ឯកឧត្តម ជាវ តា​យ អភិបាល​ខេ​ត្យ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ដើម្បី​ត្រៀមលក្ខណៈ​បង្ការ​ការពារ និង​ព្យាបាល​ជំងឺ​(Covid-19)

​ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុនសែន ក៏​ដូច​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ត្រៀមលក្ខណៈ ប្រុងប្រយ័ត្ន​ក្នុងការ​បង្ការ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ ​Covid-19​ ដែលជា​បញ្ហា​សកល​ក្នុង​ពិភពលោក​ក៏​ដូច​ក្នុង​តំបន់​នាបច្ចុប្បន្ន​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​អភិបាលរង​ខេត្ត​បាន ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ក្នុង​ខេត្ត បាន​អញ្ជើញ ចុះទៅ​សំណេះសំណាល​ជាមួយ គ្រូពេទ្យ និង​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង ដើម្បី​ត្រៀមលក្ខណៈ​បង្ការ​ការពារ និង​ព្យាបាល​ជំងឺ​(Covid-19) នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ក្នុងករណី​កើត​ឡើងលើ​ប្រជាពលរដ្ឋ ។​

ជាមួយ​ឱកាស​នោះ​ឯកឧត្តម ​ជាវ តា​យ ​អភិបាលខេត្តបាន​លើក​បញ្ជាក់ថា បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (Covid-19) គឺជា​បញ្ហា​សកល​ក្នុង​ពិភពលោក​ក៏​ដូច​នៅក្នុង​តំបន់ តែងតែបាន​រួមគ្នា​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​ការរីក​រាល​ដាលជំងឺឆ្លង​នេះ​។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​យើងករណី​ជំងឺ​នេះ​គឺ​យើង​នៅ​មិនទាន់មាន​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួបប្រទះ​និង​មានការ​ព្រួយបារម្ភ​ធ្ងន់​ធ្ងូ​រដូច​បណ្ដា​ប្រទេស​ដទៃ​ឡើយ បញ្ហា​ដែល​បារម្ភ​នោះ​គឺជា​បញ្ហា​កើតឡើង​ដោយ​ជំងឺ​​​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​ជឿ​តាម​ព័ត៌មាន មិន​ពិត ព័ត៌មាន​ដែល​បំប៉ោង បំ​ភ្លើ​ស បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ពី​សំណាក់​ពួក​អគតិ ចង្រៃ​បំផ្លាញ​ជាតិ​ឯង​។

ជាពិសេស​នៅក្នុង​ខេត្តកំពត​ករណីនេះ​ក៏​នៅ​មិនទាន់មាន​លិច​កើតឡើង ការឆ្លង​ជំងឺ ​(Covid-19) នេះដែរ ហើយ​ក្នុងដំណាក់កាល បច្ចុប្បន្ននេះ​ទេសចរណ៍​មក​កំសាន្ត​លេង​ក្នុង​ខេត្តកំពត​ក៏​សង្កេតឃើញ​មកលេង ជា​ហូរហែ​ច្រើន​ដដែល ។ ប៉ុន្តែ​ទោះបីយ៉ាងណា ក៏ដោយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏​ដូច​ក្រសួងសុខាភិបាល គឺ​យើង​មិនបាន​នៅ​ព្រងើយកន្តើយ​ឡើយ ។

ជាពិសេស​សម្រាប់​រដ្ឋបាល​ខេត្តកំពត នៅតាម​ច្រកទ្វារ​អន្តរជាតិ​និង​តាម​ច្រកទ្វារ​ទ្វេភាគី អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជំនាញ គ្រប់ផ្នែក គ្រប់​ថ្នាក់ តែងតែ​បានរួម សហការគ្នា​យកចិត្តទុកដាក់ ត្រួតពិនិត្យ​តាមរយៈ​មន្ត្រី​ច​ត្តា​ឡី​ស័ក ក្នុងការ​ទប់​ស្កាត់​និង​អនុវត្ត​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​និង​ក្រសួងសុខាភិបាល​ដែល​បាន​ជំរុញ​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួម​នឹង​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា ប្រយុទ្ធប្រឆាំង​ប្រុងប្រយ័ត្ន ទប់​ស្កាត់​​ការរីក​រាលដាល​នូវ​ជំងឺឆ្លង Covid-19 នេះ​ដោយ​តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល ។ ជាការ​ជាក់ស្ដែង​ពេលនេះ​គឺ​យើង​ត្រូវតែ​ត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន ដើម្បី​បង្ការ​និង​ទប់ស្កាត់​រួម​នឹង​ការព្យាបាល​នូវ​ជំងឺ​នេះ​ក្នុង​ករណី​កើតឡើង លើ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្តកំពត​ផងដែរ​។

ឯកឧត្តម​ ជាវ តា​យ​ អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​កោត​ស​សើរ​នឹងដាក់​ក្ដីសង្ឃឹម​ខ្ពស់ ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្តកំពត ក៏​ដូច​មន្ទីរពេទ្យបង្អែក​ចំនួន​៤​ទៀត​នៅក្នុង​ខេត្ត ព្រមទាំង​គ្រូ​ពេទ្យ ដែល​បាន​ត្រៀមលក្ខណៈ​ក្នុងការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នូវ​ជំងឺឆ្លង Covid-19 នេះ​ពិសេស​ក្នុងករណី​ជំងឺ​នេះ​កើត​ឡើងលើ​ប្រជា​ពល​ត្រូវតែ​យកចិត្តទុកដាក់ ក្នុងការ​លះបង់​ប្រកបដោយ​ឆន្ទៈ​ប្ដេជ្ញា​ខ្ពស់​ដើម្បី​ព្យា​បាល​​ជូន​ពួកគាត់​ដោយ​មិនមាន​ការរើសអើង​៕
​អត្ថ​ប​ទៈ លោក សាយ យាវ