ថ្នាក់ដឹកនាំ​ខេត្តកំពត​និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជួប​ជាមួយ​គណៈប្រតិភូ​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព និង​ការលំបាក ការងាយស្រួល​ក្នុងការ​អនុវត្ត​ច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​

កាល​ព្រឹក​ថ្ងៃទី​០៦ ​ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំងអភិបាលរង​ខេត្ត​និង​ថ្នាក់​ដឹក​នាំ​មន្ទីរអង្គភាពពាក់ព័ន្ធ មួយចំនួន​ក្នុង​ខេត្ត ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​គណៈកម្មការ​ទី​៦​នៃ​ព្រឹទ្ធសភា​គឺ​(​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​)​ដឹកនាំ​ដោយ​ឯកឧត្ដម​ អ៊ុក ប៊ុន​ឈឿន ​ប្រធាន​គណៈ​កម្មកា​រ។

​កិច្ច​សំណេះសំណាល​នេះ​គឺ​គោលបំណង​ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​និង​ការលំបាក ការងាយស្រួល​ក្នុងការ​អនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​របស់​រដ្ឋបាលខេត្ត​ក៏​ដូច​មន្ទីរ អង្គភាព ក្នុង​ខេត្ត​ដែល​ស្ថិតក្នុង​រង្វង់​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ទី​៦​នៃ​ព្រឹទ្ធសភា​។ ​ក្នុងឱកាស​នោះឯកឧត្ដម ជាវ តា​យ ​អភិបាលខេត្ត បាន​ជំរាបជូន​គណៈប្រតិភូ​អោយដឹង​អំពី​លទ្ធផល​ នៃ​ការអនុវត្ត​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​មានការ​រីកចម្រើន​គួរអោយ​អោយ​ប្រសើរ​ដែល​ក្នុងនោះ​ពាក់ព័ន្ធ នឹង​ការស្វែងយល់​របស់​គណៈ​ប្រតិភូ​។

ក្នុង​របាយការណ៍ ក៏បាន​អោយដឹង​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ព្រមទាំង​អំពី​សក្ដានុពល​ដែល​អំណោយផល​សម្រាប់​ការអភិវឌ្ឍលើ​វិស័យកសិកម្មឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ របស់​ខេត្តកំពត ធ្វើ​អោយ​​អត្រា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ​ធ្លាក់​មក​នៅត្រឹម​ ១៣​ភាគរយក្នុង​ឆ្នាំ​២០១៨ ​កន្លងទៅនេះ​។ ជាមួយគ្នា​នោះ​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺ​រក្សាបាន​បរិ​យា​កាស​​សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម មាន​ស្ថេរភាព​ល្អប្រសើរ​។ ចំណែក​ការងារ​គ្រប់គ្រង​ដីធ្លី​ក្នុង​ខេត្ត ក៏បាន​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រេចបាន​ចំនួន​៤៦​ឃុំ​សង្កាត់ ​លើ​៩៣​ឃុំ​សង្កាត់​ស្មើនឹង​៣៣២​ភូមិ​ លើ​៤៨៨​ភូមិ​ ដោយ​ប្រមូលបាន ​១១.៦៨៨​ក្បាលដី​ រួម​និង​បិទ​ផ្សាយ​និង​ចែក​ប័ណ្ណ​មួយចំនួនទៀត​ និង​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​យន្ត​គណៈកម្មការ​រដ្ឋបាល​ក្រៅ​ប្រព័ន្ធតុលាការ​សម្រេច​បានជា​លទ្ធផល ដោយ​ទទួល ន​ពាក្យបណ្ដឹង ៥៨៣​ករណី​ ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ ៣៧៤​ករណី​ច្រានចោល ​១៧១​ករណី ដក​ពាក្យបណ្ដឹង​ ៣៣​ករណី បញ្ជូនទៅ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់ជាតិ​០២​ករណី​និង​ការគ្រប់គ្រង​សំណង់​ក៏បាន​ត្រួតពិនិត្យ​សំណុំ​ឯកសារ​និង​ចេញ​លិខិត​អនុ​ញ្ញ​ត​សាងសង់​បាន​ចំនួន​៦៨៩​ច្បាប់​និង​ចេញ​លិខិត​បន្ត​សុពលភាព​ជាងសំណង់​ចំនួន​០៥​ក្រុម​ស្មើ​១០២​ការដ្ឋាន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​។

ឯកឧត្ដម អ៊ុក ប៊ុនធឿន ប្រធានគណៈកម្មការទី៦ ​នៃព្រឹទ្ធសភា បាន​មានប្រសាសន៍គូសបញ្ជាក់ថា​៖​ ក្នុងវិសមកាល​របស់ខ្លួនព្រឹទ្ធសភា ត្រូវបាន​ចុះមក​ប្រា​ស័​យ​ទាក់ទង​នឹង​ម្ចាស់ឆ្នោត​ដោយ​ស្ដាប់​សំណូមពរ ព្រម​ទាំងស្ដាប់ ​និង​ចាត់​វិធានការណ៍​សព្វបែបយ៉ាង​ដែល​ទាក់ទង​នឹងព្រឹទ្ធសភា​។ ដោយហេតុ ផល​យ៉ាង​ដូច្នេះហើយ​ ​ទើប​គណៈប្រតិភូគណៈកម្មការទី៦ ​នៃព្រឹទ្ធសភាបាន​ចុះមក​បំពេញការងារ​ជាប្រចាំ។ ដោយ​ឡែក​នៅពេលនេះ​គឺ​មិនមាន​គោលបំណង​អ្វី​ក្រៅពី​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​ពី​ការលំបាក​និង​ការងាយស្រួល ក៏ដូចជា​លទ្ធផល​នៃ​ការដោះស្រាយ​វិវាទ​ទាំងឡាយ​នៅ​ថ្នាក់​ខេត្ត​យ៉ាងដូចម្ដេច ការ​សម្រប​សម្រួល​នៅ​ថ្នាក់ឃុំ-សង្កាត់ ស្រុក ក្រុង និង​ខេត្តយ៉ាងដូចម្ដេច។

និង​ម្យ៉ាងទៀត​ក៏​ចង់ដឹង​អំពី​ការអនុវត្ត​ច្បាប់​របស់​មន្ទីរ អង្គភាព ក៏ដូចជា​កងកម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ ដែលជា​ជំនាញ​ឯកទេស​ជួយ​ដល់​អភិបាលខេត្ត​ឬ​ក្រុមប្រឹក្សា​ខេត្ត ពាក់ព័ន្ធ នឹង​ការដោះស្រាយ​បញ្ហា ទំនាស់​វិវាទ​រវាង​ប្រជាជន​និង​រដ្ឋ និង​រវាង​ប្រជាជន​និង​ប្រជាជន​នៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​នោះ​ថា​តើ​មានការ​ងាយស្រួល​ឬ​ការលំបាក​យ៉ាងដូចម្ដេច​ដែរ ថា​តើ​ផ្នែក​លើ​ច្បាប់​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ ដើម្បី​អោយ​​បានច្បាស់លាស់​សម្រាប់​អោយយោបល់​ដាក់​ថែម​ក្នុងការ​តាក់តែង​ច្បាប់​ប្រព្រឹត្ត​អោយបាន​ល្អ​។

​ពិសេសចំណុច​សំខាន់​ដែរនោះ​ដែល​គណៈកម្មការទី៦ ​នៃព្រឹទ្ធសភា​ចុះ​បំពេញបេសកកម្ម​ពេលនេះ​ដែរ​គឺៈ
ទី​១-​ដើម្បី​ស្វែងយល់​អំពី​ការអនុវត្ត​ច្បាប់​ចំណុច​ណា​មានការ​លំបាក​និង​ការងាយស្រួល និង​ចំណុច​ណា​មិនអាច​ប្រើ​បានអោយ​ច្បាស់លាស់​ ដើម្បីគណៈកម្មការទី៦​ នៃព្រឹទ្ធសភា ធ្វើជា​គោល​ក្នុង​កិច្ច​ធ្វើ​ការងារ​ច្បាប់​។
ទី​២-​ក្នុង​ការងារ​នីតិកម្ម​គឺ​ចង់ដឹង​នៃ​ការអនុវត្ត ប្រព្រឹត្តទៅតាម​ច្បាប់នីមួយៗចូល​ជា​ធរមាន​ហើយ​នោះ ថា​តើ​មានការ​លំបាក​ស្មុគស្មាញ​យ៉ាងម៉ិច​ដែល​កើតឡើង​នៅក្នុង​ច្បាប់​ហ្នឹង​ពីព្រោះ​ធ្វើ​ផង​ត្រួតពិនិត្យ​ផង ហើយ​​មាន​ច្រើន​ចាប់ពី​អាណត្តិ​ទី​១​ ដល់​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​នេះ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​