នៅព្រឹកទី៩ ខែតុលា ឆ្នាំ២០២១ នាសាលាខេត្តកំពត ព្រះតេជគណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត បាននិមន្តដឹកនាំព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទូទាំងខេត្តកំពត ដើម្បីនិមន្តជួបសំណេះសំណាល និងប្រោះព្រំពរជ័យជូន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានផ្ទេរចេញទៅកាន់ តំណែងជាអភិបាលខេត្តពោធិ៍សាត់ពេលខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសម្ដែងនូវសមានចិត្តអរព្រះគុណ នូវការស្រឡាញ់រាប់អានពីសំណាក់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមនឹងព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ ក្នុងខេត្តកំពតទាំងមូល ដែលតែងតែផ្ដល់នូវកម្លាំងកាយចិត្ត កិត្តិយស ការស្រឡាញ់រាប់អាន និងគាំទ្រនូវសកម្មភាព របស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ឯកឧត្តមនារយៈពេលកន្លងមក ទាំងវិស័យពុទ្ធចក្រ អាណាចក្រ និងវិស័យមនុស្សធម៌ ក្នុងគោលដៅការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ។
តែទោះបីយ៉ាងណា ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ការផ្ទេរភារៈកិច្ចនេះ គឺជាក្រឹតក្រមប្រព្រឹត្តទៅនៃច្បាប់រដ្ឋបាលធម្មតា តែចំណុចសំខាន់ឯកឧត្តម និងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការដឹកនាំនិងអភិវឌ្ឍន៍ដើម្បីបម្រើជាតិ និងប្រជាជននៅខេត្តពោធិ៍សាត់ ឱ្យបានកាន់តែល្អ និងរីកចម្រើនបន្តទៀត។
មានសង្ឃដីកាក្នុងឱកាសនោះដែរ ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត រួមនឹងមន្ត្រីសង្ឃ ដែលបាននិមន្តចូលរួម បានសម្ដែងសមានចិត្តកោតសរសើរ និងការនឹករឭក ចំពោះសកម្មភាព នៃការដឹកនាំរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នារយៈពេលជិត៤ ឆ្នាំកន្លងមកនេះ ធ្វើឱ្យខេត្តកំពត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលសមិទ្ធផលទាំងអស់នេះ ធ្វើឱ្យប្រជាពលរដ្ឋមានអំណរសាទរ ត្រេកអរ ចំពោះការដឹកនាំ និងសកម្មភាពរបស់ឯកឧត្តមអភិបាលខេត្ត។
ពិសេសសម្រាប់ក្នុងមជ្ឈដ្ឋានមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមនឹងព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទក្នុងខេត្ត មានការកោតសរសើរនូវគុណតម្លៃ នៃការខិតខំជំរុញក្នុងកិច្ចអភិវឌ្ឍ និងបម្រើប្រជាជននៅក្នុងខេត្តកំពតកន្លងមកនេះ។ តាមរយៈនៃការខិតខំបញ្ចេញនូវសកម្មភាព បន្សល់នូវសមិទ្ធផល និងកិត្តិយសសម្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតកន្លងមក បានធ្វើឱ្យមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមនឹងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានក្នុងខេត្តមានការនឹករឭក និងសោកស្ដាយចំពោះសកម្មភាពដឹកនាំរបស់ឯកឧត្តម ជាវ តាយ ដែលនឹងត្រូវផ្ទេរទៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បាននាំមកនូវបច្ច័យចំនួន ២១លានរៀលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈរដ្ឋបាលខេត្ត ប្រគេនដល់ព្រះព្រះមេគណខេត្តកំពត ដើម្បីចាត់ចែងនិងដំណើរការអភិវឌ្ឍក្នុងវិស័យព្រះពុទ្ធសាសនាក្នុងខេត្តបន្តទៀតផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត