ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អ​​ញ្ជើញ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​ស្រុក​ឈូក​

ព្រឹក​ថ្ងៃ​អង្គារ ០៣​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​អ​ញ្ជេ​ី​ញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី នៃ​សាលាស្រុក​ឈូក ខេត្តកំពត។

​ពិធី​នា​ព្រឹក​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​នានា នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក ឃុំ​និង​មេភូមិ​គ្រប់​ភូមិ​ក្នុងស្រុក​ព្រមទាំង​មន្ត្រីរាជការ​នៃ​សាលាស្រុក​ឈូក​។

តាម​របាយ​ការ​ណ៏​របស់លោក ខៀវ រិទ្ធី​ភ​ណ័ អភិបាលស្រុក​ឈូក​បានអោយដឹងថា មន្ត្រី​ដែល​ត្រូវធ្វើ​សមាហរណកម្ម​នាពេលនេះ​មាន​ចំនួន ៩១រូប ស្រី ២៧រូប ក្នុងនោះ​មាន ប្រធានការិយាល័យ​ចំនួន ១០​រូប ស្រី ០១​រូប អនុប្រធាន​ការ​យា​ល័យ ២០​រូប ស្រី ៤​នាក់ មន្ត្រី ៦០​នាក់ ស្រី ២២​នាក់ និង​មន្ត្រី​ជាប់កិច្ចសន្យា ០១​នាក់ ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដមប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​នូវ​គ្រប់​ភារកិច្ច​ការងារ ចាំបាច់​ត្រូវខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​

​ឯកឧត្ដម​ប្រធាន បានបញ្ជាក់​បន្ថែមទៀត​ថា ខ្ញុំ​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា គណៈ​អភិបាល និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​នៃ​ស្រុក​ឈូក នឹង​ខិតខំ​បំពេញការងារ​រួមគ្នា ដើម្បី​សម្រេចបាន​នូវ សមិទ្ធផល​ថ្មីៗ​ថែមទៀត​បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​៕
​អត្ថ​ប​ទៈ មន្ទីរ​ព័​ត៌​ខេត្តកំពត​