រដ្ឋ​បាលខេត្តកំពត​បើក​កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀម​បង្ការ និង​សង្គ្រោះគ្រោះមហន្តរាយ​

ខេត្តកំពតៈ ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​បាន​បើក​កិច្ចប្រជុំ​ការត្រួតពិនិត្យ លើ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម ពិសេស និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្ដម ឡាំ ហេង​ហួត ​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ឯកឧត្ដម ​ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា ប្រធានគណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​។

​ក្នុង​កិច្ចប្រជុំ នេះ​មាន​សមាជិក​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់​ក្នុង​ខេត្ត ក្នុង​គោលបំណង​ផ្ដោត​សំខាន់ លើ​ការងារ​មួយចំនួន ពី​សមិទ្ធផល​ការងារ​អភិវឌ្ឍ​ខេត្ត​ក៏ដូចជា​លទ្ធផល​ការងារ​​បទពិសោធន៍​អន្តរាគមន៍​ដោះស្រាយ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ជួបប្រទះ​គ្រោះមហន្តរាយ​ក្នុង​ខេត្ត​កន្លងមក​។ ជាពិសេស​ពី​បញ្ហា ការងារ​កសាង​នូវ​សមត្ថភាព​-​វិធានការណ៍ បង្កា​និង​ការអន្តរាគមន៍​ឆ្លើយតប​ជួយ​សង្គ្រោះ​​ប្រជាពលរដ្ឋ​និង​ផែនការ​អភិវឌ្ឍ​របស់​ខេត្ត​ក្រុង ស្រុក ឃុំ សង្កាត់ សំដៅ​ធានាបាន​នូវ​និរន្តរភាព​បញ្ចៀស​អោយបាន​ក្នុងពេល​មាន​គ្រោះមហន្តរាយ​កើតឡើង នៅក្នុង​មូលដ្ឋាន​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បានអោយដឹង​ពី​គ្រោះមហន្តរាយ​កើតឡើង​និង​លទ្ធផល​ការងារ​ដែល​អាជ្ញាធរខេត្ត ក្រុង ស្រុក បាន​ជួយសង្គ្រោះ ឆ្លើយតប​ដោះស្រាយបាន​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្ត​នា​រយៈពេល​កន្លងមក​។ លទ្ធផលទាំងនេះ​ដោយ​ផ្ដើមចេញពី​ការយកចិត្តទុកដាក់​និង​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សប្បុរសជន​នានា ព្រមទាំង​មាន​កិច្ចសហការ ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត និង​កាក​បាទ​ក្រហម​កម្ពុជា រួមគ្នា​ចុះជួយ​បាន​ទាន់ពេលវេលា ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ​។​

​មានប្រសាសន៍សំណេះសំ​ណា​ល ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត សហការគ្នា​បាន​យ៉ាង​ល្អ ក្នុងការ​ឆ្លើយតប​ដោះស្រាយបាន​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​កន្លងមក ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។

ក្នុងឱកាស​នោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​ត្រៀម​សម្ភារ​: ត្រៀមកម្លាំង​ជំនាញ និង​ត្រៀម​ធនធាន​បច្ចេកទេស ដើម្បី​ជួយសង្គ្រោះ​អោយបាន​រហ័ស និង​ទាន់ពេលវេលា​ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតមានឡើង​ជាយថាហេតុ បញ្ហាសំខាន់​គឺ​ត្រូវ​ដឹង ពី​ដំណោះស្រាយ​ឲ្យ​បាន​មុន ជាពិសេស​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ធ្វើការ​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​