​រដ្ឋបាល​ខេត្តកំពត​ប​ន្ត​ប្រគល់​អំណោយ​ដល់​អាជ្ញាធរ​ក្រុង-ស្រុក ដើម្បី​ឆ្លើយតប​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ក្នុង​ខេត្តបន្ថែមទៀត​

​អំណោយ​ដើម្បី បម្រើ​ឆ្លើយតប​ក្នុង​សកម្មភាព​យុទ្ធនាការ បង្ការ ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ រួមមាន អង្ករ​ ៨៧០០​គីឡូ និង​សំភារៈប្រើប្រាស់​មាន​ម៉ាស​ចំនួន​ ១៦០​ប្រអប់​និង​ទឹក​អាកុល​លាងដៃចំនួន ១២០​ដប​។​ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០២០នេះ​ ត្រូវបានរដ្ឋបាល​ខេត្តកំពត​ធ្វើ​ការបន្ត​បែងចែក ប្រគល់ជូន​ដល់​រដ្ឋបាល​ក្រុង-ស្រុក​ទាំង៨ ក្នុង​ខេត្ត​ថែមទៀត ដើម្បី​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ការខ្វះខាត​ជីវភាព​ និងជូន​ដល់​រដ្ឋបាល​ឃុំ-សង្កាត់ បម្រើ​ដល់​សកម្ម​ភាព​ក្នុង​យុទ្ធនា​ការប្រយុទ្ធ​និង​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​ឲ្យ​បាន​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​។​

ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​១៩ បាននិងកំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ទូទាំង​ពិភពលោក ក្នុងនោះដែរ​កម្ពុជា​យើង ក៏​ទទួលរង​ការលំបាក ក្នុងស្ថានភាព រីក​រាលដាល នៃ​ជំងឺ កាច​សាហាវ​នេះ​ផងដែរ​។ ដោយឡែក​សម្រាប់​ខេត្តកំពត ក៏មាន​អ្នក​ឆ្លង​ជំងឺ កូ​វីដ​១៩ នេះ​ចំនួន ៤​នាក់ រួចមកហើយ ប៉ុន្តែ​បច្ចុប្បន្ននេះ អ្នក​ទាំងអស់​នោះបាន​ព្យាបាល​ជាសះស្បើយ​អស់ហើយ​ដែរ​។

ដូច្នេះ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​ទៅនឹង​យុទ្ធនាការ ប្រយុទ្ធ បង្ការ ទប់ស្កាត់ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ។ កន្លងមក​មានការ​ចូល​រួមជាមួយ​រដ្ឋ​បាក​ខេត្ត ជា​អំណោយ​មនុស្សធម៌ ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​នឹង​សប្បុរសជន​នានា ជា​អំណោយ​សម្ភារៈ​ការពារជម្ងឺកូ​វីដ​១៩ និង​អង្ករជូន​ដល់​អនុសាខា​ក​កាកបាទក្រហម ក្រុង-ស្រុក​ទាំង​៨​ក្នុង​ខេត្ត ដើម្បីបន្ត​ចែកជូន​ដល់​រដ្ឋបាលឃុំ-សង្កាត់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែលបាន​វិល​ត្រលប់​មក​ពី​ប្រទេស​ថែ​វិញមាន​ចំនួន​សរុប​ ៦៩១​នាក់​រួចមកហើយ​ដែរ​។

ដោយឡែក​សម្រាប់ការផ្ដល់ជូននាពេល នេះ​គឺជា​ការផ្ដល់ជូន​លើក​ទី​២ ដល់​រដ្ឋបាល​ក្រុង-ស្រុកទាំង​៨ ក្នុង​ខេត្ត​សម្រាប់​យកទៅ​ប្រតិបត្តិការ​ក្នុង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ចែកជូន​ប្រជាពលរដ្ឋដែល​ទើប​វិលត្រឡប់​ពី​ប្រ​ទេស​​ថៃ​​បន្ថែមទៀត​។

ហើយ​អំណោយ​ទាំងអស់នេះ​ក៏មាន​ការចូល​រួមជាមួយ​រដ្ឋបាលខេត្ត ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥ រួម​នឹង​សប្បុរសជនមួយចំនួនទៀត​ដែរ​។​ ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើដល់​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​បន្ត​យក​អំ​ណោយ​​ទាំងនេះ ចែកជូន​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់ របស់ខ្លួន ក្នុង​គោលដៅ​រួម ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ពិសេស​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ​រាល់​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត ដើម្បី​ខេត្តកំពត​រួច​ផុតពី​ការឆ្លង ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា​។​

​អំណោយ​ដែល​ត្រូវ​ផ្ដល់ជូន​នាពេលនេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​រស់ នៅតាម​លំនៅ​ក្នុង​មូលដ្ឋាន​នៃ​ស្រុក​ក្រុង​ទាំង​៨ មាន​ចំនួន ​៤៣៥​នាក់ ដោយ​ម្នាក់ៗ​ទទួល​អង្ករ២០​គីឡូ ដោយឡែក​សម្ភារៈប្រើប្រាស់ មាន​ម៉ាស់​និង​ទឹក​អាកុល​ឬ​ជែ​ល​លាងដៃ បែងចែក​ដល់​រដ្ឋបាល​ក្រុង ស្រុក ទាំង​៨ ក្នុង​មួយ​ស្រុក​និង​ក្រុង​ទទួលបាន​ម៉ាស់​២០​ប្រអប់ ទឹក​អាកុល ១៥​ដប​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​