ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភានិងជា អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានជំរុញដល់ថ្នាក់ដឹកនាំខេត្តនិងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តកំពត ត្រូវសហការយកចិត្តទុកដាក់ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃឲ្យបានល្អ ដើម្បីធានាបាននូវការទប់ស្តាត់ការនាំចូលជំងឺកូវីដ១៩ ពីខាងក្រៅមកចម្លងរាលដាលនៅក្នុងសហគមន៍។ ស្របពេលដែលពិភពលោក ពិសេសប្រទេសថៃ ដែលកំពុងជួបវិបត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភអំពីសុខទុក្ខប្រជាពលរដ្ឋខ្លួនដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃយ៉ាងខ្លាំង ។ ដោយសារវិបត្តិជាសកល ជម្ងឺឆ្លងកូវីដ១៩នេះ ស្របពេលដែលពលរដ្ឋខ្មែរជាច្រើនពាន់នាក់អាចនឹងត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ដូច្នេះដើម្បីសម្រួលដល់ការលំបាក និងដើម្បីទប់ស្កាត់ការនាំចូលជំងឹកូវីដ១៩ ពីខាងក្រៅប្រទេស រាជរដ្ឋាភិបាល កម្ពុជាយើងបានដាក់ចេញវិធានការណែនាំយ៉ាងហ្មត់ចត់ និងបានបញ្ជូនមន្ត្រី និងរថយន្តជាច្រើនរយគ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋខ្មែរ មកស្រុកកំណើតវិញ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងមានការចូលរួមអមដោយឯកឧត្តម ជាវ តាយ អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យបន្ទប់ ដែលបានរៀបចំត្រៀមសម្រាប់ព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ នៅអគារសាលារៀនចំនួនពីរ គឺនៅវិទ្យាល័យព្រះរាជសម្ភារ និងសាលា គរុកុសលនិងវិក្រិត្យការខេត្តកំពត និងផ្ទះសំណាក់សំណាងលាភ ដែលរដ្ឋបាលខេត្តកំពតបានត្រៀមលក្ខណៈទុករួចជាស្រេច។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានកោតសរសើរ ដល់រដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំនឹងមន្ទីរអង្គភាព ពាក់ព័ន្ធក្នុងខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងការត្រៀមបន្ទប់ឲ្យបានសមស្រប ក្នុងករណីមានការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩នៅក្នុងខេត្តនេះ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានក្រើនរំលឹកជំរុញណែនាំដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត នៅពេលដែលពលរដ្ឋបានវិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងពេលណាមួយក៏ដោយត្រូវតែមានការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព និងទំនុបបំរុងស្បៀងអាហារជូនពួកគាត់ឲ្យបានល្អ ហើយបើក្នុងករណីពិនិត្យទៅឃើញមានការសង្ស័យនូវការឆ្លងជំងឺកូវីដ១៩នោះ សូមធ្វើការណែនាំ និងដាក់គាត់ឲ្យសម្រាកនៅបន្ទប់ត្រៀមសិន ដើម្បីបន្តការតាមដានពិនិត្យ និងព្យាបាលឱ្យបានជាសះស្បើយ ទើបអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះសម្បែង។
ចំណែកឯប្រជាពលរដ្ឋណាដែលត្រួតពិនិត្យហើយ ពុំរកឃើញមានការសង្ស័យករណីជំងឺកូវីដ១៩នេះ ក៏ត្រូវតែអប់រំណែនាំឲ្យពួកគាត់រស់នៅដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃសិនដែរ ពេលទៅដល់ផ្ទះសំបែងហើយសូមកុំប្រញាប់រស់នៅស្និទ្ធស្នាលជាមួយសមាជិកគ្រួសារផងដែរ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពតបានរៀបចំបន្ទប់នៅក្នុងខេត្តចំនួន៣កន្លែងនិងមន្ទីរពេទ្យបង្អែកស្រុកចំនួន៥ទៀតមានប្រមាណចំនួន២៥៤បន្ទប់ដើម្បីត្រៀមសម្រាប់ទុកព្យាបាល អ្នកឆ្លងជំងឺកូវីដ១៩៕
អត្ថបទៈ លោក សាយ យាវ