ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី សម្រាប់​រដ្ឋបាល​ស្រុក​ទឹកឈូ​

ឯកឧត្តម នៃ គង់ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម​ ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី​ដែល រដ្ឋបាល​ស្រុក​ទឹកឈូ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​ ឆ្នាំ២០២០ ដោយ​ក្នុង​ពិធី​នេះ​មាន​មន្ត្រី​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត រួម​និង មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

ឯកឧត្តម ​នៃ គង់​ អភិបាលរង​ខេត្ត​បាន​លើក​បញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល ក្រុង-ស្រុក គឺជា​ការ​សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​​ប្រជាពលរដ្ឋ។ ​ដូចនេះ​ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ទឹកឈូ នាឱកាស​នេះជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​​ការកែទម្រង់​ប្រព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិមជ្ឈការ​និង​សហវិមជ្ឈការ មាន​អត្ថ​ន​យ័​យ៉ាង​ជ្រាលជ្រៅមកលើ​ប្រព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រងការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិអំណាច​និង​ធនធាន​ទាំងនោះ សម្រាប់​​ការផ្តល់សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ស្រុកទឹកឈូ នាឱកាស​នេះ​យោងតាម​សេចក្ដីសម្រេច ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គ​លិ​ក​និង​ការរៀបចំ​មុខតំណែង​គ្រប់គ្រង​នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី សរុប​មាន​ចំនួន​ ១៣​ការិយាល័យ​ និង​អង្គភាពដែលមាន​មន្ត្រី​បំរើ​ការងារ​សរុប​ចំនួន ៧៣​នាក់។

ក្នុងនោះ​មាន ១-​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ២-​អង្គភាព​លទ្ធកម្ម ៣-​ការិយាល័យ គ្រប់គ្រង​ធនធានមនុស្ស ៤-​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់ ៥-​លេខាធិការ​ក្រុមប្រឹក្សា ៦-​ត្រួតពិនិត្យ​ផ្ទៃក្នុង ៧-​អប់រំ​យុវជន​និង​កីឡា ៨-​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល ៩-​នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ១០-​កសិកម្ម​ធនធានធម្មជាតិ​និង​បរិស្ថាន ១១-​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហគមន៍ ១២-​សង្គមកិច្ច​និង​សុខមាលភាព​សង្គម និង​១៣-​ការិយាល័យ​ច្រកចេញចូល​តែមួយ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​