ខេត្តកំពតគឺជាខេត្តគោលដៅទេសចរណ៍មួយ ដែលសម្បូរទៅដោយរមណីដ្ឋានធម្មជាតិ អេកូទេសចរណ៍ កន្លែងកម្សាន្តជាច្រើនគួរឱ្យទាក់ទាញ ដែលភ្ញៀវទេសចរដែលមកកាន់ទឹកដីនៃខេត្តមួយនេះអាចមានឱកាសទៅកម្រាន្តបានច្រើនកន្លែងដោយប្រើរយៈពេលខ្លី។
ជាក់ស្តែងក្នុងរយៈពេល២ថ្ងៃ នៃថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលភ្ញៀវទេសចរមកសម្រាកកម្រាន្តចំនួន ៦៧.២០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៦៦.៦១២នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៥៩១នាក់ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ភ្ញៀវទេសចរដែលធ្វើដំណើរមកសម្រាកកម្សាន្តនាឱកាសបិណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១នេះ មានការកើនឡើងជាងឆ្នាំ២០២០ ដោយនៅថ្ងៃទី១ ភ្ញៀវទេសចរណ៍មានចំនួន ៣០.៤៥៥នាក់កើនឡើង ប្រមាណ ៥៩,៩០ភាគរយ បើធៀបនឹងថ្ងៃទី១ នៃបុណ្យភ្ជំបិណ្ឌ ឆ្នាំ២០២០ ហើយថ្ងៃទី២ ភ្ញៀវទេសចរណ៍មានចំនួន ៣៦.៧៤៨នាក់ កើនឡើងប្រមាណ ៥២.៣៨ភាគរយ បើធៀបនឹងថ្ងៃទី២ នៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០កន្លងទៅ ហើយចំពោះសេវាកម្មស្នាក់នៅក្នុងខេត្តកំពត ទាំងផ្ទះសំណាក់ សណ្ឋាគារ គឺត្រូវបានភ្ញៀវសម្រាកពេញទាំងអស់ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។
លោកប្រធានមន្ទីរបានបន្ថែមថា ចំពោះការអនុវត្តវិធានសុវតិ្តភាព និងសារាចរណ៍ណែនាំនានា របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ តាមការអង្កេតរបស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបានគាត់សម្គាល់ឃើញថា ទាំងប្រត្តិបត្តករទេសចរណ៍ ភ្ញៀវទេចរបានអនុវត្តន៍បានយ៉ាងល្អ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្តិភាព ៣កុំ ៣ការពារ។
ចំពោះផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញប្រតិបត្តិការណ៍ក្នុងការសម្រួលចរាចរណ៍នៅចំណុចស្ពានព្រែកកំពង់បាយ (ស្ពានថ្មី) ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍យូរ ដែលក្នុងនោះក៏មានការចូលរួមពីកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងកំពតផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត