ពិធី​សំណេះសំណាលជាមួយ​សមាជិក​សមាជិកាសហភាព​សហព័ន្ធយុវជន​កម្ពុជាខេត្តកំពត​

​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​ នា​សាល​មហោស្រព​ខេត្ត​កំពត មាន​ធ្វើ​ពិធី​​សំណេះ​សំណាល​ ជាមួយ​​សមាជិក​​សមាជិកា សហភាព​សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​ខេត្ត ក្រោម​អធិបតីភាព​ចូលរួម ឯកឧត្ដម ​ហ៊ុន ម៉ា​នី ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្ដម អុឹង ម៉េង​ហួរ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្ដម ​ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ លោក​-​លោកស្រី​ជា​ថ្នាក់ដឹកនាំ​ខេត្ត​និង​សមាជិក សមាជិកា ​(​ស​.​ស​.​យ​.​ក​) ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត​និង​ថ្នាក់ក្រុង ស្រុក សរុប​ចំនួន​ប្រមាណ ​៩០០​នាក់​។​


​បន្ទាប់ពី​មាន​របាយការណ៍​របស់​លោក​មឿង គង្គា​ប្រធាន​(​ស​.​ស​.​យ​.​ក​)​ខេត្ត និង​ប្រសាសន៍​ឯកឧត្ដម ជាវ តា​យ អភិបាលខេត្តបាន​ថ្លែងអំណរគុណ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​លះបង់​ទាំង​ស្មារតី សម្ភារៈ ​និង​ថវិកា​របស់​សមាជិក សមាជិកា ​(​ស​.​ស​.​យ​.​ក​) ​ក្នុង​​​បុព្វ​​ហេតុ​​​សង្គម​​​​ដើម្បី​​​រួម​​ចំណែក​​​​ជា​មួយ​​​រាជ​​រដ្ឋា​​ភិបាល​​​លើ​​​វិស័យ​នា​នា​ ឈាន​​ការកាត់​បន្ថយ​​ភាពក្រីក្រ​និង​លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ​​បណ្ដុះ​បណ្ដាល​​រួម​ចំណែក​​កំណែ​ទម្រង់ រដ្ឋ​បាល​​សាធារណៈ​ស្រប​តាម​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​​ដំណាក់​កាល​​ទី​៤ ​របស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ដែល​មាន​​សម្ដេច​​តេ​​ជោ ​ហ៊ុន សែន ​នា​យក​រដ្ឋ​មន្ត្រី​​រួច​មក​​។​

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ា​នី បាន​​លើក​ឡើង​ថា ស​.​ស​.​យ​.​ក មិន​មែន​ជា​​របស់​លោក​​ទេ ប៉ុន្តែ​​វា​​ជា​​របស់​​សមាជិក​​សមាជិកា​រ​​គ្រប់​គ្នា ដែល​​បាន​​ឈ្លាត​​ចំណាយ​​ពេល​វេលា​ពី​​ការ​ងារ​​ដ៏​​មមា​ញឹក​ពី​ក្រុមគ្រួសារ ពី​ការ​សិក្សា​​រៀន​សូត្រ​របស់ខ្លួន មក​ចូលរួម​ក្នុង​បេសកម្ម ដើម្បី​បុព្វហេតុ​ជួយ​ចែករំលែក និង​បម្រើ​ផលប្រយោជន៍​រួម ក្នុង​សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។​


​ឯកឧត្តមបាន​បន្តថា នៅក្នុង​សម័យ​ណា សង្គម​ណាក៏ដោយ​យុវជន មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេសជាតិ បើ​យុវជន​ពេញ​ដោយ ចំណេះជំនាញ សមត្ថភាព​ខ្ពស់ នោះដំណើរការ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ក៏មាន​ភាព​រីក​ចម្រើ​ន​​ជឿន​លឿន​​ដូ​ច្នោះ​​ដែរ ព្រោះ​​ធន​ធាន​មនុស្ស​​ជា​​កត្តា​​សំខាន់​បំផុត​​។ ដូច្នេះ​ហើយ​​បា​ន​ ស​.​ស​.​យ​.​ក សម្រេច​យក​​ការ​ងារ​​បើក​​វគ្គ​​បំពាក់​​បំប៉ន​​សិស្ស​​ប្រ​ឡង​​បាក់​​ឌុប​​ជា​ការ​​ងារ​​សំខាន់​​ទី​១ ដើ​ម្បី​​ឲ្យ​​សិស្ស​​បាន​​សិក្សា​​បន្ថែម​ និង​​ហាត់​ពត់​​ទម្លាប់​​ល្អឆ្ពោះ​ទៅ​រក​​ភាព​ជោគ​ជ័យ​​ជា​ច្រើន​​ទៀត​​ក្រោយ​​ប្រឡង​​ជាប់​​បាក់​​ឌុប​​។

​​ឯកឧត្តម បាន​បន្ត​លើក​បញ្ជាក់ទៀតថា ការងារ​របស់​ស​.​ស​.​យ​.​ក សំខាន់​នឹងមាន​សារៈប្រយោជន៍​ខ្លាំងណាស់ សមាជិក​សមាជិការ​ខិតខំ​ធ្វើ​មិនមែន​ដើម្បី​បង្អួត ឬ​ប្រកួតប្រជែង​នឹង​យុវជន​ខ្មែរ​ដូចគ្នា​ទេ គឺ​ដើម្បី​បង្ហាញ​ពិភពលោក​ទាំងមូល មើលឃើញ នឹង​ទទួលស្គាល់ថា “ ខ្មែរ​ធ្វើបាន​” ហើយ​កម្ពុជា​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ដែរ​។ ការងារ​សំខាន់​មួយទៀតរប​ស់ ស​.​ស​.​យ​.​ក គឺ​ត្រូវ​អនុវត្តតាមគោលការណ៍ (C3) ៖ C1 (Cambodianess )​ប្រជាជន​ខ្មែរ​តែមួយ (​ត្រូវការពារ​ប្រ​លឹ​ង​ជាតិ​, រក្សា​អត្តសញ្ញាណ​ជាតិ​, លើក​ត​ម្កើ​ន​វប្បធម៌​ប្រពៃណី និង​ប្រវត្តិសាស្ត្រ )​។ C2 ( Competency) ៖ ប្រជាជន​ប្រកបដោយ​សមត្ថភាព (​ទទួល​ការអប់រំ​ពេញ​មួយជីវិត​, អភិវឌ្ឍន៍​ទេ​ព្យ​កោ​លស និង​ជំនាញ​ប្រចាំជីវិត​, ពង្រីក​គំនិត​ច្នៃប្រឌិត នវានុវត្តន៍ និង​ការប្រកួតប្រជែង​) និង​C3(Campassionate)៖​ប្រជាជន​ពោរពេញ​ដោយ​ធម៌​(​ប្រកាន់ខ្ជាប់​គុណធម៌​ព្រហ្ម​វិហារធម៌ សណ្តោស​ប្រណី​និង​សាមគ្គីធម៌ កសាង​ឥរិយាបថ​វិជ្ជមាន លើកកម្ពស់​គុណ​តម្លៃ​គ្រួសារ និង​សង្គម​)។​

ទាំងនេះ​ជា​អ្វីដែល​យុវជន ស​.​ស​.​យ​.​ក និង​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​អោយមាន​ប្រសិទ្ធភាព ដើម្បី​ភាពជោគជ័យ​សម្រាប់​ខ្លួនឯង​ផង និង​សម្រាប់​សង្គមជាតិ​ផង​។ ឯកឧត្ដម​ ហ៊ុន ម៉ា​នី ក៏បាន​ផ្ដាំផ្ញើ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​យុវវ័យ​ទាំងអស់​ចូរ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួនឯង និង​ចំណាយពេល​ចូលរួម​ក្នុង សកម្មភាព បម្រើ​ផលប្រយោជន៍​ដល់​សង្គម​។​ពិសេស​ត្រូវមាន​ផ្នត់គំនិត​មួយ​ថា កូន​ខ្មែរ​ម្នាក់​ជោគជ័យ​ក្នុង​ជីវិត​ខ្លួនឯង ស្មើ នឹង​ជោគជ័យ​របស់​សង្គមជាតិ​កម្ពុជា​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​