​ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល ក្រុង​-​ស្រុក គឺជា​ការ​សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ​ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​

ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល ក្រុង ស្រុក គឺជា​ការ​សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​។ នេះ​ជាការ​លើកឡើង​ឲ្យ​ដឹង​របស់​ឧ​ត្ត​ម​ ជាវ តា​យ ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ ក្នុងឱកាស​នៃ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី​ដែលរដ្ឋបាលក្រុង​កំពត​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ​ឆ្នាំ២០២០ ដែលមាន​មន្ត្រី​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ​លោក​-​លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត រួម​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​បន្តទៀតថា ដូចនេះ​ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល ក្រុង​កំពត​នាឱកាស​នេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ការកែទម្រង់​ប្រព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​សា​ធា​រណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិមជ្ឈការ​និង​សហវិមជ្ឈការ មាន​អត្ថ​ន​យ័​យ៉ាង​ជ្រាលជ្រៅ មកលើ​ប្រព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិអំណាច​និង​ធនធាន​ទាំងនោះ សម្រាប់​ការផ្តល់សេវា និង​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។

ហើយ​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង-ស្រុក នេះ​ទៀតសោត​គឺ​ផ្អែក​តាម​គោលការណ៍ នៃ​រដ្ឋបាល​ឯកភាព ដែលមានលក្ខណៈ​ពេញលេញដើម្បី​បង្កើន​ជំរុញ​និង​ធ្វើឱ្យមាន​ចីរភាព ក្នុងការ​អភិវឌ្ឍ​ន៍តា​ម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​និង​គោលការណ៍​កំណែទម្រង់​វិមជ្ឈការ​និង​សហវិមជ្ឈការ​។​ ​ដូច្នេះ​ដើម្បី​ធានា​ឱ្យ​ដំណើរការ​នៃ​ការចាប់ផ្តើម​អនុវត្ត​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល ក្រុង ស្រុក​ក្នុង​ខេត្តកំពត​ឲ្យ​បាន ប្រ​ពឹ​ត្ត​ដោយ​រលូន​ចាប់ពីពេលនេះ​តទៅ ឯកឧត្តម ជាវ តា​យ ​ក៏បាន​ធ្វើការ​ណែនាំ ផ្ដាំផ្ញើ​នូវ​កិច្ចការ​ចាំបាច់​មួយចំនួន ដល់​មន្ត្រីរដ្ឋបាល ក្រុង​កំពត ដែល​បានធ្វើ សមាហរណកម្ម​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​ ដែលមាន​ចំនួន ៧១នាក់ ក្នុង ១៣​ការិយាល័យ​និង​អង្គភាព​ទាំងអស់ ត្រូវយក​ចិត្ត ទុកដាក់​អនុវត្ត​រួមមាន​៖ ការធានា​និរន្តរភាព​ការងាររដ្ឋបាល​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​នីតិវិធីរ​ដ្ឋ​បាល និង​នីតិវិធី​ហិរញ្ញវត្ថុ ការ ការចរចារ​លិខិតស្នាម និង​ការរៀបចំ​ទីកន្លែង​បំពេញការងារ ការគ្រប់គ្រង​បុគ្គលិក ការគ្រប់គ្រង​កិច្ចការ​ឯកសារ​និង​ទ្រព្យសម្បត្តិ​ ​ការផ្តល់សេវា​តាម​កា​រិ​យា​ល​យ័​ច្រកចេញចូល​តែមួយ ការគាំទ្រ​ដល់​រដ្ឋបាល​ឃុំ សង្កាត់​អំពី​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​និង​សុវត្ថិភាព​សង្គម អំពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្រុក​។

ដើម្បី​រួមគ្នា​សម្រេច ឲ្យ​បាន​ប្រសិទ្ធភាព​នូវ​កិច្ចការ​ខាងលើនេះ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បន្ត​ផ្ដាំផ្ញើ​ដល់​មន្ត្រីរដ្ឋបាល ក្រុង​កំពត​ទាំងអស់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ជាការ​ចាំបាច់ គឺ​ត្រូវខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យ​បានល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធិភាព​ការងារ គោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ការងារ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាពជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល ក្រុង​កំពត​នាគ​ឱកាស​នេះ​យោងតាម​សេចក្ដីសម្រេច ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គ​លិ​ក​និង​ការរៀបចំ​មុខតំណែង​គ្រប់គ្រង​នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី សរុប​មាន​ចំនួន​១៣​ការិយាល័យ​និង​អង្គភាព ដែលមាន​មន្ត្រី​បំរើ​ការងារ​សរុប​ចំនួន ៧១​នាក់ ក្នុងនោះ​មាន​១-​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ២-​អង្គភាព​លទ្ធកម្ម ៣-​ការិយាល័យ គ្រប់គ្រង​ធនធានមនុស្ស ៤-​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់ ៥-​លេខាធិការ​ក្រុមប្រឹក្សា ៦-​ត្រួតពិនិត្យ​ផ្ទៃក្នុង ៧-​អប់រំ​យុវជន​និង​កីឡា ៨-​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល ៩-​នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ១០-​កសិកម្ម​ធនធានធម្មជាតិ​និង​បរិស្ថាន ១១-​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហគមន៍ ១២-​សង្គមកិច្ច​និង​សុខមាលភាព​សង្គម និង​១៣-​ការិយាល័យ​ច្រកចេញចូល​តែមួយ​។​
-​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ ២០២០ ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​គ្រប់ បណ្ដា​ក្រុង​ស្រុក​ទូទាំង​ខេត្តកំពត ដើម្បី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក​ទាំង​៨៕
​អត្ថ​ប​ទៈ លោក សាយ យាវ​