​សេចក្តីប្រកាស​ព័ត៌មាន​រ​ប​ស់​ក្រសួងអប់រំ យុវជន និង​កីឡា​ស្តី​ពី​យុទ្ធនាការ​ថ្នាក់ជាតិ​មួយ​ដែលមាន​ឈ្មោះថា «​តោះ​អាន​រាល់ថ្ងៃ​»

ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​ការអាន ទម្លាប់​អាន​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប ក្រសួងអប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ អង្គការ​មូលនិធិ​អាស៊ី និង ដៃគូ​ដទៃទៀត រៀបចំ​យុទ្ធនាការ​ថ្នាក់ជាតិ​មួយ​ដែលមាន​ឈ្មោះថា «​តោះ​អាន​រាល់ថ្ងៃ​»។ យុទ្ធនាការ​ថ្មី​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បណ្ណារក្ស និង​អ្នកពាក់ព័ន្ធ​នានា ឱ្យ បង្កើត​បរិយាកាស​សម្រាប់​ការអាន​ប្រកបដោយ​ភាព​រីករាយ​និង​ភាព​វិជ្ជមាន​ជា​រៀងរាល់ថ្ងៃ​ជ​ជាពិសេស​សម្រាប់ កុមារ ដោយ​រំពឹងថា ក្នុងអំឡុង​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី ៦ ដល់ ទី​១៥ ខែមីនា កុមារ​ប្រហែល ១០​ម៉ឺន​នាក់​ទទួលផល​ពី​យុទ្ធនាការ​នេះ​។​

​យុទ្ធនាការ​នេះ​នឹងធ្វើ​ដាក់ឱ្យ​ដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន និង​កីឡា និង​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា កម្ពុជា​។ ដៃគូ​សហការ​សំខាន់ៗ​នៅក្នុង​យុទ្ធនាការ​រួមមាន​៖ អង្គការ​មូលនិធិ​អាស៊ី ក្រុមហ៊ុន​ស្មា​ត​(Smart) អង្គការ​ស៊ី​ប៉ា​កម្ពុជា អង្គការ​ទស្សន​ពិភពលោក អន្តរជាតិ​ក​ម្ព​ជា អង្គការ​រូ​មធូ​រីដ អង្គការ​ឆាល​ហ្វា​ន​កម្ពុជា អង្គការ​អប់រំ​ពិភពលោក អង្គការ​សកម្មភាព​ស​ម្រា​ប់​ការអប់រំ​នៅ​កម្ពុជា (​ខេ​ប​) កម្មវិធី​កុមារ​រៀន​កុមារ​ចេះ អង្គការ​សង្គ្រោះ​កុមារ Shanti Volunteer Association Cambodia អង្គការ ថែរក្សារ ដើម្បី​កម្ពុជា និង អង្គការ​មូលនិធិ​កុមារ​កម្ពុជា​។ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍​ឱ្យដឹងថា​«​មាន​ភស្តុតាង​បង្ហាញថា អំ​ណាន​អាន​ថ្នាក់ដំបូង គឺជា​មូលដ្ឋាន​គ្រឺះ​នៃ​ការអប់រំ​ប្រកបដោយ​គុណភាព​»​។ យុទ្ធនាការ «​តោះ​អាន​រាល់ថ្ងៃ​» គឺជា​ចលករ​ដ៏​សំខាន់​ក្នុងការ​បង្កើត និង​ពង្រឹង​ទម្លាប់​​អាន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ជួយ​កុមារ​ឱ្យ ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​និង​ការរៀនសូត្រ​ពេញ​មួយជីវិត​។​

​លោកស្រី Meloney C. Lindberg អ្នកតំណាង​ប្រចាំ​ប្រទេស នៃ​អង្គការ​មូលនិធិ​អាស៊ី និង​ជា​អ្នកសម្របសម្រួល​យុទ្ធនាការ មានប្រសាសន៍ថា «​ដៃគូ​សហការ​យើង​ទាំងអស់ មាន​គោលដៅ​តែមួយ គឺ​លើកកម្ពស់​បទពិសោធន៍​អាន​ប្រកបដោយ​ភាព​វិជ្ជមាន​និង​រីករាយ ក្នុងចំណោម​កុមារ និង​លោកគ្រូ អ្នកគ្រូ រួមទាំង​ឪពុកម្តាយ និង​សាច់ញាតិ​របស់​ពួកគេ​។​» លោកស្រី បានបញ្ជាក់​បន្ថែមថា «​នេះ​ជា​យុទ្ធនាការ​ថ្នាក់ជាតិ និង​សាធារណៈ សម្រាប់​ប្រជាជន​គ្រប់រូប​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស សៀវភៅ ហើយ​អាន​ជាមួយ​កូនៗ ឬ សិស្ស​របស់​លោកអ្នក​។

គ្រាន់តែ​ចំណាយពេល ៥​នាទី​អាន​ក្នុង​មួយថ្ងៃ​អាច​ផ្តល់​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ជីវិត​កូនៗ​របស់​យើង​។ សូម​ចូលរួម​សាកល្បង​ដោយ​ខ្លួនឯង ហើយ​សង្កេតមើល​ពី​ចំណាប់អារម្មណ៍​កូនៗ និង​សិស្ស​របស់​អ្នក​»​។​ ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កុមារ​តូចៗ សូម្បីតែ​ក្មេង​ដែល​នៅ​ជា​ទារក​ក្តី ស្តាប់​សម្លេង និង​ពាក្យសម្តី​របស់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។ នេះ​នឹង​បង្កើន​ចំណង​រឹងមាំ​រវាង​កុមារ​នឹង​អ្នកអាន ហើយ នឹង​ជួយ​កុមារ​ចេះ​ពាក្យ និង​មានគំនិត​ដែល​រៀបចំ​ពួកគេ​ឱ្យ​ក្លាយជា​អ្នកអាន​ពូកែ​ដោយ​ខ្លួនឯង​។ ទោះបីជា​កុមារ​អាច​អាន​ដោយ​ខ្លួនឯង​ក្តី វា​ក៏​មិនទាន់​យឺត​ពេល​នោះទេ​ក្នុងការ​ចាប់ផ្តើម​អាន​ជាមួយ​ពួកគាត់​។ បង្កើត​ទម្លាប់​នៃ​ការអាន​ជាមួយ​មនុស្ស​ធំ​ពេញវ័យ​នឹង​ជួយ​ពង្រឹង​ជំនាញ​អាន​និង​ការស្រឡាញ់​សៀវភៅ​។​

​ដើម្បី​រាប់​ចំនួន​នៃ​អ្នក​ដែល​សន្យាថា​នឹង​អាន​ជាមួយនឹង​កុមារ​ទូទាំងប្រទេស យុទ្ធនាការ​នេះ​បាន​បង្កើន​គេហទំព័រ​សាមញ្ញ និង​ងាយស្រួល​ប្រើ​មួយ (www.letsreadeveryday.org) ដែល​ឪពុកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បណ្ណារក្ស និង​អ្នក​គ្រប់គ្នា​អាច​ចូលទៅ​កាន់​គេហទំព័រ​និង​បញ្ចូល​ចំនួន​កុមារ​ដែល លោកអ្នក​នឹង​សន្យា​អាន​ជាមួយ​។ ​ដើម្បី​ផ្តល់​ជា​ជំនួយ និង​វិធីសាស្ត្រ​បន្ថែម​ទៅដល់​ក្រុមគ្រួសារ គ្រូបង្រៀន បណ្ណារក្ស និង​អ្នកពាក់ព័ន្ធ​នានា ក្នុង​ការអាន​ជាមួយ​កុមារ​និង​សិស្ស យុទ្ធនាការ​#​តោះ​អាន​រាល់ថ្ងៃ បាន​ផលិត​វិ​ដេ​អូ​គន្លឹះ​ខ្លីៗ​ចំនួន​១០ ដើម្បីឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ក្នុង​ការអាន​ជាមួយនឹង​កុមារ​ប្រកបដោយ​ភាព​រីករាយ និង​វិជ្ជមាន​។ ​គន្លឹះ​មួយ​ក្នុងចំណោម​គន្លឹះ​ទាំង​១០ គឺ “​ឱ្យ​កុមារ​អាន​” មានន័យថា «​ប្រសិនបើ​កូន ក្មួយ​របស់​អ្នក​ចាប់ផ្តើម​ចេះ​អាន​ក្នុង​សា​សា អ្នក​អាច​លើកទឹកចិត្ត​ឱ្យគេ​អាន​ពាក្យ​ដែល​គេ​ស្គាល់​។ ចំណុច​សំខាន់​នៃ​គន្លឹះ​នេះ គឺ​ជួយ​ឱ្យ​កុមារ​អាច​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ទទួលបាន ការសរសើរ​ពី​មនុស្ស​ធំ នៅពេល​ពួកគេ​ចេះ​អាន​ពាក្យ​ណាមួយ​។​» វីដេអូ​ទាំងនេះ​មាន​នៅលើ​គេហទំព័រ ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ដៃគូ​សហការ និង​នៅលើ​គេហទំព័រ យុទ្ធនាការ តោះ​អាន​រាល់ថ្ងៃ ។​

លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់គ្រង និង​កិច្ច​ការសហការ នៃ​ក្រុមហ៊ុន SMART Axiata បាន​មានប្រសាសន៍ថា​៖ “​យើង​ទទួលស្គាល់​ពី​តម្លៃ​នៃ​ការអាន ជា​សកម្មភាព​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អក្ខរកម្ម​បឋម ក៏​ដូចជា​ការស្រមើស្រមៃ​របស់​កុមារ ជាពិសេស​នៅក្នុង​វ័យ​កុមារភាព​។ យើង​ពិតជា​មាន​ភាព​សប្បាយចិត្ត​ដែល​ក្លាយជា​ផ្នែក​មួយ​នឹង​យុទ្ធនាការ​ដំបូង​មួយ​នេះ ដែល​ហស​ការ​ជាមួយនឹង​ដៃគូ​ជាច្រើន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំង​អស់​គ្នា​មាន​ទស្សនៈវិស័យ​ដូចគ្នា គឺ​ពង្រឹង​អក្ខរកម្ម​បឋម​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ស​ង្ឈឹ​ម​ថា ទាំងអស់គ្នា​នឹង​ចូល​រូ​ម​ក្នុង​កិច្ច​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​នេះ​។​” ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការអាន សម្រាប់​មនុស្ស​គ្រប់គ្នា​ជាពិសេស​កុមារ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន លោកគ្រូ អ្នកគ្រូ បណ្ណារក្ស​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចាប់ផ្តើម​អាន​ជាមួយ​ក្មេងៗ​នៅថ្ងៃនេះ​។ សូមកុំ​រង់ចាំ​ឱ្យសោះ​!» ​យុទ្ធនាការ តោះ​អាន​រាល់ថ្ងៃ ត្រូវបាន​រៀបចំឡើង​ស្របគ្នា​នឹង​កម្មវិធី​សម្ពោធ​ការតាំង​ពិ​ព័​ណ៍​សៀវភៅ និង កម្មវិធី​ទិវា​ជាតិ​អំ​ណាន « ការអាន បណ្តុះ​បញ្ញា ការស្រាវជ្រាវ និង​នវានុវត្តន៍​»៕