ពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​១១៨​គ្រួសារ ក្នុងស្រុក​បន្ទាយមាស បានទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​

នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត រួម​ដំណើរ​ដោយ​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ​១៩ ចំនួន ១១៨​គ្រួសារ នៅក្នុង​ស្រុក​បន្ទាយមាស ដែល​ពិធី​នេះ​ធ្វើឡើង​នៅ វត្ត​សំរោង ក្នុង​ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស​ខេត្តកំពត​។​

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្ដី​នឹករលឹក​​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋនាឱកាស​នោះ ដែលជា​និច្ច​ជា​កាល​សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូរ ជាប់​ជានិច្ច​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែល​ជួប​ការលំបាក ខ្វះខាត មាន​ជំងឺ ចាស់ជរា ស្ត្រី មេម៉ាយ​កូន​ច្រី​ន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ក្នុងស្ថានភាព​ដោយសារ​ជំងឺ​កូ​វីដ-​១៩ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​គ្រប់ពេលវេលា ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ហើយក៏​មិនដែល​ទុកចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀងអាហារ ​និង​គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ដឹងឮ​ឬ​ដោះស្រាយ​ឡើយ​។

ជាក់ស្តែង​ក្នុងអំឡុង​ពេលដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​យើង​ទទួលរង​នូវ​វិបត្តិ​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ សម្តេច​ទាំង​ទ្វេរ​បាន​ខិតខំ​ប្រឹង​ប្រែង អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ការពារ​សុខមាលភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប តាមរយៈ​ការផ្ដល់​សាច់ប្រាក់​ជូន​គ្រួសារ​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​បានការ​ដាក់ចេញ​វិធានការ​សំខាន់ៗ​រួម​នឹង បទបញ្ជា ក្នុង​ការធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ ពិសេស​ការស្វែងរក​វ៉ាក់សាំង​យក​មក​ចាក់​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ប្រជា​​ពលរដ្ឋ​គ្រប់រូប​ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាពស៊ាំ​នឹង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍ សំដៅ​ឱ្យ​ការរស់នៅ​តាម​គន្លង​ថ្មី ឈានទៅរក​ការបើក​ឱ្យ​ដំណើរ​ប្រទេស​ជាធម្មតា​ឡើងវិញ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​

​ឯកឧត្តម​ជាវ តា​យ​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​សុខភាព​ឲ្យ​បានល្អ និង​ប្រឹងប្រែង​ប្រកប​របរ​រកស៊ី បង្កបង្កើត​ផល ដើម្បី​ជួយ​សម្រាល​ជីវភាព​ឲ្យ​បាន​កាន់តែ​ប្រសើរ នឹងត្រូវ​បន្ត​ចូលរួម​អនុវត្តន៍​ឱ្យបាន​នូវ​វិធាន​សុវត្ថិភាព​សុខាភិបាល ៣​កុំ ៣​ការពារ​ឱ្យបាន​ជាប់​ជាប្រចាំ​។

​អំណោយ​ដែល​ផ្តល់ជូន​ពលរដ្ឋ​ទាំង ១១៨​គ្រួសារ ក្នុង​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូ ត្រីខ​១០​កំប៉ុង ទឹកត្រី ១​យួរ មី​១​កេស ម៉ាស​ក្រណាត់​បោក​ទឹក​ប្រើ​បាន​ចំនួន​១០ និង​ថវិកា​មួយចំនួន​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​