ពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥៥​គ្រួសារ​ក្នុង​ក្រុង​បូកគោ ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

​អភិបាលខេត្ត​កំពត​បា​ន​ជំរុញ​លើកទឹកចិត្ដដ​ល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ សូមកុំ​អស់សង្ឃឹម និង​ត្រូវខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត​ឱ្យបាន​ប្រសើរ ព្រោះ​មិនយូរ​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥៥​គ្រួសារ មកពី​សង្កាត់​ទាំង​៣​នៃ​ក្រុង​បូកគោ នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នៅក្នុង​បរិ​វណ​វត្ត ដួង​កែវ (​ហៅ​វត្ត​រកា​) ស្ថិតនៅ​ក្នុងភូមិ​គីឡូ​១២ សង្កាត់​កោះ​តូច ក្រុង​បូកគោ។

ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ចាស់ជរា ស្ត្រី​មេម៉ាយ​កូន​ច្រី​ន​ក្នុងបន្ទុក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិនដែល​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀងអាហារ​នោះទេ​។

​ជាងនេះទៅទៀត ក្នុងអំឡុង​ពេលដែល​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ទទួលរង​នូវ​វិបត្តិ​កូ​វីដ​-១៩ សម្តេច​ទាំង​ទ្វេរ​បាន​ខិតខំ​ប្រឹងប្រែង​ប្រើ​អស់​កម្លាំងកាយ​ចិត្ត ការពារ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប តាមរយៈ​ការដាក់ចេញ​វិធានការ បទបញ្ជា ការធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ និង​ស្វែង​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់រូប ធ្វើឱ្យ​ស្ថានភាព​ប្រទេស​កម្ពុជា មាន​ភាពល្អប្រសើរ​។​

ជាក់ស្តែង​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​បាន​សាកល្បង​បើក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ បើ​ពិនិត្យ​ទៅ មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទេ សម្តេច​នឹង​ឈានទៅ​បើក​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល​ឡើងវិញ​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ កុំ​អស់សង្ឃឹម និង​ត្រូវខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត​ឱ្យបាន​ប្រសើរ ហើយ​ត្រូវ​បន្ត​រស់នៅ​តាមបែប​គន្លង​ថ្មី អនុវត្តន៍​ឱ្យបាន​នូវ​វិធាន​សុ​វត្តិភាព ៣​កុំ ៣​ការពារ​។

​អំណោយ​ដែល​ផ្តល់ជូន​ពលរដ្ឋ​ទាំង ៥៥​គ្រួសារ ក្នុង​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម ត្រីខ​១០​កំប៉ុង ទឹកត្រី ១​យួរ មី​១​កេស ម៉ាស​ក្រណាត់​បោក​ទឹក​ប្រើ​បាន​ចំនួន​១០ និង​ថវិកា​មួយចំនួន​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​