ធុងចំរោះទឹកស្អាតចំនួន ១០០ធុងដែលជាជំនួយរបស់សប្បុរសជនប្រទេសសាំងហ្គាពួរ ផ្ដល់តាមរយៈសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងអាជ្ញាធរក្រុងសង្កាត់។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ម៉ាត់ សេត ឯកឧត្តមសោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាននេះ ដែលតែងតែសហការគាំទ្រដល់គោលនយោបាយរបស់គណបក្សប្រជាជន ពិសេសបោះឆ្នោតជូនគណបក្សប្រជាជន ទទួលបានលទ្ធផលល្អ ជោគជ័យគ្រប់អាណត្តិនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
ឯកឧត្តមអ្នកតំណាងរាស្ត្រទាំងពីរ ក៏បានសំដែងការកោតសរសើរចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់ម្ចាស់ជំនួយរួមនឹងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ដែលបានសហការគ្នានាំយកនូវធុងចម្រោះទឹកស្អាតមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដោយបានចាត់ទុកសកម្មភាពទាំងនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់នូវសុខមាលភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះអ្នកតំណាងរាស្ត្រឯកឧត្តម សោម ចិន ក៏បានលើកឡើងបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញលើ ដោយបានអនុវត្ត នូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនប្រមុខដឹកនាំរាជរដ្ឋាភិបាល។
ដោយផ្ដើមចេញពីសមិទ្ធផលនៃសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិហើយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពសំខាន់ៗក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពផ្សេងៗ ដែលក្នុងនោះវិស័យអនាម័យនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទផងដែរ ដែលត្រូវបានរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់។
ឯកឧត្តម សោម ចិន ក៏បានចាត់ទុកការនាំនូវសម្ភារៈធុងចំរោះទឹកស្អាតដែលជារបស់សប្បុរសជននាពេលនេះគឺជាកាយវិការប្រពៃក្នុងកិច្ចការសង្គមដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ខ្ពស់នូវសុខភាពអនាម័យជនបទក្នុងគោលដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អំណោយធុងចំរោះទឹកស្អាតអំណោយសប្បុរសធម៌របស់ប្រទេសសាំងហ្គាពួរនាពេលនេះគឺជាលើកទី៩ហើយ ដែលមានធុងសារុបចំនួន១៣០០ធុងដោយ បានចែកជូនប្រជាពលរដ្ឋសរុបចំនួន ១,៣០០គ្រួសារក្នុងឃុំ និងសង្កាត់មួយចំនួននៃស្រុកទឹកឈូ និងក្រុងកំពតខេត្តកំពតនិងឃុំមួយចំនួនទៀតក្នុងខេត្តកែបផងដែរ៕
អត្ថបទៈ លោក សាយ យាវ