បន្ទាប់ពីថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក៏ដូចរដ្ឋបាលខេត្តកំពតសំរេចបាននៅក្នុងខែកញ្ញាឆ្នាំ២០១៩នេះ។ ប៉ុន្តែទោះបីយ៉ាងណាពាក់ព័ន្ធ និងបាតុភាពនៃភាពអវិជ្ជមានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតក៏បានធ្វើការណែនាំក្រើនរំលឹកនិងជំរុញដល់មន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញត្រូវសហការគ្នាឱ្យបានល្អថែមទៀត ដើម្បីធ្វើការងារផ្តល់សេវាផ្សេងៗរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវតាមការកំណត់របស់អង្គភាពច្រកចេញចូលតែមួយ ហើយជៀសវាងឲ្យបានដាច់ខាត់ចំពោះឯកសារទាំងឡាយណាដែលចូលតាមច្រកចេញចូលតែមួយ ប៉ុន្តែចេញតាមបណ្តាមន្ទីរជំនាញ ហើយបើសិនរកឃើញថាមន្ត្រីរូបណាដែលប្រព្រឹត្តិខុសគោលការណ៍កំណត់របស់ច្បាប់ស្តីអំពីច្រកចេញចូលតែមួយ រដ្ឋបាលខេត្តនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
ការថ្លែងដូចនេះគឺនៅក្នុងឱកាសនៃកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបន្តលើកឡើងទៀតថា អង្គភាពច្រកចេញចូលតែមួយត្រូវបម្រើការងារជូនអ្នកមកទទួលសេវាឱ្យបានឆាប់រហ័ស ស្របតាមនីតិវិធីច្បាប់ដែលបានកំណត់។ ក្នុងករណីការងារផ្នែកវិស័យណាមួយ មានភាពរាំងស្ទះត្រូវ រាយការណ៍ជូនមករដ្ឋបាលខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តក៏បានលើកបញ្ជាក់ដែរថា បញ្ហាដែលក្នុងនោះមានជារឿយៗ អ្នកមកទទួលសេវា ពិសេសប្រជាពលរដ្ឋដែលត្រូវការប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីយកទៅប្រើប្រាស់ក្នុងភាពចាំបាច់តែងរអ៊ូរទាំអំពីការលំបាកចំពោះបញ្ហានេះ។ ជាក់ស្តែងបើតាមរបាយការណ៍ពីរ ដែលឯកឧត្តមអភិបាលខេត្តបានទទួលបានតួរលេខភាពខុសគ្នា ដោយខាងមន្ទីរសុរិយោដីថាសំណុំឯកសារដែលទទួលបានមានប្រមាណ៥០០ ទៅ ៦០០ក្នុងមួយខែ ប៉ុន្តែខាងអង្គភាពច្រកចេញចូលតែមួយថាមានជាង ១,០០០សំណុំឯកសារ។
ឯកឧត្តម ជាវ តាយ បានបន្តថា បញ្ហានេះបណ្តាលមកពីខ្វះការទំនាក់ទំនងរវាងគ្នា និងគ្នា។ មន្ត្រីច្រកចេញចូលតែមួយត្រូវសួរនាំមើល ថាបើដាក់ចូលតាមច្រកចេញចូលតែមួយហើយ តើចេញទៅវិញតាមណា?។ ជាធម្មតាចូលតាមណាត្រូវចេញតាមហ្នឹងនោះទើបតួលេខត្រូវគ្នា។ គោលការណ៍មានស្រាប់ហើយគឺច្រកចេញចូលតែមួយមានមន្ទីរជំនាញស្ថិតនៅពីក្រោយ (គឺមានមន្ត្រីជួរមុខ និងជួរក្រោយ) ចុះហេតុអ្វីមន្ត្រីជួរមុខនឹងជួរក្រោយបានទទួលសំណុំឯកការស្នើសុំសេវារបស់ប្រជាពលរដ្ឋខុសគ្នាទៅវិញ? ក្នុងករណីដែលរកឃើញថាមន្ដ្រីរូបណាដែលធ្វើការខុសគោលការណ៍ច្បាប់កំណត់របស់ច្រកចេញចូលតែមួយ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់។
ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកថា ករណីបែបនេះចាំបាច់ត្រូវតែកែសម្រួលឡើងវិញ ពោលគឺមិនអាចឱ្យការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅយឺតយ៉ាវបន្តទៀតឡើយ។ ដូច្នេះអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញត្រូវសហការគ្នាឱ្យបានល្អរវាងគ្នាទើបបានដំណើរការរលូនទៅមុខល្អ។ មិនអាចឯកសារចូលតាមច្រកហើយ ពេលចេញទៅវិញតាមរយៈមន្ទីរនោះទេ៕
អត្ថបទៈ លោក សាយ យាវ