ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ដែលខេត្តកំពត ត្រូវធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៩ នេះកាន់តែគៀកកិតមកដល់នោះ។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្ត ក្រុមការងារនៃគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រខេត្តកំពតបានបន្តបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំបានផ្ដោតសំខាន់លើការត្រួតពិនិត្យ ពិភាក្សា និងវាយតម្លៃរាល់របាយការណ៍គម្រោងផែនការរបស់គណៈកម្មការ-អនុគណៈកម្មការទាំង៦ដែលមានមន្ទីរ អង្គភាព ជំនាញនិងអាជ្ញាធរ ក្រុង ស្រុក ចូលរួម ក្នុងគោលបំណងសំដៅធ្វើអោយការប្រព្រឹត្តទៅនៃពិធី បុណ្យ សមុទ្រ នៅខេត្តកំពត ឆ្នាំ ២០១៩ នេះ ទទួលបានលទ្ធផលល្អនិងជោគជ័យ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរ ក្រុង ស្រុក ពិសេស សមាជិក ក្នុងគណៈកម្មការនិងអនុគណៈកម្មការនីមួយៗ ត្រូវតែជំរុញយកចិត្តទុកដាក់អោយបានលឿននូវគម្រោងរបាយការណ៍ផែនការជាក់លាក់ដែលខ្លួនបានទទួលខុសត្រូវចំពោះភារកិច្ចដែលគណៈកម្មការប្រគល់ជូន។ ឯកឧត្ដម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា ពីធីបុណ្យសមុទ្រដែលខេត្តកំពតត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុង ឆ្នាំ២០១៩នេះ គឺ មានពេលវេលាកាន់តែកៀកកិតមកដល់ហើយ។
ដូច្នេះ ដើម្បីអោយមានភាពជាម្ចាស់ការក្នុងស្មារតីទទួលខុសត្រូវខ្ពស់នូវតួនាទីភារកិច្ចចាត់តាំងនៅក្នុងយន្តការអនុគណៈកម្មការនីមួយៗ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់គ្រប់ មន្ទីរ អង្គភាព ឬអាជ្ញាធរក្រុង ស្រុក ត្រូវតែជំរុញយកចិត្តទុកដាក់លើកគម្រោងផែនការត្រៀមលក្ខណៈសកម្មភាពអោយបានច្បាស់លាស់និងឆាប់រហ័សដោយក្នុងនោះក៏ត្រូវលើកនូវចំណុចប្រឈមនានាផងដែរ ដើម្បីរួមគ្នាពិភាក្សារកវិធីឬវិធានការណ៍ដោះស្រាយ សំដៅធ្វើយ៉ាងណាអោយការប្រព្រឹត្តទៅនៃពិធីបុណ្យសមុទ្រនៅខេត្តកំពតប្រកបដោយលក្ខណៈរលូននិងទទួលបានលទ្ធផលជោគជ័យ។
ក្នុងឱកាសនោះដែរ ពាក់ព័ន្ធ និងសោភ័ណភាពអានាម័យបរិស្ថាន ក្នុងក្រុងកំពត ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹកអោយគ្រប់ មន្ទីរ អង្គភាព ត្រូវតែចូលរួមធ្វើគំរូល្អដោយអនុវត្តអោយបានព្រមគ្នា ដូចជាការតុបតែងលំអរដោយអំពូលភ្លើង លាបថ្នាំព៌ណរបង ដាំផ្កានិងបោសសំអាតអោយបានជាប្រចាំជាដើម។ ពិសេសរដ្ឋបាលក្រុង កំពត ក៏ត្រូវតែយកចិត្តទុកដាក់ធ្វើលិខិតជូនដំណឹង ដល់ស្ថានប័នរដ្ឋ និងឯកជននានាដោយផ្ទាល់ ដើម្បីជំរុញស្ថាប័នទាំងនោះ យកចិត្តទុកដាក់ការតុបតែងលម្អកន្លែងរបស់ខ្លួនអោយមានភាពទាក់ទាញជាប្រចាំ មិនថាពេលយប់ឬពេលថ្ងៃ ដើម្បីធ្វើអោយការទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលនឹងប្រារពធ្វើនៅថ្ងៃទី ២០ ,២១,២២ ខែធ្នូខាងមុខ កាន់តែច្រើនឡើងជាងឆ្នាំមុនៗ។
ជាងនេះទៅទៀត ឯកឧត្ដម ជាវ តាយ អភិបាលខេត្តក៏បានជំរុញណែនាំអោយមានការយកចិត្តទុកដាក់សំខាន់បំផុតផងដែរ គឺសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការតែងលម្អរសោភ័ណភាពនិងសំអាត អានាម័យ បរិស្ថាន នៅតាមទីសាធារណៈ ផ្លូវថ្នល់ សួនច្បារ ផ្សារនានា និងតាមមន្ទីរ អង្គភាព មន្ទីរពេទ្យសាលារៀន វត្តអារាម ភោជនីយដ្ឋាន កន្លែងលក់ដូរ ផ្ទះសំណាក់ សណ្ឋាគារ ជាដើម អោយបានជាប្រចាំជាបណ្ដើរៗចាបលពីពេលឥឡូវនេះតទៅ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានទទូចសំណូមពរ ថែមទៀតដល់គ្រប់ អនុគណៈកម្មការទាំងអស់គឺចាប់ពីពេលនេះតទៅត្រូវតែខិតខំជំរុញយកចិត្ត ទុកដាក់ជាការចាំបាច់ដែលរដ្ឋបាលខេត្តបានប្រគល់ជូននូវតួនាទីភារកិច្ចនីមួយៗរបស់ខ្លួនទើបការងារបានសម្រេចដោយមិនមានការព្រួយបារម្ភនៅពេលដំណើរការនៃ ពិធីបុណ្យសមុទ្រកៀកកិតមកដល់៕
អត្ថបទៈ លោក សាយ យាវ