាំ​ជាការ​ចាំបាច់ ដោយមាន​ការថ្លឹងថ្លែង​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​​ពី​​រាជ​រដ្ឋា​ភិបាល​ ​ក៏​ដូច​ក្រសួងមហាផ្ទៃ។

ឯកឧត្តម​ លេង វី​ ក៏បាន​ផ្ដាំផ្ញើ​ដល់​អភិបាលរង​ខេត្ត​ទាំងពីរ​ដែល​ទើប​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី​នាពេលនេះ​ក៏​ដូច​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ថ្នាក់​គ្រប់ផ្នែក​ទាំងអស់​ក្នុង​ខេត្តកំពត​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​រួមសហកា​រ​គ្នា​ក្នុង​កិច្ចអភិវឌ្ឍន៍​ពិសេស​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាបធ្នាប់​ជូន​ប្រជាពលរដ្ឋ​លុបបំបាត់​នូវ​ភាព​អសកម្ម​នានា ដើម្បី​ធានា​ការរស់នៅ​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ល្អ​ថែមទៀត​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​