រដ្ឋបាល​ឃុំ​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​បង្កើន​សកម្មភាព​ប្រយុទ្ធ​នឹង​កូ​វីដ​១៩

​អភិបាលខេត្ត​កំពត​បា​ន​កោតសរសើរ​ដល់ រដ្ឋបាល​ឃុំ​សង្កាត់ និង​ប៉ុ​ស្តី​នគរបាល​រដ្ឋបាល​ទាំង​៩៣​នៅក្នុង​ខេត្ត ដែល​បាន​អនុវត្តតាម​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព បាន​យ៉ាង​ល្អប្រសើរ​នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ក៏​ដូច​ក្នុង​ស្ថាន​ការណ៍​សង្គម​កម្ពុ​ជាប​ច្ចុ​ប្បន្ន ។ ឯកឧត្តមអភិបាលខេត្ត​ក៏បាន​ស្នើ​ឲ្យ​បង្កើន​ការចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​សុខាភិបាល និង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅតាម​មូលដ្ឋាន​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​​ដ៏​កាច​សាហាវ​នេះ​ដល់​ប្រជាពលរដ្ឋ ។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ប័ណ្ណសរសើរ និង​លិខិត​សរសើរ ព្រមទាំង​ថវិកា​រង្វាន់​ជ័យលាភី ជូន​ដល់​រដ្ឋបាល​ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រ​ចាំ​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ ។ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា ក្នុង​ឆ្នាំ​កន្លងទៅនេះ ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មាន​លក្ខណៈ​ល្អប្រសើរ​លើ​គ្រប់ផ្នែក ទាំង​​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ក៏ដូចជា​សន្តិសុខ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ។​

​ជាមួយ​ការអនុវត្ត​ភារកិច្ច​ដ៏​ចាំបាច់​នេះ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចូលរួម​យ៉ាងសកម្ម និង​សស្រាក់សស្រាំ យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយចិត្ត ប្រាជ្ញា​ស្មារតី ចូលរួម​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​​ភាពសុខដុមរមនា ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូលមក​ទស្សនា និង​សម្រាក​កម្សាន្ត​នៅក្នុង​ខេត្តកំពត​។​

​ឯកឧត្តម​បាន​បន្តថា ក្នុង​សា្ថ​ន​ការណ៍​ប្រទេសជាតិ​របស់​យើង​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជំងឺ​កូ​វីដ១៩ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​យុទ្ធនា​ការបង្ការ និង ប្រយុទ្ធប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ តាមរយៈ​យុទ្ធ​នាការ​ផ្សព្វផ្សាយ​សារ​ជា​សម្លេង របស់​ក្រសួងសុខាភិបាល ស្តីពី​វិធានការ​អនាម័យ​សុខភាព ការត្រៀម​បម្រុង​នូវ​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ ការ​ស្រង់​ស្ថិតិ​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេសជិតខាង និង​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​រាល់​បទបញ្ជារ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត​។​

ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​ស្នើ​ឲ្យ​បន្ត​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុង​កិច្ចការងារ ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ ការពារ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងតែ​រីក​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក​។​ ​សូមបញ្ជាក់ថា ក្នុងចំណោម​ឃុំ សង្កាត់​ទាំង​៩៣ ក្នុង​ខេត្តកំពត មាន​ឃុំ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចំនួន​៦៩ ទទួលបាន​ជ័យលាភី​ប្រភេទ​លេខ​១ ឃុំ​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​២៣ ទទួលបាន​ជ័យលាភី​ប្រភេទ​លេខ​២ និង ឃុំ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចំនួន​០១ ទទួលបាន​ជ័យលាភី​ប្រភេទ​លេខ​៣៕
​អត្ថ​ប​ទៈ​លោក សាយ យាវ​