ពិធីបើកការដ្ឋាន​សាងសង់​នូវ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន “​កំណប់​ឋានសួគ៌​” របស់​ក្រុមហ៊ុន​សុខាអូតែល​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​នូវ​គំរោង​អភិវឌ្ឍ​ន៏​លំនៅឋាន “​កំណប់​ឋានសួគ៌​” របស់​ក្រុមហ៊ុន​សុខាអូតែល ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​។​

​ក្នុង​ពិធី​នេះដែរ ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ព្រមទាំង ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​មួយចំនួន ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ក្នុង​ខេត្តកំពត ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ៦០០​នាក់ ប្រកបដោយ​បរិយាកាស​យ៉ាង​ឱ​ឡា​រឹក​។​

​មាន​សន្ទរកថា​ស្វាគមន៍​ក្នុង​អង្គពិធី ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ខេត្តកំពត​ជា​ខេត្ត​មួយ​ដែលមាន​អំណោយផល​ល្អ​ពី​ធនធានធម្មជាតិ សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ នឹង​សក្ដានុពល​ដទៃទៀត សម្រាប់​ការអភិវឌ្ឍ​ខេត្ត​មាន​សន្ទុះ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

ដោយឡែក​ការបើក​ការដ្ឋាន​សាងសង់​នូវ​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​លើ​ភ្នំ​បូកគោ របស់​ក្រុមហ៊ុន​សុខាអូតែល​នាពេលនេះ គឺ​ពិតជា​ជំរើស​មួយ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ទស្សនៈវិស័យ សេដ្ឋកិច្ច​វែងឆ្ងាយ​សម្រាប់​ភាពជោគជ័យ​នៃ​មុខរបរ​។

ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​សំដែង​ការស្វាគមន៍​គាំទ្រ​ដល់​អ្នកវិនិយោគ​គិ​ន​នា​សូម​បន្ត​ចូលរួម​វិនិយោគ​លើទឹក​ដី​ខេត្ត​ថែមទៀត និង​សង្ឃឹម​យ៉ាង​មុតមាំ​ថាគម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​លើ​ភ្នំ​បូកគោ​នេះ ពិត​ជា​​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​នឹង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ទទួលបាន​ការកាត់បន្ថយ​ភាពក្រីក្រ ស្របតាម​កម្មវិធី​នយោ​បាយ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​។​

ជាមួយ​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុមហ៊ុន ជាពិសេស​ក្រុមការងារ​បច្ចេកទេស​សាងសង់ ត្រូវអនុវត្ត​អោយបាន​តាម​លិខិត​បទ​ដ្នា​ន ច្បាប់​និង​បច្ចេកទេស​ស្របតាម​ពេលវេលា​សំដៅ​ធានា​គុណភាព​សំណង់​ឲ្យ​បាន​រឹងមាំ​​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​