​អភិបាល​ខេត្តកំពត​ជំរុញ​មន្ត្រី​សាលាខេត្ត​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ប​ម្រើ​ប្រជាពលរដ្ឋ​

​អភិបាលខេត្ត​កំពត​បា​ន​ក្រើនរំឭក​ដល់​មន្ត្រី​សាលាខេត្ត​ទាំងអស់ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្តូរ​ឥរិយាបទ​ពី​អ្នកគ្រប់គ្រង ទៅជា​អ្នកបម្រើ​សេវាសាធារណៈ​ដ៏​ល្អ​បំផុត ដល់​ប្រជាពលរដ្ឋ បើទោះបីជា​ប្រទេស​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

​មានប្រសាសន៍ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត នៅ​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ​ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើងថា បើទោះបី​ឆ្នាំនេះ ការជួបជុំ​សំណេះសំណាល​មន្ត្រីរាជការ​មាន​លក្ខណៈ​មិន​ទូលាយ​ដោយសារ​អនុវត្តតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល

ស្ដីពី​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​កំពុង​ឆ្លង​រាតត្បាត​ជាស​កល​ក្នុង​ពិភពលោក​ក៏ពិតមែន ប៉ុន្តែ​ថ្នាក់ដឹកនាំ​ខេត្ត​មិនអាច​ភ្លេច​ទេ ចំពោះ​សុខទុក្ខ​របស់​មន្ត្រី ពិសេស​ការលើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ជូន​រដ្ឋបាលខេត្ត ។​

​ឯកឧត្តមបាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល ដែល​រដ្ឋបាលខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ​កន្លងទៅ និង​បាន​ផ្ដាំផ្ញើ​ឲ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់ បំពេញភារកិច្ច​ស្នូល​របស់ខ្លួន​បន្ថែមទៀត ដោយ​បង្កើន​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌​។ ពិសេស​កែប្រែឥរិយាបទ​ពី​អ្នកគ្រប់គ្រងទៅជា​អ្នកបម្រើ​សេវាសាធារណៈ ស្របតាម​គោលនយោបាយ​រាជ​រដ្ឋា​ភិបាល ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ព​ល​រដ្ឋ​។​

ឯកឧត្តម​បាន​បញ្ជាក់ថា បើ​ទោះ​ស្ថិតក្នុង​ស្ថានភាព​ដែល​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​ការបង្ការ​ទប់ស្កាត់ នូវ​មេរោគ​ឆ្លង​កូ​វីដ​១៩ក្តី សូម​ឲ្យ​មន្ត្រី​ទាំងអស់ ប្រកាន់​ភ្ជាប់​នូវ​ភារកិច្ច​តួនាទី​របស់​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ ពិសេស​ការផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​។​

​ក្នុង​ពិធី​សំណេះសំណាល់​នោះ ឯកឧត្តម ជាវ តា​យ បាន​ជូន​នូវ​ថវិកា​សរុប​ចំនួន​ ៧៧​លាន​៤​សែន​រៀល សម្រាប់​បែងចែក ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចំនួន ​២៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ ៤០​ម៉ឺន​រៀល​, មន្ត្រីរាជការ​សាលាខេត្ត​ចំនួន ១៣៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៤០​ម៉ឺន​រៀល និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៦៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​២០​ម៉ឺន​រៀល​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​