ឯកឧត្ដម ជាវ តា​យ ដឹកនាំ​ប្រជុំ​ការងារ​រៀបចំ​សោភ័ណ្ឌភាព​ក្នុង​ក្រុង​កំពត ដើម្បីត្រៀម​រៀបចំ​បុណ្យ​សមុទ្រនៅ​ចុងឆ្នាំ​២០១៩ ក្នុង​ខេត្តកំពត

នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នា​សាលាខេត្ត ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការជំរុញ​លើ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណ្ឌភាព ​និង​អានា​ម័​យ​បរិស្ថាន​ក្រុង​កំពត ​ដើម្បីត្រៀម​រៀបចំ​បុណ្យសមុទ្រជុំ​ទី​២ ​លើក​ទី​៨​ឈានចូល​មកដល់​នៅ​ចុងឆ្នាំ​២០១៩ ដែល​ខេត្តកំពតធ្វើ​ម្ចាស់ផ្ទះ​។

កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរអង្គភាព សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​ទឹកឈូ ក្រុង​កំពត​និង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត​។ កិច្ចប្រជុំបាន​ផ្ដោតលើ​ការងារ​សំខាន់ៗ​រួមមាន​ការងារ​រៀបចំកែលំអនូវ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធផ្លូវ លូបង្ហូរទឹក ភ្លើង​បំភ្លឺ តាម​ដងផ្លូវ​សំខាន់ៗ​និង​បញ្ហា​ការប្រមូល​ទុកដាក់​សម្រាម​អោយបាន​ទាន់ពេលវេលា​រួម​ នឹង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​សោភ័ណភាព ​និង​អនាម័យ​បរិស្ថាន ​ដោយ​ធ្វើយ៉ាងណា​អោយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​ ប្រកបដោយ​សណ្ដាប់ធ្នាប់​ សុខមាលភាព​សមរម្យ​ ​ក៏ដូចជា​ការធ្វើអោយមាន​ការទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ ដែល​ទីក្រុង​កំពត​ធ្វើ​ម្ចាស់ផ្ទះ​ជុំ​ទី​២​ នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ​ចុងឆ្នាំ​២០១៩​នេះ​។

មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត​បាន​ចាត់ទុក​កិច្ចប្រជុំ​ពេលនេះ​គឺជា​ការងារ​សំខាន់ ដែល​តម្រូវអោយ​មានកា​រ​ចូលរួម​លើក​ជា​មតិយោបល់​ពី​បណ្តា​មន្ទីរ អង្គភាព សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ ក្រុង សង្កាត់ នូវ​បញ្ហា​ប្រឈម​នានា នឹង​តម្រូវការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ការងារ​សណ្ដាប់ធ្នាប់សោភ័ណភាព និង​អានា​ម័​យបរិស្ថាន ក្នុង​ក្រុង​កំពត​ដើម្បី​រួមគ្នា​ដាក់​ផែនការ​អនុវត្ត​បន្ត​អោយមាន​ប្រសិទ្ធភាព​។ ឯកឧត្ដមអភិបាល ខេត្ត បាន​បន្តទៀតថា​៖​ នៅ​ចំពោះមុខ​នេះ​ខេត្តកំពត​ត្រូវមាន​ភារកិច្ច​ទទួល​នូវ​ការរៀបចំព្រឹត្តិការណ៍​សំខាន់ៗ​ជា​បន្តបន្ទាប់ ជាពិសេស​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​នឹង​ឈាន​មកដល់​នៅ​ចុងឆ្នាំ​២០១៩​ នេះ​ដែល​ខេត្តកំពត​ត្រូវ​ទទួល​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ​ដ៏​ខ្លី​ខាងមុខនេះ​។

ដូច្នេះចាប់ពីពេលនេះ​តទៅ​ទាំង​រដ្ឋបាលខេត្ត និង​ក្រុងកំពត ​ព្រមទាំង​សង្កាត់​ទាំង​៥​ក៏ដូចជា​មន្ទីរជំនាញ​ក្នុង​ខេត្ត​ត្រូវតែ​បង្កើន​ការចូលរួម​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន ​និង​នៅតាម​មូលដ្ឋាន​របស់ខ្លួន​គ្រប់គ្រង​ដើម្បី​ធ្វើ​យ៉ាង​ណា​​អោយ​សោភ័ណ​ភាព​ក្រុង​កំពត ​ប្រកបដោយ​ភាព​បៃតង​ និង​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ មាន​បរិស្ថាន និង​អនាម័យ​ល្អជា​ប្រចាំ​ពិសេស​តាម​ដងផ្លូវ​សួន​សាធារណៈ​ និង​ទី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។

ឯកឧត្ដមអភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​កំពត​និង​ចៅសង្កាត់​ទាំង​៥​រួម​ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ចូល​រួម​ជួយ​ជំរុញ​ចលនា ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដើម្បីអោយ​ប្រជាពលរដ្ឋ​បានទទួល​ការយល់ដឹង ​និង​មានការ​ចូល​រួម​​ទាំងអស់​គ្នា ​ព្រោះ​ការងារ​រៀបចំ​ក្រុង​ត្រូវ​ទាមទារ​អោយមាន​ការចូល​រួមទាំង​អស់​គ្នា ​ទាំង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទៅ​ទើប​ការងារ​នេះ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ជោគជ័យ​។

​សូមបញ្ជាក់ថា​៖ ខេត្តកំពត​នៅក្នុង​ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត តែងមាន​ការយកចិត្ត​ទុកដាក់​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ផែនការ​អនុវត្ត​អោយ​បណ្ដា​មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធលើ​បញ្ហា​ការងារ​រៀបចំ​សោភ័ណភាព​ក្រុង​​កំពត​ ពិសេសអភិបាលខេត្តបាន​ចុះ​ពិនិត្យផ្ទាល់ដល់​មូលដ្ឋាន​ជួប​បញ្ហា​ប្រឈម​ក្នុង​ក្រុង​កំពត​កន្លងមក ហើយ​បច្ចុប្បន្នកំពុង​ជំរុញ​លើ​ការងារ​សោភ័ណភាព​ក្រុង​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ខាងមុខ​ដ៏​ខ្លី​នេះ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​