​លោកជំទាវ លាង ហៃ​ ជាវ តា​យ​ ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយជូន​ប្រជាពលរដ្ឋរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រំលំ​ផ្ទះ​ក្នុង​ឃុំ​ព្រៃ​ទន្លេ​ស្រុក​បន្ទាយមាស​

​នៅ​ព្រឹក​ថ្ងៃទី០៩ ​ខែសីហា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ដឹកនាំ​ដោយ​លោកជំទាវ លាង ហៃ ​ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា​ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម បាន​ចុះសួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រំលំ​ផ្ទះ ចំនួន​២០​គ្រួសារ នៅក្នុង​ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត​។

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកជំទាវ លាង ហៃ ​ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ទីទ័លក្រ មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​លោកជំទាវ លាង ហៃ ​ជាវ តា​យ ក៏បាន​លើក​បញ្ជាក់ថា បើទោះបី អំណោយ​ទាំងនេះ​មិនបាន​ឆ្លើយតប​នឹង​ទំហំ​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​បងប្អូន​ក៏ពិតមែន ប៉ុន្តែក៏​វា​អាចរួមចំណែក​ដោះស្រាយ​ជួយ​សំរាល​ការលំបាក​ខ្វះខាត​របស់​​បងប្អូន​មួយ​រយៈពេល​ផងដែរ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ សុំ​កុំ​អស់សង្ឃឹម​ត្រូវខិតខំ​ប្រកបមុខរបរ​រៀងខ្លួន​បន្តទៀត​ពិសេស​ផ្នែក​កសិកម្ម​គឺ​ការដាំដុះ​និង​ចិញ្ចឹមសត្វ​ដើម្បី​រួមផ្សំ​សម្រាប់​បង្កើន​ជីវភាព​គ្រួសារ​អោយ​កាន់តែ​ប្រសើរ​ឡើង​​។ ជាមួយ​ឱកាស​នោះ​លោក ជំទាវ អនុប្រធាន សាខា​ក៏បាន​សំណូមពរ​ផ្ដាំផ្ញើ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត។ ជាពិសេស រដូវ​នេះ​ជា​រដូវវស្សា​មានទឹក​ត្រពាំង​ឬ​ទឹកស្រះ​ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ចំពោះ កូនចៅ​ដើម្បី​បង្កា​គ្រោះថ្នាក់​លង់ទឹក​ដោយ​យ​ថស​ហេតុដែល​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​យើង​។

​អំណោយ​ដែល​បានផ្តល់​ជូន​គ្រសារ​ប្រជាពលរដ្ឋ​នាពេលនោះ​រួមមាន ក្នុង​មួយ​គ្រួសារ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ ១០​កំប៉ុង ស្ករស​១​គីឡូ ឃី​ត​១​មាន​(​មុង ភួយ ក្រមា សារុង​) និង​ឧបត្ថម្ភ​មួយ​គ្រួសារ​ដែល​រលំ​ផ្ទះ​ទាំង​ស្រុង​នូវ​តង់​១​និង​ថវិកា​២០​ម៉ឺន​រៀល ចំណែក​១៩​គ្រួសារ​ទៀត​មួយ​គ្រួសារ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​